អូស្ត្រាលីលូកដៃក្នុងជម្លោះពាណិជ្ជកម្មចិន-លីទុយអានី

អូស្ត្រាលីចង់ចូលរួមក្នុងជម្លោះពាណិជ្ជកម្មប្តឹងផ្តល់រវាងចិននិងសហភាពអឺរ៉ុបនៅ WTO


រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអូស្ត្រាលីបាននិយាយកាលពីថ្ងៃសៅរ៍សប្តាហ៍មុនថា ប្រទេសអូស្ត្រាលីនឹងស្វែងរកការចូលរួម នៅក្នុងការពិគ្រោះយោបល់ អំពីជម្លោះពាណិជ្ជកម្មរវាងសហភាពអឺរ៉ុប និងប្រទេសចិន ដែលអឺរ៉ុបបាននាំយកទៅដាក់នៅមុខអង្គការពាណិជ្ជកម្មពិភពលោកឲ្យជួយដោះស្រាយ។ ការចង់ចូលរួមពីអូស្រ្តាលីនេះ ធ្វើឡើងក្រោយពេលសហភាពអឺរ៉ុបបាននាំយកសំណុំរឿងដែលចិនបិទខ្ទប់ការនាំចូលផលិតផលរបស់ប្រទេសលីទុយអានីដែលជាប្រទេសសមាជិកEUមួយដែរ ទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក។
អូស្ត្រាលីលូកដៃក្នុងជម្លោះពាណិជ្ជកម្មចិន-លីទុយអានី
ដោយ

លោក ដាន់តេ ហាន់ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម​អូស្ត្រាលី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍​មួយថា អូស្ត្រាលីជំទាស់នឹង​ការប្រើប្រាស់​ការបង្ខិតបង្ខំ​ផ្នែក​សេដ្ឋកិច្ច និងការអនុវត្តពាណិជ្ជកម្ម​បែប​រើសអើង និងរឹតត្បិត ដែលបំផ្លាញ​ដល់​ប្រព័ន្ធ​ពាណិជ្ជកម្ម​អន្តរជាតិស្របតាមច្បាប់ និងបណ្តាល​ឱ្យមានផលប៉ះពាល់​ដល់​សេដ្ឋកិច្ច។

លោកបន្ថែមថា ទីក្រុងកង់បេរ៉ា មានចំណាប់អារម្មណ៍យ៉ាងខ្លាំង​ចំពោះ​បញ្ហា​ដែលបានលើកឡើងនៅក្នុងជម្លោះ ដែលលើក​មកដាក់លើតុ​រកដំណោះស្រាយ ដោយសហភាពអឺរ៉ុប​ប្រឆាំងនឹង​ប្រទេសចិន ហើយចង់​ស្នើសុំចូល​រួម​ក្នុងការពិគ្រោះយោបល់​ជុំវិញ​សំណុំរឿងនេះផង។

គួររំឭកថា សហភាពអឺរ៉ុប​កាលពីថ្ងៃសុក្រ បាននាំយក​សំណុំរឿង​ដែលចិនបិទខ្ទប់​ការនាំចូលផលិតផល​របស់​ប្រទេស​លីទុយអានី ទៅកាន់អង្គការពាណិជ្ជកម្ម​ពិភពលោក ដោយអឺរ៉ុបបានប្ដឹងចោទ​ប្រកាន់​ក្រុង​ប៉េកាំងថា កំពុងធ្វើឲ្យខូចដល់ទីផ្សាររួមរបស់​តំបន់អឺរ៉ុបទាំង២៧ប្រទេស។

ចិនបានរាំងខ្ទប់​ការនាំចូលទំនិញ​ពីប្រទេសលីទុយអានី ចាប់តាំងពីពេល​ដែលប្រទេសអឺរ៉ុបមួយនេះ​​បានអនុញ្ញាតឲ្យកោះតៃវ៉ាន់​មានការិយាល័យតំណាងនៅក្នុងប្រទេសមួយរបស់ខ្លួន។ ជាងនេះទៅទៀត ប្រទេសចិនកំពុងដាក់សម្ពាធលើក្រុមហ៊ុន​អន្តរជាតិ ឱ្យបោះបង់ចោលការប្រើប្រាស់ផលិតផល​ពីប្រទេសលីទុយអានីនៅក្នុង​ការផលិតរបស់ពួកគេ ដើម្បីនាំចេញ​ទំនិញមកទីផ្សារចិន។ បើមិនដូច្នោះទេ ពួកគេអាចប្រឈម​នឹងការរឹត​បន្តឹង​ការនាំចូល។

ប្រទេសលីទុយអានី​បានសម្តែងការសាទរ និងបានថ្លែងអំណរគុណ​ចំពោះការគាំទ្ររបស់សហភាពអឺរ៉ុប​ដោយបាន​អះអាងថា ប្រតិកម្មនេះ​ជាសារច្បាស់ៗមួយដល់ចិន ថាសហភាពអឺរ៉ុប​នឹងមិនអត់ឱន​ឡើយ​ចំពោះចេតនាដាក់សម្ពាធ​សេដ្ឋកិច្ច​ក្រោមហេតុផលនយោបាយ។

យ៉ាងណាមិញ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក ចៅ លីចៀន បានចេញមកប្រតិកម្មហើយបាន​ចាត់ទុកការអះអាង​របស់លីទុយអានីថា គ្មានមូលដ្ឋានច្បាស់លាស់ និងមិនត្រូវសោះឡើយ។ មន្ត្រីក្រុងប៉េកាំង​រូបនេះ​បន្តថា ​នេះ​ជា​បញ្ហា​​រវាង​ចិន និង​លីទុយអានី មិនមែន​ចិន និង​សហភាព​អឺរ៉ុប​ទេ។ ប៉េកាំងជំរុញឱ្យភាគីលីទុយអានី កែតម្រូវជាបន្ទាន់នូវសកម្មភាពទាំងឡាយ​របស់ខ្លួន ជៀសវាងការជ្រុលខ្លួនក្លាយជាកូនអុកសម្រាប់ការចង់បាន ឯករាជ្យរបស់កោះតៃវ៉ាន់ និងប្រែជាកម្លាំងប្រឆាំងប្រទេសចិន។ ចិនអំពាវនាវឲ្យលីទុយអានី ត្រឡប់ទៅរកផ្លូវត្រឹមត្រូវនៃការប្រកាន់ខ្ជាប់នូវគោលការណ៍ចិនតែមួយវិញ៕ 

None



អត្ថបទបន្ទាប់


ចិនចោទអាមេរិកថា មានផែនការចំណាយលុយឲ្យកីឡាករទៅបំផ្លិចបំផ្លាញកីឡាអូឡាំពិកនៅប៉េកាំង

ក្រសួងការបរទេសរបស់ប្រទេសចិន និងកាសែតផ្លូវការក្នុងស្រុកមួយចំនួន បានចោទប្រកាន់សហរដ្ឋអាមេរិកថា មានផែនការលូកដៃចូលកកូរកកាយ និងបំផ្លាញ ព្រឹ…

អាមេរិកហាមឃាត់ការនាំចូលទំនិញពីក្រុមហ៊ុនម៉ាឡេស៊ី YTY Group ក្រោយសង្ស័យថាបានរំលោភបំពាន់លើកម្មករ

ទីភ្នាក់ងារគយអាមេរិកបានហាមឃាត់ការនាំចូលពីក្រុមហ៊ុនផលិតស្រោមដៃវេជ្ជសាស្រ្តរបស់ម៉ាឡេស៊ី YTY Group ជុំវិញការអនុវត្តការងារដោយបង្ខំលើកម្មក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ