សហភាពអឺរ៉ុបកំពុងរិះរកវិធីសាស្ត្រធ្វើយ៉ាងណាកាត់បន្ថយការពឹងផ្អែកផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្មពីប្រទេសចិន ដោយខិតខំស្វែងរកការចូលរួមកាន់តែច្រើននូវទំនាក់ទំនងជិតស្និទ្ធជាមួយប្រទេសផ្សេងៗទៀតនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។
ក្រុមប្រឹក្សាសហភាពអឺរ៉ុប ដែលមានសមាសភាពចាប់ពីគណៈរដ្ឋមន្ត្រីរបស់ប្រទេសនីមួយៗនៃសហភាពអឺរ៉ុប បានអនុម័តយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិករបស់ពួកគេនៅក្នុងខែតុលាកាលពីឆ្នាំមុន ហើយបាននិងកំពុងពន្លឿនវិធានការ ដើម្បីពង្រឹងទំនាក់ទំនងជាមួយប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើននៅក្នុងតំបន់នេះផងដែរ។
ស្របពេលដែលមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងរដ្ឋបាលក្រុងវ៉ាស៊ីនតោន និង រដ្ឋាភិបាលក្រុងប៉េកាំងនោះ សហភាពអឺរ៉ុបកំពុងតែថ្លឹងថ្លែងមើលពីហានិភ័យនៃការពឹងផ្អែកខ្លាំងទៅលើប្រទេសចិននៅក្នុងខ្សែចង្វាក់ផ្គត់ផ្គង់ពាណិជ្ជកម្មរបស់ខ្លួន។ ពោលគឺ អឺរ៉ុបត្រូវធ្វើយ៉ាងណា កុំឲ្យសេដ្ឋកិច្ចរបស់ខ្លួន មានការជាប់ទាក់ទង ឬពឹងផ្អែកទៅលើប្រទេសចិនខ្លាំងពេក។
មានចំណុចសំខាន់មួយ ដើម្បីកាត់បន្ថយនូវការពឹងផ្អែកលើចិន គេមើលឃើញថា សហភាពអឺរ៉ុបថ្មីៗនេះ ក៏បានគូសបញ្ជាក់ពីសម្ព័ន្ធភាពរបស់ខ្លួនជាមួយប្រទេសជប៉ុន និងកូរ៉េខាងត្បូង ចំពេលមានសង្គ្រាមអូសបន្លាយនៅក្នុងប្រទេសអ៊ុយក្រែន ខណៈដែលក្រៅតែពីអាមេរិកដែលជាសម្ព័ន្ធមិត្តចាក់ទឹកមិនលិចរបស់ខ្លួន សហភាពអឺរ៉ុបក៏ពួតដៃគ្នាជាមួយប្រទេសអាស៊ីមួយចំនួន ដើម្បីដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ីដែរ។
នៅក្នុងអំឡុងពេលបំពេញដំណើរទស្សនកិច្ចផ្លូវការលើកដំបូងទៅកាន់តំបន់អាស៊ីប៉ាស៊ីហ្វិកកាលពីចុងខែមេសា អធិការបតីអាល្លឺម៉ង់លោក Olaf Scholz បានទៅបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន ប៉ុន្តែបានរំលងចោលដៃគូពាណិជ្ជកម្មធំបំផុតរបស់ខ្លួនគឺ ប្រទេសចិន។
ដោយមិនបាននិយាយសំដៅត្រង់ទៅរកប្រទេសចិនជាក់លាក់នោះ លោក Scholz បានបង្ហាញពីហានិភ័យនៃខ្សែចង្វាក់ផ្គត់ផ្គង់ពាណិជ្ជកម្មរបស់អឺរ៉ុប ដែលកំពុងតែប្រមូលផ្តុំទៅលើប្រទេសតែមួយ ព្រោះវាអាចមានបញ្ហានៅពេលណាមួយ។ ទន្ទឹមនឹងនោះ មេដឹកនាំអាល្លឺម៉ង់រូបនេះ ក៏បានលើកឡើងទៀតថា សហភាពអឺរ៉ុបក៏មានការព្រួយបារម្ភពីជំហររបស់ប្រទេសចិនចំពោះការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែន ដែរ ដោយសារក្រុងប៉េកាំងមិនព្រមចូលរួមថ្កោលទោសពីការឈ្លានពានរបស់រុស្ស៊ី។
ទីក្រុងប៉េកាំងអាចប្រឈមមុខនឹងទណ្ឌកម្មបន្ទាប់បន្សំប្រសិនបើចិនហ៊ានផ្ដល់ជំនួយយោធាឬក៏ជួយរុស្ស៊ីឱ្យគេចផុតពីទណ្ឌកម្ម ប៉ុន្តែទាំងនោះនឹងធ្វើឱ្យខូចខាតដូចគ្នា សម្រាប់ដៃគូពាណិជ្ជកម្មសំខាន់ៗរបស់ចិនរួមទាំងសហភាពអឺរ៉ុប។
ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Charles Michel និង ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen ត្រូវគេរំពឹងថា នឹងធ្វើទស្សនកិច្ចនៅទីក្រុងតូក្យូក្នុងសប្តាហ៍នេះ សម្រាប់កិច្ចប្រជុំកំពូលអឺរ៉ុប-ជប៉ុន ហើយនេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់មេដឹកនាំកំពូលអឺរ៉ុបទាំង២នេះ ទៅកាន់តំបន់អាស៊ីបូព៌ាតាំងពីបានចូលកាន់តំណែងជាអ្នកដឹកនាំសហភាពអឺរ៉ុបមុនពេលការផ្ទុះឡើងនៃជំងឺកូវីដ១៩។ ជប៉ុនជាដៃគូពាណិជ្ជកម្មធំទីពីររបស់សហភាពអឺរ៉ុប នៅអាស៊ី បន្ទាប់ពីមហាយក្សចិន។
មិនមែនមានតែជប៉ុនទេ ដែលសហភាពអឺរ៉ុបកំពុងតាមចែចូវពង្រីកទំនាក់ទំនងបន្ថែម គេសង្កេតឃើញថា សហភាពអឺរ៉ុបក៏មានបំណងក្នុងការពង្រឹងទំនាក់ទំនងជាមួយកូរ៉េខាងត្បូងដែរ។ ឃើញថាកាលពីខែមុនទីក្រុងព្រុចសែលបានចេញរបាយការណ៍មួយថា «វាមិនមែនជាការបំផ្លើសនោះទេដែលនិយាយថា សហភាពអឺរ៉ុបមើលឃើញកូរ៉េខាងត្បូង និងជប៉ុនគឺជាដៃគូដ៏មានតម្លៃបំផុតរបស់ខ្លួននៅតំបន់អាស៊ី និងឥណ្ឌូប៉ាស៊ីហ្វិក។
របាយការណ៍នេះ បានបញ្ជាក់ពីការពិតដែលថា កូរ៉េខាងត្បូងគឺជាប្រទេសតែមួយគត់នៅអាស៊ីដែលមានកិច្ចព្រមព្រៀងសំខាន់ចំនួន៣គ្របដណ្តប់លើកិច្ចសហប្រតិបត្តិការផ្នែកនយោបាយ សេដ្ឋកិច្ច និងសន្តិសុខជាមួយសហភាពអឺរ៉ុប ដែលបានចុះហត្ថលេខា និងចូលជាធរមានរួចហើយ។
សូមបញ្ជាក់ថា ជប៉ុននិងកូរ៉េខាងត្បូង ក៏មានទំនាក់ទំនងកាន់តែជិតស្និទ្ធខ្លាំងឡើងជាមួយសហរដ្ឋអាមេរិក ខណៈដែលនៅចុងខែនេះ មេដឹកនាំកំពូលរបស់សហរដ្ឋអាមេរិក គឺលោកចូ បៃឌិន ក៏នឹងធ្វើដំណើរទស្សនកិច្ចទៅប្រទេសជប៉ុន និងកូរ៉េខាងត្បូងផងដែរ៕
អត្ថបទ៖ សុខ ជា