មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មថៃ កាលពីថ្ងៃអាទិត្យបាននិយាយថា រដ្ឋាភិបាលនឹងអនុញ្ញាតឱ្យតម្លៃប្រេងម៉ាស៊ូតកើនឡើងលើសពី ៣០បាត ឬប្រហែល ៣,៦០០រៀល ក្នុងមួយលីត្រ ដែលជំរុញឱ្យមានការព្រួយបារម្ភជាសាធារណៈថា តម្លៃទំនិញប្រើប្រាស់ប្រចាំថ្ងៃនឹងកើនឡើងថែមទៀតផងដែរ ហើយបញ្ហានេះ នឹងធ្វើឲ្យប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋ ពិសេសពលរដ្ឋដែលមានប្រាក់ចំណូលទាបតែម្ដង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន បាងកក ប៉ុស្តិ៍។
លោក ប៊ូននីយ៉ារិទ្ធ កល្យាណណាមីត (Boonyarit Kalayanamit) លេខាធិកាអចិន្ត្រៃយ៍នៃក្រសួងពាណិជ្ជកម្មថៃ បានអះអាងថា ក្រសួងបានវិភាគលើតម្លៃទំនិញលើទីផ្សារ បើទោះជាតម្លៃប្រេងម៉ាស៊ូតឡើងថ្លៃក៏ដោយ នេះមិនមែនមានន័យថា តម្លៃផលិតផលនីមួយៗសុទ្ធតែនឹងត្រូវកើនឡើងថ្លៃទាំងអស់នោះទេ។ លោកបន្តថា នាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុងបានវិភាគលើតម្លៃទំនិញគ្រប់ប្រភេទ ហើយក្រសួងនឹងតាមដានតម្លៃទំនិញយ៉ាងដិតដល់ផងដែរ មិនឲ្យមានការឆ្លៀតឱកាសឡើងថ្លៃតាមអំពើចិត្តនោះឡើយ។
ដោយឡែក លោក សាណាន អាំងគូប៊ុលគុណ (Sanan Angubolkul) ប្រធានសភាពាណិជ្ជកម្មថៃបាននិយាយថា គណៈកម្មាធិការអចិន្ត្រៃយ៍ ពាណិជ្ជកម្ម ឧស្សាហកម្ម និងធនាគារ នឹងជួបប្រជុំគ្នានៅខែក្រោយ ដើម្បីវាយតម្លៃផលប៉ះពាល់នៃជម្លោះរុស្ស៊ី-អ៊ុយក្រែនលើតម្រូវការទំនិញសកល និងការជះឥទ្ធិពលនៃសង្គ្រាមនេះ ទៅលើផលិតកម្ម តម្លៃប្រេង និងការដឹកជញ្ជូន។
លោកបានបញ្ជាក់ថា ប្រសិនបើតម្លៃប្រេងពិភពលោកបន្តកើនឡើង នោះតម្លៃលក់រាយប្រេងម៉ាស៊ូតក្នុងស្រុក អាចឡើងដល់ ៣៥-៣៦បាត ឬប្រហែល ៤,២០០ ទៅ៤,៣០០រៀល នៅក្នុងមួយលីត្រនៅខែក្រោយនេះ ។ លោក សាណាន បាននិយាយថា តម្លៃទំនិញប្រើប្រាស់ច្បាស់ណាស់នឹងកើនឡើង ហើយរាជរដ្ឋាភិបាលត្រូវតែបង្កើតវិធានការដើម្បីដោះស្រាយស្ថានការណ៍នេះ។
សូមបញ្ជាក់ថា បនញទាប់ពីមើលឃើញអំពីសម្ពាធអតិផរណាមានការកើនឡើង ដោយសារតែតម្លៃថាមពេល និងទំនិញនៅទូទាំងពិភពលោកកើនឡើងនោះ ធនាគារកណ្ដាលរបស់ថៃ បានសម្រេចកែប្រែការវាយតម្លៃ គោលដៅអត្រាអតិផរណារបស់ខ្លួនមកដល់ ជិត៥% នៅឆ្នាំ២០២២នេះ កើនឡើងខ្ពស់ជាងអ្វីដែលបានដៅទុកចន្លោះកាលពីមុនដែលថានឹងមានត្រឹមចន្លោះពី ១%ទៅ៣%។
ធនាគារកណ្ដាលថៃ ក៏បានបន្ទាបការព្យាករកំណើនសេដ្ឋកិច្ចរបស់ខ្លួននៅឆ្នាំ២០២២នេះ ពីកំណើន៣,៤% មកនៅត្រឹម៣,២%វិញផងដែរ ខណៈដែលនៅឆ្នាំ២០២៣ បន្ទាបការព្យាករពី ៤,៧% មកនៅត្រឹម៤,៤%៕
អត្ថបទ៖ ម៉ុន សុកែវ