
បរិមាណទូកុងតឺន័រពីតំបន់អាស៊ី ទៅកាន់សហរដ្ឋអាម៉េរិក បានកើនឡើងខ្ពស់នៅពីរខែដំបូង ឆ្នាំ២០២៥ នេះ ដោយកំពង់ផែទីក្រុងឡូសអេនជឺឡេស បានអះអាងថា នេះជាការចាប់ផ្តើមដ៏មមាញឹកបំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រក្នុងរយៈពេល១១៧ឆ្នាំមកនេះ។ ទិន្នន័យថ្មីបានបង្ហាញនៅសប្តាហ៍នេះថា កំពង់ផែអាម៉េរិក ដែលគ្រប់គ្រងដោយក្រុមហ៊ុនសហព័ន្ធលក់រាយជាតិបានទទួលកុងតឺន័រ៤,៣លានទូក្នុងរយៈពេលពីរខែដំបូងឆ្នាំនេះ មានការកើនឡើងប្រមាណ៤០ម៉ឺនទូ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤ ដែលមានចំនួន៣,៩លានទូប៉ុណ្ណោះ។
តាមធម្មតា ខែកុម្ភៈ ជាខែមួយដែលមិនសូវមានសកម្មភាពដឹកជញ្ជូនទំនិញពីប្រទេសចិន ទៅកាន់អាម៉េរិក ច្រើននោះទេ ដោយសារវាជារដូវកាលឈប់សម្រាកសម្រាប់បុណ្យចូលឆ្នាំចិន ប៉ុន្តែវាបែរជាក្លាយជាខែដ៏មមាញឹកបំផុតទៅវិញនៅឆ្នាំនេះ ដែលមិនធ្លាប់មានទេ ក្នុងរយៈពេលបីឆ្នាំមកនេះ។ លោក ចូណាថាន ហ្គោល (Jonathan Gold) អនុប្រធានក្រុមហ៊ុន NRF បាននិយាយកាលពីថ្ងៃអង្គារថា អ្នកលក់រាយនៅសហរដ្ឋអាម៉េរិក កំពុងបន្តនាំចូលទំនិញជាច្រើនទៅក្នុងប្រទេសនេះ ឱ្យបានច្រើនតាមដែលអាចធ្វើទៅបាននៅមុនពេលមានការដំឡើងពន្ធដ៏មានសក្ដានុពល៕
អត្ថបទ៖ សុខ មង្គល