ការសម្រេចបញ្ចុះអត្រាការប្រាក់ជាលើកទី២របស់ធនាគារកណ្តាលអឺរ៉ុបនេះ ធ្វើឡើងក្រោយអតិផរណា និងកំណើនសេដ្ឋកិច្ចនៅក្នុងតំបន់នេះ មានការធ្លាក់ចុះ ហើយការបញ្ចុះអត្រាការប្រាក់នេះ ក៏ដើម្បីត្រៀមឆ្លើយតបឱ្យទាន់សភាពការណ៍នៃការបញ្ចុះអត្រាការប្រាក់របស់ធនាគារកណ្តាលអាម៉េរិក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Edge។
ធនាគារកណ្តាលអ៊ឺរ៉ុប កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ បានសម្រេចចិត្តកាត់បន្ថយអត្រាការ០,២៥% បន្ថែមទៀត ក្រោយអត្រាអតិផរណានៅតំបន់នេះ បានបង្ហាញទំនោរធ្លាក់ចុះ ដែលធ្វើអត្រាការនៅក្នុងតំបន់ចាយប្រាក់អឺរ៉ូមួយនេះធ្លាក់ចុះពី៣,៧៥% មកនៅត្រឹម៣,៥០%។ នេះជាលើកទី២ហើយដែលធនាគារនេះបានកាត់បន្ថយអត្រាការប្រាក់របស់ខ្លួន បន្ទាប់ពីបានកាត់បន្ថយ០,២៥% កាលពីអំឡុងខែមិថុនា កន្លងទៅ។ តាមរយៈការបន្ថយអត្រាការប្រាក់របស់ខ្លួន ធនាគារកណ្តាលអឺរ៉ុប រំពឹងថា វានឹងជួយផ្តល់ភាពអំណោយផលបន្ថែមទៀតដល់ធនាគារកណ្តាលអាម៉េរិក ក្នុងការសម្រេចកាត់បន្ថយអត្រាការប្រាក់របស់ខ្លួននៅសប្តាហ៍ក្រោយ។
លោកស្រី គ្រីស្ទីន ឡាហ្គាត (Christine Lagarde) ប្រធានធនាគារកណ្តាលអឺរ៉ុប បានប្រាប់សន្និសីទសារព័ត៌មានមួយថា ការសម្រេចចិត្តនេះគឺធ្វើឡើងដោយឈរនៅលើមូលដ្ឋាន និងការកំណត់ទិសដៅសូចនាករសេដ្ឋកិច្ចច្បាស់លាស់ មិនចេះតែសម្រេចតាមការកំណត់ទុកជាមុននោះទេ។ លោកស្រីអះអាងថា រាល់ការសម្រេចចិត្តណាមួយ គឺសុទ្ធតែធ្វើទៅតាមលក្ខខណ្ឌតាមលំដាប់លំដោយ និងទិន្នន័យច្បាស់លាស់ ផ្អែកតាមគោលនយោបាយ។
យ៉ាងណាក៏ដោយប្រធានធនាគារកណ្តាលអឺរ៉ុបរូបនេះ អះអាងថា អតិផរណាក្នុងវិស័យសេវាកម្មនៅតែជាក្តីបារម្ភដ៏ធំមួយនៅឡើយសម្រាប់តំបន់អឺរ៉ុប ខណៈកំណើនប្រាក់ឈ្នួលកំពុងមានកម្រិតមធ្យម ហើយប្រាក់ចំណេញសាជីវកម្មកំពុងស្រូបយកការកើនឡើងប្រាក់ឈ្នួលយ៉ាងឆាប់រហ័ស។
ធនាគារកណ្តាលអឺរ៉ុប ព្យាករថា នៅក្នុងឆ្នាំ២០២៤ សេដ្ឋកិច្ចរបស់អឺរ៉ុបនឹងសម្រេចបានកំណើនក្នុងរង្វង់០,៨% ដែលទាបជាងកម្រិតដែលខ្លួនបានព្យាករកន្លងមក ដែលរំពឹងសម្រេចបានក្នុងរង្វង់០,៩%។ ជាមួយគ្នានេះ ធនាគារកណ្តាលនេះរំពឹងថា អតិផរណានៅទូទៅតំបន់ចាយប្រាក់អឺរ៉ូនឹងធ្លាក់មកនៅត្រឹម២% នៅពាក់កណ្តាលឆ្នាំ២០២៥ ខាងមុខ៕
ដោយៈ សរ សុជាតិ