ការសាងសង់ផ្លូវជាតិលេខ២ និងលេខ ២២

ក្រសួងសាធារណៈការ និង ដឹកជញ្ជូន ចុះត្រួតពិនិត្យលើក្រុមហ៊ុនសាងសង់ផ្លូវជាតិលេខ២ និងលេខ ២២ ក្រោយស្នើពន្យារពេលសាងសង់ ដែលធ្វើឲ្យយឺតយ៉ាវ


ថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូនសង្កេតឃើញថា ការស្ថាបនាផ្លូវជាតិលេខ២ និងលេខ២២ ពីសំណាក់ក្រុមហ៊ុនកូរ៉េខាងត្បូង Hasan Engineering & Constructions នៅតែមានភាពយឺតយ៉ាវ ដែលធ្វើឲ្យមានការរិះគន់ពីសំណាក់ប្រជាពលរដ្ឋ និងអ្នកដំណើរ។ ថ្មីៗនេះ ក្រុមហ៊ុនសាងសង់ផ្លូវនេះ ក៏បានបន្តស្នើសុំពន្យារពេលសាងសង់៤ខែបន្ថែមទៀតដែរ ប៉ុន្តែ ក្រសួងសាធារណៈការមិនទាន់ឯកភាពនោះទេ ហើយកំពុងចាត់ឲ្យមន្ត្រីជំនាញចុះសិក្សាត្រួតពិនិត្យបន្ថែមលើបញ្ហានេះ។
ការដ្ឋានសាងសង់ផ្លូវជាតិលេខ២​​​​ រូបភាព៖ ក្រសួងសាធារណការ និង ដឹកជញ្ជូន

តាមគម្រោងផ្លូវជាតិដែលមានប្រវែងសរុបជាង៧២គីឡូម៉ែត្រនេះ គ្រោងបញ្ចប់នៅអំឡុងខែមេសា ឆ្នាំ២០២២ ក្រោយបើកការដ្ឋានសាងសង់កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២០ ប៉ុន្ដែ កន្លងមកក្រុមហ៊ុនសាងសង់ផ្លូវនេះ មានការរអាក់រអួលលើការងារសាងសង់មែនទែន ហើយរដ្ឋមន្ត្រីក្រសួងសាធារណៈការ ឯកឧត្តម ស៊ុន ចាន់ថុល ក៏ធ្លាប់ព្រមានពីការសាងសង់យឺតយ៉ាវរបស់ក្រុមហ៊ុននេះផងដែរ។

នា​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ប្រចាំឆ្នាំ​២០២១ និង​លើក​ទិស​ដៅ​អនុវត្ត​សម្រាប់​ឆ្នាំ​២០២២ នា​ថ្ងៃ​ទី​៩ ខែកុម្ភៈ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណ និង​ដឹក​ជញ្ជូន​បាន​គូសបញ្ជាក់​ថា ក្រុមហ៊ុន​កូរ៉េ​ខាងត្បូង Hasan Engineering & Constructions បាន​ស្នើ​សុំ​ពន្យារពេល​៤​ខែ​បន្ថែម​ទៀត ក្នុង​ការ​ស្ថាបនា​ផ្លូវជាតិ​លេខ​២ និង​លេខ​២២​។ ប៉ុន្តែ​ឯកឧត្តម​អះអាង​ថា ក្រសួង​មិន​ទាន់​ឯកភាព​លើ​សំណើ​នេះ​នៅឡើយ​ទេ និង​កំពុង​ចាត់​ឲ្យ​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ពី​បច្ចេកទេស និង​មូលហេតុ​លម្អិត​នៃ​ការ​សុំ​ពន្យារពេល​នេះ​។ 

ជាមួយ​គ្នា​នេះ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី ក៏​បាន​លើក​ឡើង​ពី​ភាពយឺត​យ៉ាវ​ក្នុង​ការ​សាងសង់​ផ្លូវជាតិ​លេខ​២ និង​លេខ​២២ ពី​សំណាក់​ក្រុមហ៊ុន​នេះ ដែល​កំពុង​ធ្វើ​ឲ្យ​មានការ​បង្ហោះ​ការ​រិះគន់​តាម​បណ្តាញ​សង្គម​។ ឯកឧត្តម​បាន​គូសបញ្ជាក់​ថា កត្តា​ដែល​ធ្វើ​ឲ្យ​ការ​សាងសង់​មាន​ភាព​យឺតយ៉ាវ​នេះ​គឺ​ដោយសារ​ក្រុមហ៊ុន​មិន​បាន​ដាក់​គ្រឿងចក្រ និង​សម្ភារៈ​ក្នុង​ការ​សាងសង់​ផ្លូវជាតិ​ទាំង​ពីរ​នេះ​ទេ​។ 

ជុំវិញ​ការ​ស្ថាបនា​ផ្លូវជាតិ​លេខ​២ និង​លេខ​២២​នេះ ឯកឧត្តម ហេង រដ្ឋ​ពិសិដ្ឋ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សាធារណការ នៃ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​ធ្លាប់​បាន​បញ្ជាក់​ប្រាប់​ខេ​ម​បូ​ណូ​មី​ស​ថា ការ​ស្ថាបនា​ផ្លូវជាតិ​ទាំង​ពីរ​អាច​មាន​ភាព​យឺតយ៉ាវ​ជាង​ផែនការ​២០%​។ ឯកឧត្តម​បាន​គូសបញ្ជាក់​ថា ភាពយឺត​យ៉ាវ​នេះ គឺ​ដោយសារ​ក្រុមហ៊ុន​សាងសង់​ខ្វះ​គ្រឿងចក្រ គួប​ផ្សំ​មាន​បញ្ហា​អាកាសធាតុ និង​ការ​ដោះស្រាយ​សំណង​ជូន​ប្រជាពលរដ្ឋ​មាន​ភាព​យឺតយ៉ាវ​ជាដើម​។

ផ្អែក​លើ​ការ​ស្នើ​សុំ​ពន្យារពេល​ខាងលើ ការ​បញ្ចប់​ការ​ស្ថាបនា​ផ្លូវជាតិ​លេខ​២ និង​លេខ​២២ នឹង​ត្រូវ​អូស​បន្លាយ​រហូត​ដល់​ខែសីហា ខណៈ​តាម​គម្រោង​គ្រោង​បញ្ចប់​នៅ​ត្រឹម​ខែមេសា ឆ្នាំ​២០២២ នេះ​។ ផ្លូវជាតិ​ទាំង​ពីរ​ខ្សែ​នេះ​បាន​បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃ​ទី​១១ ខែកុម្ភៈ ឆ្នាំ​២០២០ ក្រោម​វត្តមាន​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​។

ផ្លូវជាតិ​លេខ​២ និង​២២ មាន​ប្រវែង​សរុប​ជាង ៧២ គីឡូម៉ែត្រ ដោយ​គ្រោង​ចំណាយ​ថវិកា​សាងសង់​ប្រមាណ​ជាង ៥៦​លាន​ដុល្លារ​អា​មេ​រិ​ក ក្រោម​ហិរញ្ញប្បទាន​ពី​ប្រទេស​កូរ៉េ​ខាងត្បូង និង​ថវិកាបដិភាគ​របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​គ្រោង​ចំណាយពេល​សាងសង់​ចំនួន​៣០​ខែ​៕

None



អត្ថបទបន្ទាប់


អ្នកជំនាញសេដ្ឋកិច្ចព្រមានថា សេដ្ឋកិច្ចកម្ពុជាអាចមានកំណើនក្រោម៥% នៅឆ្នាំ២០២២ បើករណីឆ្លងអូមីក្រុងនៅបន្ដកើនឡើង

បន្ទាប់ពីបានស្ងប់ស្ងាត់ករណីឆ្លងរាលដាលខ្លាំងបានមួយរយៈមក យើងសង្កេតឃើញថា នៅប៉ុន្មានថ្ងៃចុងក្រោយនេះ ករណីឆ្លងកូវីដ១៩ ពិសេសមេរោគបំប្លែងថ្មីអូម…

ត្រឹមតែ ១ខែ CDC អនុម័តគម្រោងមានទុនវិនិយោគជាង២ពាន់លានដុល្លារ កើនឡើងយ៉ាងគំហុក

ទោះបីកម្ពុជាកំពុងស្ថិតក្នុងវិបត្តិកូវីដ-១៩ យ៉ាងណាក៏ដោយតែយើងសង្កេតឃើញថា ចរន្តវិនិយោគលើគម្រោងថ្មីៗនៅកម្ពុជាមានសន្ទុះកើនឡើងគួរឲ្យកត់សម្គាល់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ