
យោងតាមការស្រាវជ្រាវពីក្រុមហ៊ុនជំនាញក្នុងវិស័យអចលនទ្រព្យ ដែលបានបង្ហាញនៅសន្និបាតធុរកិច្ចប្រចាំឆ្នាំលើកទី៤ និងការដាក់ផែនការសកម្មភាពសម្រាប់ឆ្នាំបន្ទាប់ ដើម្បីពង្រីកវិសាលភាពក្នុងទីផ្សារខុនដូនៅកម្ពុជា បានបង្ហាញថា ខុនដូ គឺជាលំនៅឋានបែបសហកម្មសិទ្ធិ ដែលជាចំណែកទីផ្សារដ៏មានសក្តានុពលមួយក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា។
របាយការណ៍ដដែលបង្ហាញទៀតថា បច្ចុប្បន្នការផ្គត់ផ្គង់ខុនដូនៅរាជធានីភ្នំពេញមានប្រហែល ៣ម៉ឺនយូនីត ឬស្មើនឹងជិត១០០ អគារ ហើយចំនួននេះត្រូវបានប៉ាន់ប្រមាណថានឹងកើនដល់ប្រមាណ ៨ម៉ឺនយូនីតនៅឆ្នាំ២០២៥។ យ៉ាងនេះក្តី ឥទ្ធិពលនៃជំងឺកូវីដ ១៩ និងបញ្ហាសេដ្ឋកិច្ចសកល,ការផ្គត់ផ្គង់ខុនដូហាក់មានកំណើនតិចតួច ចំណែកឯតម្លៃទីផ្សារខុនដូវិញ មានការប្រែប្រួលតិចតួចបើធៀបនឹងមុនពេលផ្ទុះឡើងនៃជំងឺកូវីដ-១៩។ ក្នុងនោះ បច្ចុប្បន្ន ខុនដូមានតម្លៃជាមធ្យមចាប់ពី ១ ៥០០ ទៅ ៣ ០០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ខណៈដែលតម្លៃជួលវិញជាមធ្យមចាប់ពី ៨ ទៅ ១៤ ដុល្លារ ក្នុងមួយម៉ែត្រការ៉េក្នុងមួយម៉ែត្រការ៉េ ក្នុងមួយខែ។

ថ្លែងក្នុង សន្និបាតធុរកិច្ចប្រចាំឆ្នាំលើកទី៤ និងការដាក់ផែនការសកម្មភាពសម្រាប់ឆ្នាំបន្ទាប់ ដើម្បីពង្រីកវិសាលភាពក្នុងទីផ្សារខុនដូនៅកម្ពុជា អគ្គនាយកក្រុមហ៊ុន ERA Cambodia លោក ខន គង្គា បានលើកឡើងថា ទីផ្សារខុនដូ គឺជាការអភិវឌ្ឍសម្រាប់រយៈពេលវែង ហើយជាជម្រើសដ៏ល្អ សម្រាប់អ្នកវិនិយោគទាំងក្នុងស្រុក និងវិនិយោគិនបរទេស ដោយសារកំណើនពលរដ្ឋកម្ពុជាដែលមានកម្រិតជីវភាពធូរធារនឹងបន្តកើនឡើង ការកើនឡើងនៃរំហូរវិនយោគពីក្រៅប្រទេស និងជនបរទេសដែលមកប្រកបកិច្ចការ និងធ្វើការធុរកិច្ចនៅកម្ពុជា។ ម៉្យាងវិញទៀត លោកបញ្ជាក់ថា តម្លៃខុនដូនៅកម្ពុជា អាចមានអត្រាកំណើនជាមធ្យម ១៥ ភាគរយ ក្នុងមួយឆ្នាំ ដែលជាអត្រានៃផលចំណេញខ្ពស់ (high capital gain) បើធៀបនឹងប្រទេសមួយចំនួនក្នុងតំបន់អាស៊ី។
លោកបន្តថា៖ “ស្ថានភាពបច្ចុប្បន្នគឺជាឱកាសដ៏ល្អសម្រាប់ការជ្រើសរើសវិនិយោគលើខុនដូ ព្រោះថាមានគម្រោងជាច្រើនផ្តល់លក្ខណ្ឌទូទាត់បត់បែន ថែមទាំងលក់បញ្ចុះតម្លៃជាច្រើន។ ដើម្បីទាញយកផលចំណេញពីការវិនិយោគក្នុងកាលៈទេសៈនាពេលបច្ចុប្បន្ននេះ យើងសូមលើកទឹកចិត្តដល់អ្នកវិនិយោគធ្វើការជាមួយភ្នាក់ងារជំនាញ ប្រឹក្សាយោបល់ដើម្បីសម្រេចចិត្តវិនិយោគឱ្យបានត្រឹមត្រូវ។”

ក្រុមហ៊ុន ERA Cambodia បើកដំណើរការនៅក្នុងទីផ្សារកម្ពុជារយៈពេលជាង ៤ឆ្នាំ បានរួមចំណែកដ៏សំខាន់ក្នុងទីផ្សារខុនដូនៅកម្ពុជា ដែលមានភ្នាក់ងារផ្តល់សេវាកម្មប្រកបដោយវិជ្ជាជីវៈខ្ពស់ ដែលធ្វើឱ្យក្រុមហ៊ុននេះទទួលបានការសហការដើម្បីលក់គម្រោងខុនដូធំៗជាង៣០គម្រោង ដែលទុនវិនិយោគនៃគម្រោងទាំងនេះបូកបញ្ចូលគ្នាមានតម្លៃខ្ទង់ពាន់លានដុល្លារអាមេរិក។
មិនតែប៉ុណ្ណោះ ERA Cambodia ក៏បានរួមចំណែកដ៏សំខាន់ក្នុងការបង្កើតឱកាសការងារដល់យុវជនកម្ពុជា ដោយក្រុមហ៊ុនមានផែនការបង្កើនភ្នាក់ងារលក់ពី ១៧០០នាក់ នាពេលបច្ចុប្បន្ន ដល់ប្រមាណ ៥ ០០០ នាក់ក្នុងរយៈពេលបីឆ្នាំខាងមុខផងដែរ៕
