វិស័យពាណិជ្ជកម្ម

អឺរ៉ុបត្រៀមខ្លួនរួចជាស្រេចក្នុងការចរចាជាមួយអាម៉េរិក ក្រោយលោក ត្រាំ ព្រមានដំឡើងពន្ធលើខ្លួន


ស្របពេលប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានគំរាមម្តងហើយម្តងទៀតពីការដំឡើងពន្ធលើទំនិញរបស់សហភាពអឺរ៉ុប លោកស្រី យូសូឡា វុនឌ័រ ឡេយេន (Ursula von der Leyen) ប្រធានគណៈកម្មការអឺរ៉ុប បានចេញមកអះអាងថា អឺរ៉ុបបានត្រៀមខ្លួនជានិច្ចក្នុងការចរចាដ៏លំបាក ជាមួយសហរដ្ឋអាម៉េរិក ហើយអឺរ៉ុបក៏បានត្រៀមខ្លួនក្នុងការការពារផលប្រយោជន៍រួម ក៏ដូចជាការឆ្លើយតបនឹងគោលនយោបាយពន្ធរបស់លោក ត្រាំ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Euro News។
វិស័យពាណិជ្ជកម្ម
ដោយ

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី យូសូឡា វុនឌ័រ ឡេយេន បានអះអាងថា អឺរ៉ុបបានត្រៀមខ្លួនហើយក្នុងការការពារផលប្រយោជន៍រួម ក៏ដូចជាទប់ទល់នឹងគោលនយោបាយពន្ធដ៏ចម្រូងចម្រាសរបស់សហរដ្ឋអាម៉េរិក។ ការអះអាងបែបនេះរបស់ប្រធានគណៈកម្មការអឺរ៉ុប ធ្វើឡើងក្រោយប្រធានាធិបតីទី៤៧របស់អាម៉េរិក លោក ដូណាល់ ត្រា បានព្រមានដំឡើងពន្ធលើទំនិញរបស់សហភាពអឺរ៉ុបម្តងហើយម្តងទៀត។

ជាមួយគ្នានេះ លោកស្រី ក៏បានអះអាងផងដែរថា សហភាពអឺរ៉ុប បានត្រៀមខ្លួនរួចជាស្រេចក្នុងការចរចាដ៏តានតឹងជាមួយលោក ដូណាល់ ត្រាំ ដើម្បីការពារកុំឱ្យមានការផ្ទុះសង្គ្រាមពាណិជ្ជកម្មរវាងភាគីទាំងពីរ និងដើម្បីរក្សាផលប្រយោជន៍របស់ប្រជាជាតិ នៅតំបន់មហាសមុទ្រអាត្លង់ទិក។

គួរបញ្ជាក់ថា កាលពីចុងសប្តាហ៍មុន លោក ដូណាល់ ត្រាំ បានព្រមានថា ការដំឡើងពន្ធគយប្រឆាំងនឹងទំនិញនាំចូលពីតំបន់អឺរ៉ុបប្រាកដណាស់វានឹងកើតឡើង ហើយបានដាស់តឿនមន្ត្រី និងអ្នកការទូតនៅទីក្រុងប្រ៊ុចសែល ឱ្យមានការប្រុងប្រយ័ត្នខ្ពស់។ ក្រោយការព្រមាននេះ ប្រធានគណៈកម្មការអឺរ៉ុបបានប្រាប់ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅទីក្រុងប្រ៊ុចសែលថា អឺរ៉ុបបានត្រៀមខ្លួនសម្រាប់ការចរចាដ៏លំបាកជាមួយសហរដ្ឋអាម៉េរិក ដើម្បីពង្រឹងភាពជាដៃគូ ក៏ដូចជារកដំណោះស្រាយលើបញ្ហានេះ។

កត្តាដែលជំរុញឱ្យលោក ដូណាល់ ត្រាំ ព្រមានដាក់ពន្ធម្តងហើយម្តងទៀតលើសហភាពអឺរ៉ុប ក៏ដោយ​សារលោកកត់សម្គាល់ឃើញថា សហភាពអឺរ៉ុបមានអតិរេកពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិកជាយូរណាស់មកហើយ ដូច្នេះវាល្មមដល់ពេលដែលសហភាពអឺរ៉ុបត្រូវគិតគូរលើបញ្ហានេះហើយ។

កាលពីឆ្នាំ២០២៣កន្លងទៅ សហភាពអឺរ៉ុបមានអតិរេកពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិកប្រមាណ១៦២ពាន់លានដុល្លារ ប៉ុន្តែចំពោះវិស័យសេវាកម្ម សហភាពអឺរ៉ុបមានឱនភាពជាមួយអាម៉េរិកប្រមាណ១០៨ពាន់លានដុល្លារ។

គួររំលឹកថា កាលពីដើមខែកុម្ភៈ លោក ដូណាល់ ត្រាំ បានប្រកាសដំឡើងពន្ធ២៥% លើទំនិញនាំចូលពីកាណដា និងម៉ិកស៊ិក និង១០% លើទំនិញនាំចូលពីប្រទេសចិន។ ប៉ុន្តែការអនុវត្តពន្ធគយលើទំនិញកាណាដា និងម៉ិកស៊ិក ត្រូវបានពន្យារពេល១ខែក្រោយប្រទេសទាំងពីរមានការឯកភាពលក្ខខណ្ឌតម្រូវមួយចំនួនរបស់លោក ត្រាំ ខណៈពន្ធគយលើទំនិញចិន បានចូលជាធរមានកាលពីថ្ងៃទី៤ ខែកុម្ភៈ ហើយចិន ក៏បានប្រកាសដាក់ពន្ធលើទំនិញរបស់អាម៉េរិក តបវិញផងដែរ ដោយផ្តោតសំខាន់លើវិស័យថាមពល៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


រដ្ឋមន្ត្រីក្រសួងកសិកម្ម៖ ការចម្អិនម្ហូបពីត្រីខ្មែរជាការលើកកម្ពស់សិប្បកម្មកែច្នៃ និងជីវភាពរបស់ពលរដ្ឋ

រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទលើទឹកចិត្តឱ្យភោជនីយដ្ឋាន និងអាហារដ្ឋាននៅកម្ពុជាប្រើប្រាស់ត្រីក្នុងស្រុកសម្រាប់ចម្អិនជាម្ហូបអាហារ ដ្…

តើមានកត្តាអ្វីបានជាធនាគារវិនិយោគដ៏ធំរបស់អាម៉េរិក Goldman Sachs ហ៊ានអះអាងថា សម្ពាធពន្ធរបស់លោក ត្រាំ នឹងទាញទម្លាក់កំណើនសេដ្ឋកិច្ចរបស់អឺរ៉ុប?

ក្រុមអ្នកវិភាគនៅធនាគារវិនិយោគដ៏ធំរបស់អាម៉េរិក Goldman Sachs បានអះអាងថា សម្ពាធពន្ធគយរបស់ប្រធានាធិបតី ដូណាល់ ត្រា លើទំនិញនាំចូលពីអឺរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ