ថ្លែងនៅក្នុងកម្មវិធី Roadshow ស្តីពី “ការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី នាពេលថ្មីៗនេះ ឯកឧត្តម ស៊ូ សុជាតិ អគ្គនាយកគណៈកម្មការមូលបត្រកម្ពុជា បានលើកឡើងថា សម្រាប់ឆ្នាំ២០១៩ ផ្សារមូលបត្រកម្ពុជាមានសន្ទុះនៃការជួញដូរច្រើន ហើយមកដល់ឆ្នាំ២០២០នេះ សន្ទុះនៅតែមាន ប៉ុន្ដែវាហាក់ថមថយខ្លះ ខណៈដែលតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនមួយចំនួន ក៏មានការថមថយដែរ។ ប៉ុន្ដែ លោកថា ការថយចុះនេះ វាគឺជាកត្តាចិត្តសាស្ត្ររបស់អ្នកវិនិយោគ ស្របទៅតាមនិន្នាការសកលលោក ហើយគណៈកម្មការមូលបត្រកម្ពុជា មើលឃើញថា វាជារឿងវិជ្ជមានទៅវិញទេ សម្រាប់ផ្សារហ៊ុនកម្ពុជា ដែលមានវិនិយោគិនយល់ដឹងកាន់តែច្រើនឡើង ពីនិន្នាការវិនិយោគសកលបែបនេះ។
ឯកឧត្តមមានប្រសាសន៍ថា «គ្រប់គ្នាដឹងហើយថា ភាពប្រឈមនោះជាអ្វី គ្រប់គ្នាបានតាមដាន! អ្វីដែលពួកយើងខ្ញុំសប្បាយចិត្តថ្វីត្បិតតែ ការជួញដូរមានការថមថយខ្លះដោយសារភាពប្រឈម តម្លៃភាគហ៊ុនមានការថយចុះមួយចំនួន ដោយសារតែមានភាពប្រឈម ប៉ុន្តែខ្ញុំសប្បាយចិត្តទៅវិញ បើសិនជាក្នុងដំណាក់កាលនេះ តម្លៃភាគហ៊ុនឡើង អាហ្នឹងបានខ្ញុំពិបាកចិត្ត ហេតុអី ព្រោះយើងអត់ទៅតាមព្រឹត្តការណ៍សកល វាអាស្រ័យទៅលើប្រជាជនយើង អញ្ចឹងប្រជាជនយើងអត់ពិនិត្យមើល ដូចថាចិត្តរបស់យើងខុសពីគេ អញ្ចឹងធ្វើឲ្យទីផ្សារយើងអត់ដើរតាមទីផ្សារក្នុងតំបន់ ឬទីផ្សារក្នុងសកលលោក អញ្ចឹងយើងមានបញ្ហាវិញទេ»។
បើតាមឯកឧត្តម ស៊ូ សុជាតិ ក្នុងកាលៈទេសៈ ភាគហ៊ុនមានតម្លៃថយចុះនេះ វាក៏អាចជាឱកាសមួយសម្រាប់វិនិយោគិន ប្រមូលទិញទុក ហើយពេលណាបញ្ហានេះ រំលងផុតទៅ គណៈកម្មការមូលបត្រកម្ពុជារំពឹងថា នឹងទទួលបានសក្ដានុពលកាន់តែធំ ក៏ដូចជាទទួលបានវិនិយោគិនដែលនៅជាប់ជាមួយទីផ្សារ ហើយក៏ជាវិនិយោគិន ដែលអាចទាក់ទាញវិនិយោគិនពីក្រៅផ្សេងទៀត ឲ្យចូលមកក្នុងផ្សារមូលបត្រកម្ពុជាកាន់តែច្រើនផងដែរ។
ជុំវិញកត្តាប្រឈមជាមួយនឹងបញ្ហាវីរុស Covid-19 នេះដែរ ត្រូវបានលោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា បញ្ជាក់ថា ការប្រែប្រួលលើផ្សារហ៊ុននេះ មិនមែនមកពីការ អនុវត្តការងាររបស់ក្រុមហ៊ុននោះទេ តែជាបញ្ហាចិត្តសាស្ត្ររបស់អ្នកទិញលក់ហ៊ុននោះទៅវិញទេ។
លោកបណ្ឌិតថា« ការដែលយើងរៀបចំឲ្យមានដំណាក់កាលបង្ហាញលំអិត និងត្រៀមដើម្បីធ្វើ Book building ដំណាក់ឥឡូវនេះ ហើយនិងដំណាក់កាលបន្ទាប់ ហើយនឹង IPO នៅក្នុងខែ៤ ហេតុអីយើងដាក់ចំនៅពេលណុង ? យើងដាក់មកហ្នឹងគឺមិនគិតថាមានជំងឺឆ្លងនៅក្នុងពេលហ្នឹងទេ ប៉ុន្តែរាល់អាជីវកម្ម យើងគិតថា បើហានិភ័យកើតឡើង ថាតើការលូតលាស់របស់យើងផ្តោតទៅលើអី!។»
លោកបណ្ឌិត អ៊ិន ចាន់នី បានបន្ថែមថា« ខ្ញុំនិយាយពីហេដ្ឋារចនាសម្ព័ន្ធរបស់ធនាគារវិញ បើទៅជួបអតិថិជនដោយផ្ទាល់ អតិថិជនគាត់អាច Concern (ព្រួយបារម្ភ) ថា ពេលមានជំងឺអាចឆ្លង អញ្ចឹងឲ្យអតិថិជនមានមធ្យោបាយប្រើសម្រាប់ទូទាត់ទំនិញ សម្រាប់ដាក់ពាក្យសុំខ្ចីប្រាក់ សម្រាប់បង្វែរមូលនិធិរបស់គាត់សល់ពីការប្រើប្រាស់ អោយទៅជាគណនីមានកាលកំណត់ឬសន្សំអី គឺប្រើមធ្យោបាយហ្នឹង នោះឯងគឺជាត្រៀមបម្រុងទុកមុន នេះជាចំណុចសំខាន់ទីមួយ។ ទីពីរយើងមើលហេដ្ឋារចនាសម្ព័ន្ធរបស់យើង ដែលយើងចាប់ផ្តើមរៀបចំថ្មីហ្នឹងមិនមានសាខា ដែលមានបុគ្គលិកបម្រើច្រើនទេ រៀបចំការិយាល័យមួយដែយើងហៅថា Self service center(មជ្ឈមណ្ឌលប្រើប្រាស់សេវាកម្មដោយខ្លួនឯង) អថិជនមកប្រើពេលណាក៏បានដែរ ដោយមិនចាំបាច់ជួបបុគ្គលិកយើងទេ នោះឯងដើម្បីជំនះនូវការព្រួយបារម្ភ»។
លោក សែម វិសាល ដែលបានធ្វើដំណើរមកតាំងពីខេត្តកំពង់ស្ពឺ ចូលរួមកម្មវិធី រ៉ូដសូ របស់ធនាគារអេស៊ីលីដា បានអះអាងថា តាមរយៈព័ត៌មានដែលលោកទទួលបានពីគេហទំព័ររបស់ធនាគារអេស៊ីលីដា បានជំរុញឲ្យលោកសម្រេចចិត្តត្រូវតែមកចូលរួមក្នុងកម្មវិធីដ៏មានសារៈសំខាន់មួយនេះ។ ក្នុងនាមជាអ្នកគ្រប់គ្រងផ្នែកលក់នៃក្រុមហ៊ុនឯកជនមួយ លោកបានអះអាងថា « ខ្ញុំមិនខ្វល់ពីប្រឈមអ្វីទេ ព្រោះខ្ញុំជឿទុកចិត្តលើធនាគារអេស៊ីលីដា ហើយចង់ក្លាយជា Shareholder (ភាគហ៊ុនិក) មួយនៃ ធនាគារនេះ អញ្ជឹងខ្ញុំនឹងទិញវា»។
នេះគឺជាលើកដំបូងហើយធនាគារអេស៊ីលីដា បានរៀបចំកម្មវិធីបង្ហាញព័ត៌មានលំអិត(Roadshow) ដល់សាធារណជនប្រមាណជា៥០០នាក់ បន្ទាប់ពីមានសិក្ខាសាលាជាច្រើនលើករួចមកហើយស្តីពីការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិរបស់ខ្លួន។
សូមបញ្ជាក់ថា នៅដើមឆ្នាំ ២០២០នេះ គណៈកម្មការមូលបត្រកម្ពុជា បានសម្រេចអនុម័តជាគោលការណ៍លើសំណើរសុំបោះផ្សាយលក់មូលបត្រ ទៅឲ្យស្ថាប័នហិរញ្ញវត្ថុ និងក្រុមហ៊ុន ចំនួន ៤ ដែលក្នុងនោះ ការបោះផ្សាយលក់មូលបត្រជា ប្រភេទមូលបត្រកម្មសិទ្ធិ ឬហៅថាភាគហ៊ុន មានចំនួន១ ស្ថាប័ន គឺធនាគារអេស៊ីលីដា និងការបោះផ្សាយលក់មូលបត្រជាប្រភេទសញ្ញាបណ្ណ ឬហៅថាមូលបត្របំណុល មានចំនួន ៣ស្ថាប័ន។
មកទល់ពេលនេះ ធនាគារអេស៊ីលីដា បាននិងកំពុងដំណើរការ ប៊ុកបៀលឌីង សម្រាប់ការលក់មូលបត្ររបស់ខ្លួន ដោយការកំណត់ថ្លៃនេះ មានចន្លោះពី ១៥ ០០០ រៀល ទៅ ១៧ ៤០០ រៀល និងត្រៀមឈានដល់ដំណាក់កាលបរិវិសកម្ម (Subscription) ដែលជាដំណាក់កាលបន្ទាប់នៅពេលឆាប់ៗខាងមុខ ហើយអាចឈានទៅបោះផ្សាយលក់មូលបត្រផ្លូវការនៅក្នុងផ្សារមូលបត្រកម្ពុជា នៅចុងខែមេសាខាងមុខនេះ។
បើតាមការគូសបញ្ជាក់របស់ធនាគារអេស៊ីលីដា ការបោះផ្សាយលក់ភាគហ៊ុនថ្មីរបស់ធនាគារនេះ មានចំនួនភាគហ៊ុន ជាង ៨,៧ លានហ៊ុន និងភាគហ៊ុនដែលមានស្រាប់ចំនួន ជាង ១៣លានហ៊ុន ពោលគឺ សរុបទាំងភាគហ៊ុនបោះផ្សាយថ្មី និងភាគហ៊ុនមានស្រាប់ ការបោះផ្សាយលក់នេះ មានរហូតដល់ ជាង ២១ លានហ៊ុន ស្មើនឹង ៥% នៃភាគហ៊ុនសរុបរបស់ធនាគារនេះ។ ធនាគារ អេស៊ីលីដា ក៏ជាធនាគារ ពាណិជ្ជ ទី១ ដែលទទួលបានបានការអនុញ្ញាតបោះផ្សាយលក់ភាគហ៊ុន នៅក្នុងផ្សារមូលបត្រកម្ពុជាផងដែរ។
បើតាមលោកបណ្ឌិត អ៊ិន ចាន់នី ការបោះផ្សាយមូលបត្រកម្មសិទ្ធិ ជាង ៨,៧ លានហ៊ុន គ្រាន់តែជាចំណែកតូចមួយប៉ុណ្ណោះ ដោយលោកបានបញ្ជាក់ថា វិនិយោគិនសាធារណៈអាចមានពេលវេលាគ្រប់គ្រាន់ដើម្បីគិតគូរថា គួរវិនិយោគឬអត់៕