ទំហំទឹកប្រាក់រហូតដល់ទៅជាង៤,៥ពាន់លានដុល្លារ ត្រូវបានរតនាគារបស់ប្រទេសវៀតណាម ដកចេញពីធនាគារធំៗ៣ ដើម្បីយកទៅគាំទ្រដល់ការវិនិយោគលើគម្រោងសាធារណៈនានា នៅក្នុងប្រទេស។ ការដកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់នេះ បានធ្វើឱ្យទំហំប្រាក់បញ្ញើរបស់រដ្ឋនៅតាមធនាគារធំៗ៣ បានធ្លាក់ចុះប្រមាណ៤០% នៅត្រីមាសទី៣ បើធៀបនឹងត្រីមាសទី២កន្លងទៅ។
ប្រាក់បញ្ញើរបស់រដ្ឋសរុបនៅធនាគារ Viecombank, VietinBank និង BIDV មានទំហំប្រមាណ៦,៩ ពាន់លានដុល្លារ គិតត្រឹមចុងខែកញ្ញា ខណៈកាលពីចុងខែមិថុនា មានទំហំរហូតដល់ជាង១១ពាន់លានដុល្លារ។ ធនាគារ BIDV ដែលត្រូវបានរតនាគាវៀតណាមប្រើប្រាស់ជាញឹកញាប់នៅសល់សមតុល្យប្រាក់បញ្ញើត្រឹមតែប្រមាណ៣ពាន់លានដុល្លារប៉ុណ្ណោះនៅចុងត្រីមាសទី៣ឆ្នាំ២០២៤។ ចំណែកនៅធនាគារ VietinBank ដែលជាស្ថាប័នទទួលប្រាក់បញ្ញើពីរដ្ឋលំដាប់ទី២ នៅសល់សមតុល្យប្រាក់បញ្ញើត្រឹមតែជាង២,៥ពាន់លានដុល្លារ ខណៈនៅធនាគារ Vietcombank នៅសល់ជាង១,៤ពាន់លានដុល្លារ។
គិតត្រឹមដំណាច់ខែមិថុនា ការវិនិយោគសាធារណៈរបស់វៀតណាម មានប្រមាណ២៩,៣៩% នៃ GDP ដែលមានទំហំទឹកប្រាក់ជាង៧,៧ពាន់លានដុល្លារ ហើយគិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ការបញ្ចេញទុនវិនិយោគសាធារណៈត្រូវបានប៉ាន់ប្រមាណថា មានចំនួនជាង១២ពាន់លានដុល្លារ។
ផ្អែកតាមទិន្នន័យនេះបានបង្ហាញពីសញ្ញាវិជ្ជមាន នៃការចំណាយវិនិយោគសាធារណៈដែលគ្រោងដោយនាយករដ្ឋមន្ត្រី ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ទំហំវិនិយោគដែលត្រូវបានបញ្ចេញនៅក្នុងត្រីមាសទី៣ គឺនៅទាបជាងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ ដើម្បីស្តារ និងជំរុញសេដ្ឋកិច្ចកិច្ច ការវិនិយោគសាធារណៈត្រូវបានរំពឹងថា នឹងបន្តកើនឡើងនៅត្រីមាសទី៤ឆ្នាំ២០២៤នេះ៕
ដោយ៖ សរ សុជាតិ