សេចក្តីព្រាងច្បាប់ដែលចំណាយពេលរៀបចំតាក់តែងជាង១០ឆ្នាំនេះ ធ្វើឡើងដើម្បីជួយសម្រួល និងបង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជា។ អ្នកជំនាញក្នុងវិស័យដឹកជញ្ជូនកម្ពុជាបានបង្ហាញការគាំទ្រ និងមានសុទិដ្ឋិនិយមថា ក្រោយច្បាប់នេះដាក់ឱ្យអនុវត្តន៍វានឹងរួមចំណែកកាន់តែសំខាន់ក្នុងការជួយអភិវឌ្ឍន៍វិស័យដឹកជញ្ជូននៅកម្ពុជាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត និងជំរុញឱ្យអ្នកវិនិយោគ កាន់តែមានទំនុកចិត្តមកលើវិស័យដឹកជញ្ជូននៅកម្ពុជាផងដែរ។
យោងតាមលទ្ធផលកិច្ចប្រជុំព្រឹទ្ធសភាវិសាមញ្ញ នីតិកាលទី៤ នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ បានបង្ហាញថា សេចក្តីព្រាងច្បាប់ស្តីពី«ការដឹកជញ្ជូនតាមផ្លូវទឹក»ទទួលបានការឯកភាពទាំងស្រុងលើខ្លឹមសារទាំងមូលដោយឥតកែប្រែ ដោយទទួលបានការបោះឆ្នោតយល់ព្រម៥៧សំឡេង នៃចំនួនសមាជិកសមាជិកាព្រឹទ្ធសភាសរុប។ សេចក្តីព្រាងច្បាប់នេះ ត្រូវបានតាក់តែងឡើងដើម្បីកំណត់អំពីការគ្រប់គ្រង និងការអភិវឌ្ឍវិស័យដឹកជញ្ជូនតាមផ្លូវទឹក និងកំពង់ផែកម្ពុជា ក្នុងគោលបំណងដើម្បីរក្សាសណ្តាប់ធ្នាប់ ធានាសុវត្ថិភាព សន្តិសុខនៃការដឹកជញ្ជូន ព្រមទាំងផ្តល់កាលានុវត្តភាពវិនិយោគ និងការប្រកួតប្រជែងប្រកបដោយយុត្តិធម៌ សមធម៌ និងតម្លាភាព សម្រាប់បម្រើពាណិជ្ជកម្មជាតិ អន្តរជាតិ និងទ្រទ្រង់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
ជុំវិញសេចក្តីព្រាងច្បាប់នេះ លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជាបានគូសបញ្ជាក់ថា ការបង្កើតឱ្យមានច្បាប់ស្ដីពី«ការដឹកជញ្ជូនតាមផ្លូវទឹក»នេះឡើងពិតជាមានសារសំខាន់ណាស់សម្រាប់វិស័យដឹកជញ្ចូនរបស់កម្ពុជា តាមរយៈការជួយពង្រឹងវិស័យដឹកជញ្ជូនតាមផ្លូវទឹកកម្ពុជាឱ្យកាន់តែរីកចម្រើន និងធ្វើឱ្យអ្នកវិនិយោគក្នុងវិស័យនេះកាន់មានទំនុកចិត្ត។ យ៉ាងណាមិញប្រធានសមាគមរូបនេះ រំពឹងថា ក្រោយច្បាប់ស្ដីពី«ការដឹកជញ្ជូនតាមផ្លូវទឹក»នេះត្រូវបានដាក់ឱ្យអនុវត្តន៍នោះ វានឹងជួយសម្រួលដល់ការធ្វើពាណិជ្ជកម្មរបស់កម្ពុជា-អន្តរជាតិ ឱ្យកាន់តែងាយស្រួល និងរីកចម្រើនថែមមួយកម្រិតទៀត ពិសេសជួយកាត់បន្ថយតម្លៃដឹកជញ្ជូនតែម្តង។
សូមជម្រាបថា សេចក្តីព្រាងច្បាប់នេះមាន១៨ជំពូក និង២៧៥មាត្រា និងផ្តល់អត្ថប្រយោជន៍សំខាន់ៗមួយចំនួន ដូចជាធានាឱ្យមានការគ្រប់គ្រងនាវា នាវិក កំពង់ផែ និងហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក រួមទាំងផ្នែកពាក់ព័ន្ធនឹងវិស័យដឹកជញ្ជូនតាមផ្លូវទឹកប្រកបដោយប្រសិទ្ធភាព ប្រសិទ្ធផល និងចីរភាព។ ផ្តល់ឱកាសការងារជូនពលរដ្ឋខ្មែរជានាវិក ដើម្បីបម្រើការងារនៅលើនាវាដែលធ្វើនាវាចរណ៍នៅក្នុង និងក្រៅប្រទេស។ ជំរុញការវិនិយោគលើវិស័យដឹកជញ្ជូនតាមផ្លូវទឹក ជំរុញការប្រើប្រាស់ផ្លូវទឹកឱ្យមានភាពរស់រវើក សម្រាលបន្ទុកនៃការប្រើប្រាស់ផ្លូវថ្នល់ ដើម្បីរួមចំណែកកាត់បន្ថយចំណាយរបស់រដ្ឋ។
លើសពីនេះវានឹងជួយជំរុញឱ្យមានការតភ្ជាប់ការដឹកជញ្ជូនពហុមធ្យោបាយដែលជាផ្នែកដ៏សំខាន់មិនអាចខ្វះបាន ស្របតាមផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ឆ្នាំ២០២៣- ២០៣៣ របស់រាជរដ្ឋាភិបាល។ និងចូលរួមបំពេញកាតព្វកិច្ចអន្តរជាតិរបស់រាជរដ្ឋាភិបាល ក្នុងនាមជាសមាជិកនៃអង្គការអន្តរជាតិ លើវិស័យដឹកជញ្ជូនតាមផ្លូវទឹក៕