ក្រុមហ៊ុន Evergrande ដែលជាក្រុមហ៊ុនមានជំពាក់បំណុលប្រមាណ ៣០០ពាន់លានដុល្លារអាមេរិកនោះ បានសម្រេចលក់គម្រោងអភិវឌ្ឍន៍របស់ខ្លួនចំនួន៤ទៅឲ្យក្រុមហ៊ុនរដ្ឋចិន។ គម្រោងទាំងនោះ រួមមានខុនដូ និងសួនកម្សាន្ត នឹងត្រូវបានកាន់កាប់ដោយក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនធនធានរដ្ឋចិន China Minmetals និងក្រុមហ៊ុនរដ្ឋ China Everbright Group ខណៈក្រុមហ៊ុន Evergrande ក៏នឹងរក្សាបានសិទ្ធិកាន់កាប់ខ្លះៗនៅក្នុងគម្រោងនោះដែរ។
ក្រុមហ៊ុន Evergrande បាននិយាយថា កិច្ចព្រមព្រៀងនេះនឹងអនុញ្ញាតឱ្យ ខ្លួនអាចទូទាត់បំណុលបានចំនួនជាង ១ពាន់លានដុល្លារ នៅក្នុងបំណុលដែលទាក់ទងនឹងគម្រោងនានា ហើយនិងទទួលបានមកវិញនូវការវិនិយោគដំបូងចំនួនជាង ៣០០លានដុល្លារអាមេរិកផងដែរ។
ក្រុមហ៊ុន Evergrande បានឱ្យដឹងទៀតថា ចំនួនវិភាគទានដែលប្រមូលបានមកវិញនឹផ្ដល់ភាពវិជ្ជមានទៅលើកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមទាំងក្នុងការទូទាត់បំណុល និង ការធានាដល់ការប្រគល់អចលនទ្រព្យនៃគម្រោងផ្សេងទៀតទៅឲ្យអ្នកទិញផងដែរ។សូមបញ្ជាក់ថា ចាប់តាំងពីក្រុមហ៊ុនបានផុងខ្លួនជាប់បំណុលវវ័ណ្ឌកមក ក្រុមហ៊ុននេះបានប្រឈមនឹងការពន្យារពេលក្នុងការប្រគល់អចលនទ្រព្យទៅឱ្យអ្នកទិញ និងបង់ថ្លៃសាងសង់ផងដែរ។
ចាប់តាំងពីបញ្ហាបំណុលរបស់ Evergrande បានកើតឡើង ក្រុមហ៊ុននេះបាននឹងកំពុងធ្វើការលើការលក់គម្រោង ដែលកំពុងដំណើរការ ដើម្បីដោះស្រាយវិបត្តិ។ សូមរំឭកថា ក្រុមហ៊ុននេះបានជាប់ចំណាត់ថ្នាក់ក្នុងចំណោមអ្នកវិនិយោគកំពូលរបស់ប្រទេសចិននៅក្នុងគម្រោងថ្មីៗជារៀងរាល់ឆ្នាំ ហើយជាលទ្ធផល ឥឡូវនេះមានគម្រោងជាច្រើនបានបញ្ចប់តែផ្នែកខ្លះតែប៉ុណ្ណោះ ហើយគម្រោងមិនទាន់សាងសង់រួចរបស់ក្រុមហ៊ុននេះ ក៏បាននៅសល់ រាយប៉ាយពាសពេញប្រទេសផងដែរ៕
អត្ថបទ ស៊ើង និមល់