ក្រុងហាងចូវ (Hangzhou) ដែលជារដ្ឋធានីនៃខេត្តចឺជាំង (Zhejiang) និងជាកន្លែងបោះទីតាំងការិយាល័យកណ្តាលរបស់ក្រុមហ៊ុនយក្ស Alibaba Group និងក្រុងស៊ីអាន (Xi'an) ដែលជារដ្ឋធានីនៃខេត្តសានស៊ី (Shaanxi) កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន បាននិយាយថា ខ្លួនកំពុងដកចេញការរឹតបន្តឹងមួយចំនួនលើការទិញលំនៅឋាន រួមទាំងការត្រួតពិនិត្យមើលលក្ខណៈសម្បត្តិរបស់អ្នកទិញយ៉ាងតឹងរ៉ឹងផងដែរ។ វិធានការរឹតបន្តឹងទាំងនេះ ត្រូវបានដាក់ចេញដោយរដ្ឋាភិបាលក្រុងប៉េកាំងកាលពីឆ្នាំ២០១០ ដើម្បីទប់ស្កាត់ការទិញទុកលក់យកចំណេញ ដែលមិនមែនជាការទិញសម្រាប់រស់នៅ។
ដោយសារតែទីផ្សារអចលនទ្រព្យបានធ្លាក់ចុះយ៉ាងគំហុក ទីក្រុងទាំងអស់ក្នុងប្រទេសចិន លើកលែងតែទីក្រុងប៉េកាំង បានលុបចោលការរឹតបន្តឹងបែបនេះចាប់តាំងពីឆ្នាំ២០២២ មក។ បណ្ដារដ្ឋបាលមូលដ្ឋាន ក៏បានប្រឹងប្រែងដាក់ចេញនូវវិធានការផ្សេងៗផងដែរ ដើម្បីជំរុញតម្រូវការលំនៅឋានដូចជាការកាត់បន្ថយចំនួនប្រាក់កក់មុន ឬ Down Payment និងការបញ្ចុះអត្រាការប្រាក់លើកម្ចីទិញលំនៅឋានជាដើម។
ទោះជាយ៉ាងណាលោក ទីង ស័ង (Ding Shuang) ប្រធានក្រុមអ្នកជំនាញសេដ្ឋកិច្ចទទួលបន្ទុកវិភាគស្ថានការណ៍ប្រទេសចិន និងអាស៊ីខាងជើង (North Asia) នៅធនាគារអង់គ្លេស Standard Chartered Bank បានលើកឡើងថា មានឱកាសតិចតួចណាស់ដែលតម្រូវការលំនៅឋានក្នុងប្រទេសចិន នឹងកើនឡើង លើកលែងតែនៅក្នុងទីក្រុងធំៗដូចជាក្រុងប៉េកាំង និងទីក្រុងសៀងហៃជាដើម ហើយរដ្ឋាភិបាលចិន បានធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបានរួចមកហើយដើម្បីជំរុញការទិញលំនៅឋាន។
លោកបានគូសបញ្ជាក់ថា កត្តាចម្បងៗដែលរារាំងការទិញលំនៅឋាននាពេលបច្ចុប្បន្ន គឺកត្តាតម្លៃលំនៅឋានដែលកំពុងធ្លាក់ចុះខ្លាំង និងកង្វះការលើកទឹកចិត្តឱ្យទិញលំនៅឋានទុកលក់យកចំណេញ៕
ដោយ: តែម សុខុម