ជាក់ស្ដែង រោងចក្រផលិតស៊ីម៉ងត៍អូដ្ឋរបស់ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន កំពុងបន្ដពង្រឹង និងពង្រីកខ្សែច្រវាក់ផលិតកម្មរបស់ខ្លួនកាន់តែខ្លាំង និងត្រូវបានគេចាត់ទុកថា ជារោងចក្រធំមួយនៅអាស៊ី ដែលមានការអនុវត្តស្ដង់ដារបច្ចេកវិទ្យាលំដាប់ពិភពលោក។
ថ្លែងនៅក្នុងកម្មវិធីជួបជុំដេប៉ូចែកចាយស៊ីម៉ងត៍អូដ្ឋ Camel Wonder Night កាលពីពេលថ្មីៗនេះ លោកឧកញ៉ា លាង ពៅ ប្រធានក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន បានអះអាងថា បច្ចុប្បន្ន រោងចក្រផលិតស៊ីម៉ងត៍អូដ្ឋរបស់ ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន បានវិនិយោគរាប់រយលានដុល្លារ ដើម្បីនាំយកម៉ាស៊ីន និងឧបករណ៍ប្រើប្រាស់នានា ពីសហគមន៍អឺរ៉ុបសម្រាប់ប្រើប្រាស់នៅក្នុងខ្សែ ច្រវាក់ផលិតកម្ម ព្រមទាំងបាននិងកំពុងផ្ដោតការយកចិត្តទុកដាក់ខ្ពស់ លើការកាត់បន្ថយផលប៉ះពាល់ទៅដល់បរិស្ថាន។ លោកឧកញ៉ា សង្កត់ធ្ងន់ថា រោងចក្រ ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន គឺជារោងចក្រ ស៊ីម៉ងត៍ ដែលមានការបញ្ចេញឧស្ម័នកាបូនិកតិចតួចបំផុត ទៅកាន់បរិយាកាស។
ជាមួយនឹងភាពជឿជាក់លើគុណភាព និងម៉ាកសញ្ញារបស់ក្រុមហ៊ុន ជីប ម៉ុង បានធ្វើឲ្យការលក់ផលិតផលគ្រឿងសំណង់ ដែលផលិតដោយក្រុមហ៊ុនវិនិយោគដោយសហគ្រិនខ្មែរមួយនេះ បាននិងកំពុងមានការប្រើប្រាស់កាន់តែខ្លាំងសម្រាប់ទីផ្សារក្នុងស្រុក ក៏ដូចជាចូលរួមជាផ្នែកមួយជួយកាត់បន្ថយការនាំចូលផលិតផលពីក្រៅប្រទេសផងដែរ។
លោកឧកញ៉ា លាង ពៅ បានគូសបញ្ជាក់ដែរថា ក្រុមហ៊ុន ជីប ម៉ុង គ្រុប ដែលបានចាក់ឫសយ៉ាងជ្រៅនៅក្នុងសេដ្ឋកិច្ចកម្ពុជាមកជាង៤ទសវត្សរ៍មកហើយ ព្រមជាមួយចក្ខុវិស័យដ៏វែងឆ្ងាយ ដើម្បីបន្ដឈរជើងឲ្យបានរាប់រយឆ្នាំ ហើយទាំងអស់នេះ គឺជាទំនុកចិត្តដែល ជីប ម៉ុង មានផ្ដល់ជូនសម្រាប់ដៃគូអាជីវកម្មគ្រប់រូប។
បច្ចុប្បន្ន ក្រុមហ៊ុន ជីប ម៉ុង គ្រុប មានវិនិយោគពហុវិស័យនៅកម្ពុជា ក្នុងនោះចំពោះការផលិតសម្ភារសម្រាប់ប្រើប្រាស់ក្នុងវិស័យសំណង់រួមមាន៖ ស៊ីម៉ងត៍ ក្បឿង ទុយោ បេតុងលាយស្រេច និងថ្មក្រួសជាដើម។ ជាពិសេសក្បឿង និងទុយោ ជីប ម៉ុង ដែលជាផលិតផលមានចែកចាយនៅតាមដេប៉ូលក់សម្ភារសំណង់ទូទាំងប្រទេស សុទ្ធតែផលិតស្របទៅតាមបច្ចេកវិទ្យាពីអ៊ីតាលី ស្តង់ដារអន្តរជាតិ ISO 9001:2015។
តាមរយៈស្ដង់ដារផលិតជាមួយបច្ចេកវិទ្យាខ្ពស់ បានធ្វើឲ្យសម្ភារសំណង់ ជីប ម៉ុង តែងតែ ឈានមុខគេនៅលើទីផ្សារកម្ពុជា៕