បើតាមការឲ្យដឹងពីស្ថានទូតចិនក្នុងទីក្រុងកាប៊ុលប្រទេសអាហ្វហ្គានីស្ថាន បានគូសបញ្ជាក់ថា ស្ថានទូតបានធ្វើការទាក់ទងជាមួយក្រុមតាលីបង់រួចហើយ ដោយស្ថានទូតចិននឹងមិនជម្លៀសចេញទៅណានោះទេ ប៉ុន្តែភាគីទាំងអស់ ជាពិសេសក្រុមតាលីបង់ត្រូវធានាឲ្យបានពីសុវត្ថិភាពនៃពលរដ្ឋចិន ស្ថាប័នរបស់ចិន និង ជារួមប្រយោជន៍របស់ប្រទសចិន។ ដោយឡែក ស្ថានទូតរុស្សីប្រចាំនៅអាហ្វហ្គានីស្ថាន ក៏បានអះអាងស្រដៀងគ្នានឹងចិនដែរថា ពួកគេគ្មានគម្រោងក្នុងការជម្លៀសពលរដ្ឋ ឬមន្ត្រីស្ថានទូតខ្លួនចេញពីក្រុងកាប៊ុលអាហ្វហ្គានីស្ថាននោះទេ។
ជាការឆ្លើយតប តាមរយៈអ្នកនាំពាក្យក្រុមតាលីបង់បានធានាថា រាល់ស្ថានទូត និង ស្ថាប័ននានារបស់ប្រទេសជាមិត្តក្នុងទីក្រុងកាប៊ុល នឹងមានសុវត្ថិភាព ស្របពេលដែលពួកគេវាយដណ្តើមបាន រដ្ឋធានីរបស់ប្រទេសអាហ្វហ្គានីស្ថានមួយនេះរួចទៅហើយនៅព្រឹកថ្ងៃច័ន្ទទី១៦ សីហា។
គួររំឭកថា សហរដ្ឋអាមេរិកបានចំណាយពេលអស់ ២០ឆ្នាំនៅអាហ្វហ្កានីស្ថាន បូករួមទាំងការហ្វឹកហាត់ផ្នែកយោធា និង ជំនួយសព្វាវុធទំនើបៗដល់វិស័យយោធារបស់អាហ្វហ្កានីស្ថាន។ ថ្វីត្បិតថា កងទ័ពអាហ្វហ្គានីស្ថានទទួលបានការហ្វឹកហាត់បែបនេះក្ដី ក៏នៅតែមិនអាចទប់ទល់ជាមួយក្រុមតាលីបង់បានដែរ ដោយហេតុថា ក្នុងជួររដ្ឋាភិបាលនៅក្នុងប្រទេសមួយនេះ មានអំពើរពុករលួយ លួចលក់អាវុធជំនួយរបស់អាមេរិក និង ការកេងប្រវ័ញ្ចប្រាក់ខែកូនទាហាន ដែលកត្តានេះហើយ បានធ្វើឱ្យយោធាអាហ្វហ្កានីស្ថានមិនមានភាពរឹងមាំក្នុងការតតាំងជាមួយក្រុមតាលីបង់បាន។
ក្រោយការដកកងទ័ពរបស់សហរដ្ឋអាមេរិកពីអាហ្វហ្គានីស្ថាន ពេលនេះសង្គ្រាមរ៉ាំរ៉ៃរវាងក្រុមឧទ្ទាមតាលីបង់ និង រដ្ឋាភិបាលអាហ្វហ្កានីស្ថាន ត្រូវបានក្រុមតាលីបង់ប្រកាសបិទបញ្ចប់ហើយ ក្រោយពួកគេវាយដណ្តើមបានរដ្ឋធានី កាប៊ុល និង ចូលគ្រប់គ្រងវិមានប្រធានាធិបតីកាលពីថ្ងៃច័ន្ទដើមសប្តាហ៍នេះ ខណៈលោកប្រធានាធិបតី លោក អះរ៉ាសហ្វ ហ្គានី (Ashraf Ghani) បានរត់ភៀសខ្លួនចេញពីប្រទេសបាត់ស្រមោល។
ចង់ដឹងទេ ថាតើក្រោយបញ្ចប់សង្គ្រាមនេះ តើក្រុមតាលីបង់នឹងមានផែនការរៀបចំដឹកនាំប្រទេសយ៉ាងដូចម្ដេច?
ក្រុមតាលីបង់បានអះអាងថា ក្រោយកងទ័ពបរទេសចាកចេញពីអាហ្វហ្គានីស្ថានអស់ ពួកគេនឹងរៀបចំប្រទេសនេះឆ្ពោះទៅរកការផ្លាស់ប្តូរតាមបែបបើកចំហ ក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលអ៊ីស្លាម។
យ៉ាងណាមិញ ពួកគេបដិសេធមិនធ្វើការអត្ថាធិប្បាយច្រើនទេជុំវិញបញ្ហានេះ ដោយគ្រាន់តែបាននិយាយថា ការរៀបចំប្រទេសបែបណានោះ គឺយើងនឹងអាចដឹងបានឆាប់ៗខាងមុខនេះបន្ទាប់ពីកងទ័ពបរទេសបានចាកចេញអស់ពីអាហ្វហ្កានីស្ថាន។ ប៉ុន្តែក្រុមតាលីបង់បានសង្កត់ធ្ងន់ថា នឹងមិនធ្វើឱ្យជនស៊ីវិលមានការភិតភ័យនោះទេ ដោយនឹងអនុញ្ញាតឱ្យពួកគេអាចធ្វើសកម្មភាពប្រចាំថ្ងៃបានដូចធម្មតា។
សូមជម្រាបថា សហរដ្ឋអាមេរិក និង ប្រទេសសម្ព័ន្ធមិត្តឯទៀត បាន និងកំពុងជម្លៀសបុគ្គលិក មន្ត្រីស្ថានទូត និង ពលរដ្ឋរបស់ខ្លួនចេញពីអាហ្វហ្គានីស្ថាន តាមរយៈព្រលានយន្តហោះទីក្រុងកាប៊ុល ដោយរដ្ឋបាលលោកចូ បៃឌិន បានអនុញ្ញាតឱ្យបញ្ជូនកងទ័ព សរុប ៦.០០០នាក់ទៅជួយជម្លៀសពលរដ្ឋអាមេរិកឲ្យអស់ក្នុងរយៈពេល ៤៨ ម៉ោង គិតចាប់តាំងពីថ្ងៃអាទិត្យសប្តាហ៍មុនមក។ ជាមួយគ្នានេះដែរ នៅព្រឹកថ្ងៃច័ន្ទម្សិលមិញ មានប្រទេសចំនួន ៦៥ លើកលែងតែចិន និង រុស្សី តាមរយៈអង្គការសហប្រជាជាតិបានចេញសេចក្តីថ្លែងការណ៍រួមមួយ អំពាវនាវឱ្យគ្រប់ភាគីទាំងអស់ រួមទាំងក្រុមតាលីបង់ សូមឲ្យគោរព និងជួយសម្រួលដល់ការចាកចេញប្រកបដោយសុវត្ថិភាព និង សណ្តាប់ធ្នាប់របស់ជនបរទេស និង ជនជាតិអាហ្វហ្គានីស្ថានណា ដែលមានបំណងចង់ចាកចេញពីប្រទេសមួយនេះ៕