អចលនទ្រព្យ

ជ្រោយ​ចង្វារ​នឹង​ក្លាយ​ជាតំបន់​កូន​នាគ​ដ៏​ទាក់ទាញ​លំដាប់​ទី​៣​នៃ​​រាជ​ធានី​ភ្នំពេញ


ការ​វិនិយោគ​នៅ​ក្នុង​វិស័យ​សំណង់ ត្រូវ​បាន​អ្នក​អភិវឌ្ឍ​សាងសង់ បង្វែរ​ទិស​មក​តាម​តំបន់​ជាយ​ក្រុង​ភ្នំពេញ​វិញ​ម្តង ពិសេស​គឺ​តំបន់​ជ្រោយ​ចង្វារ​ភាគ​ខាង​កើត និង​ឈៀង​ខាង​ជើង​រាជ​ធានី​ភ្នំពេញ ដែល​កំពុង​មាន​កំណើន​គម្រោង​សំណង់​អគារ​ថ្មីៗ​ជា​ច្រើន បន្ទាប់​ពី​រាជ​ធានី​ភ្នំពេញ​កាន់​តែ​ចង្អៀត​ជាមួយ​នឹង​សំណង់​អគារ​ពាណិជ្ជកម្ម​និង​អគារ​លំនៅ​ដ្ឋាន។
រង្វង់​មូល​ជ្រោយចង្វារ​ ត្រើយ​ខាង​កើត។ តំបន់​ជ្រោយ​ចង្វារ ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ គេ​ឃើញ​មាន​សន្ទុះ​នៃ​ការ​អភិវឌ្ឍ​ផ្នែក​សំណង់​និង​អចលនទ្រព្យ​យ៉ាង​ខ្លាំង​ក្លា។ រូបភាព៖ ហ្វេសប៊ុក​ សាលារាជ​ធានី​ភ្នំពេញ
ដោយ

ប្រធាន​សមាគម​អ្នក​វាយ​តម្លៃ​និង​ភ្នាក់ងារ​អចលន​វត្ថុ​កម្ពុជា លោក គឹម ហ៊ាង បាន​ឲ្យ​ដឹង​ថា តំបន់​ជ្រោយ​ចង្វារ​ភាគ​ខាង​កើត​និង​ឈៀង​ខាង​ជើង​រាជ​ធានី​ភ្នំពេញ​បាន​ក្លាយ​ជា​តំបន់​ទាក់​ទាញ​ទី​៣ ដែល​នឹង​មាន​ការ​អភិវឌ្ឍ​លឿន​ជាមួយ​នឹង​ការ​សាងសង់​បុរី​លំនៅ​ដ្ឋាន ខុនដូរ អាផាតមិន និង​សណ្ឋាគារ។

មិន​ខុស​ពី​លោក គីម ហ៊ាង ប៉ុន្មាន​នោះ​ទេ លោក​ឧកញ៉ាចេង ខេង ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​អ្នក​វាយ​តម្លៃ​និង​ភ្នាក់ងារ​អចលន​វត្ថុ​កម្ពុជា និង​ជា​អគ្គនាយក​ក្រុមហ៊ុន​អចលន​ទ្រព្យ ស៊ី ភី អិល បាន​លើក​ឡើង​ដែរ​ថា ជ្រោយ​ចង្វារ​បច្ចុប្បន្ន​មាន​ការ​រីក​ចម្រើន​ប្លែក​ជាមួយ​នឹង​ការ​កើន​ឡើង​នូវ​សំណង់​អគារ​លំនៅដ្ឋាន លក្ខណៈ​បុរី សាលារៀន មន្ទីរ​ពេទ្យ អគារ​ធ្វើ​ពាណិជ្ជកម្ម អគារ​​អាផាតមិន និង​អគារ​ខុន​ដូ​ថ្មីៗ កំពុង​ត្រូវ​បាន​គ្រប់គ្រង​ដោយ​អ្នក​វិនិយោគិន​ជាតិ​និង​អន្តរជាតិ។

ទន្ទឹម​ពេល​ជាមួយ​គ្នា​នេះ​ ក៏​​មាន​គម្រោង​អភិវឌ្ឍន៍​ខុនដូ​ដ៏​ធំ​ដែល​មាន​ឈ្មោះ​ថា The Bay វិនិយោគ​ដោយ​ក្រុមហ៊ុន TEHO Development ដែល​​កំពុង​ប្រតិបត្តិការ​សាងសង់​និង​​លក់​ខុនដូ​ប្រមាណ​ជាង ១​ពាន់ យូនីត ដោយ​ចំណាយ​ទុន​វិនិយោគ​ប្រមាណ ៥០០​លាន​ដុល្លារ​អាមេរិក និង​លើស​ពី​នេះ​ទៀត ក៏​មាន​គម្រោង​អភិវឌ្ឍន៍​បុរី​ប្រមាណ​ជា ១០​គម្រោង​ស្ថិត​នៅ​តំបន់​មួយ​នេះ​ដែរ។

ផែនទី​ខណ្ឌ​ជ្រោយចង្វារ។ (Wikipedia.com)

លោក​ឧកញ៉ា នួន រិទ្ធី អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ KFA បាន​អះអាង​ថា តំបន់​ជ្រោយ​ចង្វារ​សព្វ​ថ្ងៃ កំពុង​តែ​មាន​សកម្មភាព​អភិវឌ្ឍ​សាងសង់​យ៉ាង​ខ្លាំង មិន​ចាញ់​តំបន់​ប៉ែក​ខាង​លិច និង​ ខាង​ជើង​ឈៀង​ខាង​លិច​រាជ​ធានី​ភ្នំពេញ​នោះ​ឡើយ។

លោក​ឧកញ៉ា បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា ៖ «នៅ​ថ្ងៃ​អនាគត​ដ៏​ខ្លី​ខាង​មុខ​នេះ ខ្ញុំ​រំពឹង​យ៉ាង​មុត​មាំ​ថា តំបន់​ជ្រោយ​ចង្វារ​នឹង​ក្លាយ​ទៅ​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ដ៏​សម្បូរ​បែប​និង​សម្បូរ​ទៅ​ដោយ​លំនៅដ្ឋាន​ប្រណីតៗ ដែល​ជា​តំបន់​ទាក់ទាញ​បំផុត​សម្រាប់​ពាណិជ្ជកម្ម​និង​ការ​រស់នៅ»។

ចំណែក​លោក លីម កុកឡុង ប្រធាន​គម្រោង​អភិវឌ្ឍន៍​បុរី ឌឹ ផ្លរ៉ា ស្ថិត​នៅ​តំបន់​ជ្រោយ​ចង្វារ ជិត​ទីក្រុង​រណប​អ្នក​ឧកញ៉ា លី យ៉ុងផាត់ បាន​អះអាង​ថា ភាព​ទាក់​ទាញ​នៃ​តំបន់​ជ្រោយ​ចង្វារ​ប៉ែក​ខាង​ជើង​រាជ​ធានី​ភ្នំពេញ តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៦​នេះ បាន​ជំរុញ​ឲ្យ​យើង​សម្រេច​បោះទុន​ជាង ២០០​លាន​ដុល្លារ សាងសង់​លំនៅ​ដ្ឋាន​សរុប​ជាង ១​ពាន់​ផ្ទះ ដើម្បី​បំពេញ​តម្រូវការ​នៃ​កំណើន​ពលរដ្ឋ​នៅ​ក្នុង​ទីក្រុង ខណៈ​ដែល​តម្លៃ​ផ្ទះ​ក្នុង​ទីក្រុង​កំពុង​តែ​កើន​ឡើង​ថ្លៃ​ខ្ពស់​ហួស​ពី​សមត្ថភាព​របស់​ពួក​គាត់។

របាយការណ៍​វាយ​តម្លៃ​ដីធ្លី​របស់​សមាគ​អ្នក​វាយតម្លៃ​និង​ភ្នាក់ងារ​អចលន​វត្ថុ​កម្ពុជា បង្ហាញថា ដីធ្លី​​ក្នុង​រាជ​ធានី​ភ្នំពេញ​មាន​តម្លៃ​ជា​មធ្យម ពី ១​ពាន់​ដុល្លារ ទៅ ៥​ពាន់​ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ ពោល​គឺ​ខ្ពស់​ជាង​តំបន់​ជ្រោយ​ចង្វារ​ទ្វេ​ដង។

សូម​ជម្រាប​ដែរ​ថា តំបន់​ជ្រោយ​ចង្វារ​មាន​គម្រោង​ទីក្រុង​រណប​ចំនួន​២ បុរី​លំនៅដ្ឋាន​ចំនួន​ជាង ១០​គម្រោង ផ្ទះ​ល្វែង​មាន​ចំនួន​ជិត​១០​គម្រោង ខុនដូ​មាន​ចំនួន​ជិត​១០ ផ្សារ​មាន​ចំនួន​២ និង​សេវា​កម្ម​អាផាតមិន​ចំនួន​ជិត​១០​អគា។ 

ដោយ​ឡែក ដី​ធ្លីនៅ​តំបន់​នេះ​ បច្ចុប្បន្ន នៅ​តាម​ផ្លូវ​ធំ​មាន​តម្លៃ​ចន្លោះ​ពី​១ពាន់​៨០០ដុល្លារ ទៅ ២​ពាន់​ដុល្លារ ក្នុង​មួយ​ម៉ែត្រ​ការ៉េ នៅ​តាម​ផ្លូវ​​តូចៗ​មាន​តម្លៃ​ចន្លោះ​ពី ៦០០ ទៅ ១​ពាន់​៥០០​ដុល្លារ និង​ផ្លូវ​រណប​តូចៗ ជា​មធ្យម គឺ ៣០០ ទៅ ៥០០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ៕

លោក​អ្នក​នឹង​បាន​តាមដាន​អាន​​អត្ថបទ​តំបន់​អភិវឌ្ឍន៍​ខ្លាំងក្លា ទី​១ និង​ទី​២ នៅ​ពេល​ក្រោយ​​ទៀត!

None



អត្ថបទបន្ទាប់


ការ​ទូទាត់​ចំណាយ​តាម​អេឡិចត្រូនិក​ចាប់​ផ្ដើម​កញ្ជ្រោល​ឡើង​​នៅ​​កម្ពុជា

មធ្យោបាយ​ទូទាត់​ចំណាយ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ឬ​ហៅ​ថា E-Payment លើ​ការ​ទិញ​ទំនិញ ឬ​សេវា​កម្ម ដោយ​មិន​ចាំបាច់​ប្រើ​ក្រដាស​ប្រាក់ ឬ​…

ឧកញ៉ា លី ហួរ ប្រើ​យុទ្ធសាស្រ្ត​អ្វី​ខ្លះ​ទើប​ការ​វិនិយោគ​បុរី​លំនៅដ្ឋាន​ជោគ​ជ័យ​ខ្លាំង?

ពាណិជ្ជករ​និង​វិនិយោគិន​ល្បីៗ​នៅ​លើ​ពិភពលោក តែង​តែ​មាន​គោលការណ៍ រូបមន្ត និង​យុទ្ធសាស្រ្ត ដឹកនាំ​អាជីវកម្ម​ខុស​ប្លែក​ពី​គ្នា​រៀងៗ​ខ្លួន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ