សេចក្ដីប្រកាសព័ត៌មានរដ្ឋបាលខេត្តកែប ឲ្យដឹងថា គិតត្រឹមម៉ោងជិត ៩កន្លះ យប់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២០នេះ កម្មករប្រុស ០១នាក់ និងស្រី ០៣នាក់ បានស្លាប់ដោយការបាក់អគារនេះ បន្ទាប់ពីក្រុមសង្រ្គោះបានទាញកម្មករចេញពីគំនរថ្មនោះ។
អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមឃឿន បាននិយាយតាមទូរស័ព្ទនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២០នេះថា មុនពេលអគារបាក់ កម្មករមានប្រមាណជា ៣០នាក់ នៅក្នុងអគារនោះ។
គ្រោះថ្នាក់ពីការបាក់អគារ ៧ជាន់លើកនេះ កើតឡើង បន្ទាប់ពីមានការបាក់អគារ ៧ជាន់ដែរ កាលពីឆ្នាំមុន នៅខេត្តព្រះសីហនុ ដែលបានសម្លាប់មនុស្សចំនួន ២៨នាក់។
លោក ឆាយ គឹមឃឿន បាននិយាយថា អាជ្ញាធរមិនទាន់ដឹងពីមូលហេតុនៃការបាក់អគារនេះនៅឡើយទេ ហើយក៏មិនទាន់បានដឹងថា អគារនេះជារបស់ជនជាតិអ្វី ឬក៏គេកសាងដើម្បីអ្វីដែរ។
លោក ឆាយ គឹមឃឿន បាននិយាយដូច្នេះថា “យើងមិនទាន់ដឹងពីមូលហេតុនៃការបាក់នេះទេ ទាល់តែធ្វើអធិការកិច្ចសិន ហើយអ្វីដែលយើងធ្វើពេលនេះ គឺជួយសង្រ្គោះមនុស្ស”៕