ការស្នើឲ្យកម្ពុជានាំអង្ករចូលទៅកាន់ប្រទេសទីម័រខាតកើតនេះ គឺធ្វើឡើងនៅក្នុងជំនួបមួយកាលពីថ្ងៃទី ១៧ ខែមេសា រវាងសហព័ន្ធស្រូវអង្ករកម្ពុជា និងក្រុមហ៊ុនហ្រ្គីនត្រេដ ជាមួយនឹងអគ្គរដ្ឋទូតសាធារណរដ្ឋទីម័រខាងកើតប្រចាំប្រទេសកម្ពុជា ដោយជំនួបនេះ គឺពិភាក្សាអំពីលទ្ធភាពនៃការធ្វើពាណិជ្ជកម្ម ផ្គត់ផ្គង់អង្ករកម្ពុជាឲ្យទៅទីម័រខាងកើត តបតាមការស្នើសុំពីទីម័រខាងកើត ដើម្បីទប់ស្កាត់ការខ្វះខាតអង្ករ ដោយសារជំងឺកូវីដ-១៩។
លោក លន់ យ៉េង អគ្គលេខាធិការ នៃលេខាធិការដ្ឋានសហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ឲ្យដឹងថា មូលហេតុ ដែលទីម័រខាងកើត ចាប់អារម្មណ៍ចំពោះអង្ករកម្ពុជា ព្រោះកាលពីពេលកន្លងទៅប្រទេសនេះ បានបញ្ជាទិញអង្ករពីប្រទេសវៀតណាម ប៉ុន្ដែ ក្រោយពីវៀតណាមបិទនាំចេញអង្ករ ទើបប្រទេសទីម័រខាងកើត បានទាក់ទងមកកាន់កម្ពុជា។
លោក លន់ យ៉េង បន្ថែមថា បើពិនិត្យទៅមើលលទ្ធភាព និងស្ដុកអង្កររបស់កម្ពុជាយើង គឺកម្ពុជាអាចមានលទ្ធភាពផ្គត់ផ្គង់អង្ករទៅកាន់ប្រទេសទីម័រខាងកើតនេះ ក្នុងចំនួន ២ ទៅ៣ម៉ឺនតោនក្នុងមួយខែ។ ប៉ុន្ដែ លោកថា ខាងភាគីកម្ពុជាបានស្នើសុំឲ្យភាគីទីម័រខាងកើតបញ្ជូនលិខិតជាផ្លូវការតាមរយៈក្រសួងការបរទេស ដោយបញ្ជាក់លើបរិមាណ រយៈពេលនៃការផ្គត់ផ្គង់ និងលក្ខខណ្ឌផ្សេងៗនៃការផ្គត់ផ្គង់ ដូចជាការវេចខ្ចប់ ការដឹកជញ្ជូន និងប្រភេទអង្ករ ដែលត្រូវការជាដើម ហើយខាងភាគីកម្ពុជានឹងរង់ចាំសហការ និងអនុវត្តតាមគោលការណ៍របស់រាជរដ្ឋាភិបាលជានិច្ច។
លោក លន់ យ៉េង បានមានប្រសាសន៍ថា «លទ្ធភាពឥឡូវនេះ យើងនៅចាំគាត់សិន ទី១យើងចាំលិខិតផ្លូវការរបស់គាត់ ព្រោះការងារនេះ ធ្វើឡើងរវាងរដ្ឋនឹងរដ្ឋ។ អញ្ចឹងចាំមើលលិខិតផ្លូវការរបស់គាត់ផ្ញើពីរដ្ឋាភិបាលគាត់មកខាងរដ្ឋាភិបាលយើងសិន ហើយទី២ ទាក់ទងនឹងបរិមាណយើងមានផ្គត់ផ្គង់ឲ្យគាត់២ ទៅ៣ម៉ឺនតោនក្នុងមួយខែក៏បានដែរ អត់មានចំណុចជាបញ្ហាចោទទេ! ហើយទី៣ វាអាស្រ័យលើតម្លៃ»។
បើតាមលោកលន់ យ៉េង ចំពោះតម្លៃអង្ករ ដែលលក់ទៅឲ្យខាង ទីម័រខាងកើតនោះ គឺនឹងត្រូវមានការចរចាគ្នាបន្ថែមទៀត ក្រោយពេលដែលមានលិខិតផ្ញើជូនផ្លូវការរវាងរដ្ឋាភិបាលប្រទេសទាំងពីរបើកភ្លើងខៀវ។
អគ្គលេខាធិការ នៃលេខាធិការដ្ឋានសហព័ន្ធស្រូវអង្ករកម្ពុជារូបនេះ បានគូសបញ្ជាក់ទៀតថា ដំណើរការសម្រាប់ឆ្ពោះទៅរកការនាំចេញអង្ករកម្ពុជាទៅទីម័រខាងកើតនេះ ទំនងជាមិនប្រើពេលវេលាយូរនោះទេ បើសិនជាមានទទួលបានការអនុញ្ញាតពីរដ្ឋាភិបាលនៃប្រទេសទាំងពីរ និងមានការត្រូវរូវតម្លៃគ្នាហើយនោះ ការនាំចេញ អាចនឹងធ្វើឡើងនៅខែក្រោយនេះតទៅ។
បើតាមសហព័ន្ធស្រូវអង្ករកម្ពុជា នៅពាក់កណ្ដាលខែមេសានេះ កម្ពុជាបាននាំចេញអង្ករ ជាង ៣,៥ម៉ឺនតោន។ បើគិតក្នុងត្រីមាសទី ១ ឆ្នាំនេះ កម្ពុជាបាននាំចេញអង្ករសរុបមានចំនួនប្រមាណ២៣ ម៉ឺនតោន កើនឡើងជាង ៣៥%។ ក្នុងនោះ ការនាំចេញទៅកាន់ប្រទេសចិន មាន ៤៤% នៃការនាំចេញអង្ករសរុប ខណៈដែលសហភាពអឺរ៉ុប មានជាង ៣០% និងអាស៊ានមានជាង ១២%៕