ក្រុមហ៊ុនជីបម៉ុង ខនគ្រីត ក្រោយពីប្តូរឈ្មោះ មកជាជីបម៉ុង Industries បានបន្ថែមផលិតផលថ្មីរបស់ខ្លួន ២បន្ថែមទៀតគឺក្បឿង និងទុយោ ដោយរោងចក្របានសាងសង់នៅលើផ្ទៃដីជាង១១ហិកតា ស្ថិតនៅតាមបណ្តោយផ្លូវជាតិ២ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ទោះយ៉ាងណា ក្រុមហ៊ុននេះ មិនបានបញ្ជាក់ពីទំហំទឹកប្រាក់វិនិយោគលើរោងចក្រថ្មីនេះនៅឡើយទេ។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានថ្លែងនៅក្នុងពិធីសម្ពោធរោងចក្រផលិតក្បឿង និងទុយោនេះថា ឯកឧត្តមមានការគាំទ្រដល់ក្រុមហ៊ុនជីប ម៉ុង Industries ដែលក្នុងនាមវិស័យឯកជន បានខិតខំរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្ម សំណង់ ដោយបានបង្កើតរោងចក្រដែលបំពាក់ទៅដោយឧបករណ៍ទំនើបៗ និងបានជួយយ៉ាងច្រើនដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
លោកឧកញ៉ា លាង ឃុន ប្រធានក្រុមអគ្គនាយក ក្រុមហ៊ុនជីប ម៉ុង Industries បានថ្លែងដែរថា ក្រុមហ៊ុន ជីប ម៉ុង មានបទពិសោធន៍ក្នុងវិស័យសំណង់ ជាង៣ទសវត្សរ៍មកហើយ ដែលជាក្រុមហ៊ុនវិនិយោគដោយវិនិយោគិនខ្មែរ ១០០ភាគរយ ហើយបានចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ សំណង់អគារគ្រប់ប្រភេទប្រកបដោយគុណភាព។
លោកបានបន្តថា ការវិនិយោគនៅក្នុងវិស័យនេះ ក៏បានចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ តាមរយៈការបង្កើតការងារ កាត់បន្ថយការចំណាកស្រុក និងលើកកម្ពស់គុណភាពវិជ្ជាជីវៈក្នុងទីផ្សារការងារផ្នែកឧស្សាហកម្ម ដើម្បីប្រកួតប្រជែងលំហូរកម្លាំងពលរដ្ឋពីអន្តរជាតិនិងតំបន់ ។
សព្វថ្ងៃនេះ ក្រុមហ៊ុនជីបម៉ុង Industries មានរោងចក្របេតុងលាយស្រេចចំនួន១១ទីតាំង និងរោងចក្រផលិតក្បឿងដែលទើបតែសម្ពោធ ដោយមានលទ្ធភាពផលិតក្បឿងបាន១៤០សន្លឹកក្នុង១នាទី ខណៈដែលរោងចក្រទុយោមានលទ្ធភាពផលិតទុយោបាន ៥០០តោនក្នុងមួយខែ ហើយឧកញ៉ា លាង ឃុន បានបញ្ជាក់ថា ទាំងគុណភាពនិងតម្លៃ គឺប្រសើរជាងផលិតផលនាំចូលពីបរទេស។
សូមជម្រាបថា ក្រៅពីរោងចក្រធំៗចំនួ៦ ខាងលើនេះ ក្រុមហ៊ុនជីបម៉ុង ក៏មានជំនួញលើការនាំចូលទំនិញមួយចំនួនផងដែរ ដូចជាសម្ភារគ្រឿងសំណង់ និងផលិតចំណីអាហារមួយចំនួនទៀត ព្រមទាំងមានការវិនិយោគដ៏សម្បើមលើវិស័យអចលនទ្រព្យដូចជា លំនៅដ្ឋានបុរីប្រណីត ខុនដូ និងផ្សារទំនើបជាច្រើនទីតាំងផងដែរ។
លើសពីនេះទៀត ក្រុមហ៊ុននេះ ក៏មានការវិនិយោគសណ្ឋាគារលំដាប់ខ្ពស់ និងក្រុមហ៊ុនសាងសង់សំណង់ជាដើម។
តាមការកត់សម្គាល់ ពីសារព័ត៌មានខេមបូណូមីស និងបានចុះផ្សាយនាពេលកន្លងទៅ ក្រុមហ៊ុន ជីប ម៉ុង ក៏ឈរក្នុងលំដាប់កំពូលក្រុមហ៊ុនទាំង១០ ដែលបានក្ដោបក្ដាប់សេដ្ឋកិច្ចរបស់កម្ពុជាផងដែរ។