ចំណុចពិសេសរបស់ផ្លូវចូលបុរីនេះ គឺជាផ្លូវដែលអនុញ្ញាតឱ្យប្រជាពលរដ្ឋទូទៅជិះទៅមកចេញចូលជាធម្មតាក្នុងបំណងរួមចំណែកបញ្ជៀសការកកស្ទះចរាចរណ៍នៅតាមបណ្តោយផ្លូវមួយចំនួន។
លោក លាង ហេនរី អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង លែន បានលើកឡើងថា ផ្លូវនេះ មិនត្រឹមតែជាប្រយោជន៍សម្រាប់ក្រុមហ៊ុន ជីប ម៉ុង លែន ប៉ុណ្ណោះនោះទេ តែវាបានផ្តល់ប្រយោជន៍ដល់សាធារណៈជនទូទៅដែរ ដោយអាចបញ្ជៀសនូវបញ្ហាកកស្ទះចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរកាត់ វិថីទាំង៣រួមមាន ផ្លូវ២៧១ ផ្លូវ៣៧១ និង ផ្លូវ៦០ម៉ែតថែមទៀតផង។ លោកបញ្ជាក់ថា ក្រុមហ៊ុនពេញចិត្តខ្លាំងណាស់ ដោយបានរួមចំណែកជួយសម្រួលការលំបាករបស់ប្រជាពលរដ្ឋ។
វិញការរួមចំនែករបស់វិស័យឯកជន ក្នុងការស្ថាបនានិងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នេះដែរ លោក ពេជ្រ កែមុនី អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យបានថ្លែងថា ការស្ថាបនាផ្លូវកៅស៊ូបេទីមីន័រ ប្រវែង៧៥៣ម៉ែត្រ និងអនុញ្ញាតឱ្យពលរដ្ឋប្រើប្រាស់ទូទៅនេះជារួមចំនែកមួយដ៏សំខាន់សម្រាប់ការអភិវឌ្ឍក្នុងខណ្ឌមានជ័យនេះ ខណៈដែលសព្វថ្ងៃនេះ ការរីកចំរើននៃសំណង់បុរីលំនៅឋាននៅក្នុងខណ្ឌមួយនេះ មានសន្ទុះកាន់តែលឿនគួរឲ្យកត់សម្គាល់។
ផ្លូវក្នុងគម្រោងរបស់ក្រុមហ៊ុនជីប ម៉ុង លែន ដែលភ្ជាប់ទៅផ្លូវអ្នកឧកញ៉ាហ៊ុននាងនេះ បានបើកឲ្យពលរដ្ឋធ្វើដំណើរតាំងពីដើមខែមីនា ឆ្នាំ២០១៩មកម្ល៉េះ។ ផ្លូវមួយនេះ ជាផ្នែកមួយនៃគម្រោងបុរីលំនៅឋាន ដែលត្រូវបានសាងសង់លើផ្ទៃដី ទំហំ ៤៣ហិកតា ៕