«ប្រទេសទាំងពីរ គឺចិន និងអាមេរិក នឹងបង្កើនកិច្ចសហប្រតិបត្តិការនឹងគ្នា ហើយនឹងកាត់បន្ថយការប្រឈមមុខដាក់គ្នាផងដែរ» នេះជាអ្វីដែលប្រធានាធិបតីចិន លោកស៊ី ជីនពីង បាននិយាយនៅក្នុងលិខិតមួយច្បាប់ផ្ញើទៅកាន់ គណៈកម្មាធិការជាតិចិនស្តីពីទំនាក់ទំនងចិន-អាមេរិក ដែលមានទីតាំងប្រចាំនៅក្រុងញូយក សហរដ្ឋអាមេរិក កាលពីថ្ងៃសៅរ៍កន្លងទៅនេះ។
ក្នុងលិខិតដដែលនោះ លោក ស៊ី ជីនពីងបាននិយាយច្បាស់ៗថា៖ កិច្ចសហការគ្នា គឺជាជម្រើសដ៏ត្រឹមត្រូវ និងជាជម្រើសតែមួយគត់។
លិខិតដ៏កម្រមួយនេះ បានគូសបញ្ជាក់ឡើងវិញ ពីតម្រូវការសម្រាប់ការគោរព និងឲ្យតម្លៃគ្នាទៅវិញទៅមក ការរួមរស់ជាមួយគ្នាដោយសន្តិវិធី និងកិច្ចសហប្រតិបត្តិការ ឈ្នះ-ឈ្នះ ក្នុងពេលដែលទំនាក់ទំនងចិន-អាមេរិកបច្ចុប្បន្ននេះ កំពុងស្ថិតក្នុងចំណុចប្រសព្វនៃប្រវត្តិសាស្ត្រដ៏សំខាន់។
សម្រាប់ភាគីចិន គឺបានត្រៀមខ្លួនរួចជាស្រេចហើយ ដើម្បីធ្វើការជាមួយអាមេរិក ក្នុងន័យពង្រឹង ដោះដូរ និងសហការគ្នា លើគ្រប់វិស័យ។
អ្វីដែលបានរៀបរាប់ខាងលើ និងទាំងអ្វីដែលលោកស៊ី ជីនពីង បានសរសេរនៅក្នុងលិខិត បានផ្តល់ក្តីសង្ឃឹមថ្មីមួយដល់ការផ្សះផ្សារទំនាក់ទំនងរវាងមហាអំណាចទាំងពីរ ដែលបានល្អក់កករអស់ពេលជាយូរខែឆ្នាំមកហើយនោះ ឲ្យវិលមករកសភាពធម្មតាវិញ ឬអាចបន្ធូរបន្ថយភាពតានតឹងឲ្យបានគ្រាន់បើជាងនេះ។
យ៉ាងណាក៏ដោយចុះ នៅមុនជំនួបកំពូលមេដឹកនាំទាំងពីមកដល់ ប្រមុខការទូតរវាងប្រទេសទាំងពីរ ក៏បានព្រមានដាក់គ្នាទៅវិញទៅមកផងដែរ ទាក់ទងនឹងរឿងជម្លោះកោះតៃវ៉ាន់ ដោយអាមេរិកប្រាប់ចិនថា កុំឲ្យដាក់សម្ពាធទៅលើកោះតៃវ៉ាន់បន្ដទៅទៀត ខណៈដែលចិនវិញក៏ព្រមានចំៗប្រាប់ទៅអាមេរិកដែរ គឺឲ្យអាមេរិកប្រយ័ត្នពាក្យសម្ដីរបស់ខ្លួនជៀសវាងការបញ្ជូនសារខុសទៅកាន់ក្រុមអ្នកគាំទ្រឲ្យមានឯករាជ្យភាពរបស់កោះតៃវ៉ាន់។
សូមជម្រាបថា មុនមានការជួបពិភាក្សាគ្នាម្តងទៀតតាមរយៈប្រព័ន្ធអនឡាញ នៅថ្ងៃអង្គារសប្តាហ៍នេះ ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរគឺ លោកស៊ី ជីនពីង និងលោក ចូ បៃឌិន ធ្លាប់បាននិយាយគ្នាតាមទូរសព្ទម្តងរួចហើយ កាលពីខែកញ្ញាឆ្នាំនេះ។ កាលនោះ អ្នកទាំងពីរចំណាយពេលជាង ៩០នាទី ដើម្បីជជែកគ្នាលើបញ្ហាជាច្រើន។ ប៉ុន្តែមានរឿងជាច្រើនបានកើតឡើងក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ដែលជំរុញឱ្យមានភាពតានតឹងកាន់តែខ្លាំង៕