បើទោះជាបែបនេះក្ដី អ្នកជំនាញក្នុងវិស័យកសិកម្ម បានកត់សម្គាល់ឃើញថា ប្រជាកសិករខ្មែរមួយចំនួន នៅតែមានទម្លាប់ក្នុងការធ្វើកសិកម្មតាមបែបប្រពៃណី ជាងផលិតឲ្យស្របតាមតម្រូវការទីផ្សារ ខណៈបញ្ហាកង្វះទីផ្សារនៅតែជាបញ្ហាប្រឈមសម្រាប់កសិករខ្មែរ នាពេលបច្ចុប្បន្ន។
ដ្បិតថា វិស័យកសិកម្មនៅកម្ពុជា មានការរីកចម្រើនគួរឲ្យកត់សម្គាល់ ពិសេសផលិតផលកសិកម្មកម្ពុជា ជាច្រើនមុខ ត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តែវិស័យកសិកម្មកម្ពុជា ក៏នៅមានបញ្ហាប្រឈមជាច្រើនដែលត្រូវដោះស្រាយបន្តបន្ទាប់។ ក្នុងនោះ បញ្ហាកង្វះទីផ្សារកសិផល នៅតែជាបញ្ហាប្រឈមខ្លាំង និងចាក់ស្រេះជាច្រើនឆ្នាំមកហើយសម្រាប់ប្រជាកសិករ ដោយអ្នកជំនាញក្នុងវិស័យកសិកម្ម បានគូសបញ្ជាក់ថា បញ្ហានេះ មួយផ្នែកបណ្ដាលមកពីប្រជាកសិករខ្លួនឯង មិនព្រមផ្លាស់ប្ដូរទម្លាប់ ក្នុងការផលិតឲ្យស្របតាមតម្រូវការទីផ្សារ និងមួយផ្នែកទៀត គឺការរៀបចំហេដ្ឋារចនាសម្ព័ន្ធ មិនទាន់សមស្រប។ ឧកញ៉ា ហ៊ុន ឡាក់ ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា និងជាអ្នកជំនួញក្នុងវិស័យនាំចេញផលិតផលកសិកម្ម បានកត់សម្គាល់ឃើញថា វិស័យកសិកម្ម នៅរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ មានការរីកចម្រើនយ៉ាងឆាប់រហ័សគួរឲ្យកត់សម្គាល់ ពិសេសសន្ទុះនៃការនាំចូលផលិតផលកសិកម្មមកកាន់កម្ពុជា ក៏មានការថយចុះដែរ បើប្រៀបទៅនឹងរយៈប៉ុន្មានឆ្នាំមុន។
ក៏ប៉ុន្តែ ទន្ទឹមនឹងភាពរីកចម្រើននៃវិស័យកសិកម្មកម្ពុជា នាពេលបច្ចុប្បន្ន ឧកញ៉ា ហ៊ុន ឡាក់ បានគូសបញ្ជាក់ដែរថា កសិករគួរតែដល់ពេលក្នុងការផ្លាស់ប្ដូរទម្លាប់ក្នុងការផលិតរបស់ខ្លួនហើយ ដោយប្ដូរពីការផលិតតាមរដូវសម្រាប់ផ្គត់ផ្គង់ក្នុងតំបន់ ងាកមកផលិតឲ្យបានគ្រប់រដូវសម្រាប់ផ្គត់ផ្គង់តាមតម្រូវការទីផ្សារ និងផលិតឲ្យបានគ្រប់រដូវកាល ដើម្បីផ្គត់ផ្គង់នៅតាមបណ្ដាផ្សារទំនើបជាដើម។
ទោះយ៉ាងណាក៏ដោយ អ្នកជំនាញរូបនេះ ក៏បានបញ្ជាក់ផងដែរថា ការផ្លាស់ប្ដូរទម្លាប់កសិករ ឲ្យទៅជាការធ្វើកសិកម្មតាមបែបកសិកម្មទំនើប និងកសិកម្មវៃឆ្លាត គឺទាមទារត្រូវការពេលវេលាសិក្សាស្រាវជ្រាវ និងត្រូវការគ្រប់ភាគីពាក់ព័ន្ធចូលរួម ពិសេសកសិករផ្ទាល់ និងវិស័យឯកជន។
យ៉ាងណាមិញ បើតាមលោកឧកញ៉ា ហ៊ុន ឡាក់ កសិករដែលបានអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញនូវការអនុវត្តន៍កសិកម្មល្អ មិនងាយប្រឈមនឹងបញ្ហាទីផ្សារនោះទេ ថែមទាំងកសិផលមានតម្លៃល្អ ទៀតផង។ ដូច្នេះ ឧកញ៉ា ហ៊ុន ឡាក់ នៅតែបន្តលើកទឹកចិត្តឲ្យកសិករ ផ្លាស់ប្ដូរទម្លាប់របស់ខ្លួន និងងាកមកអនុវត្តការធ្វើកសិកម្មតាមបែបទំនើបវិញ។ លើសពីនេះ ឧកញ៉ា ហ៊ុន ឡាក់ ក៏បានសង្កត់ធ្ងន់ទៀតថា ដើម្បីឲ្យកសិករអាចមានលទ្ធភាពផលិតតាមតម្រូវការទីផ្សារ និងគ្រប់រដូវកាល ភាគីពាក់ព័ន្ធត្រូវបង្កើនជំរុញការកែសម្រួលផ្នែកហេដ្ឋារចនាសម្ព័ន្ធ នៅតាមតំបន់បន្ថែមទៀត ដើម្បីជំរុញការកាត់បន្ថយនូវការនាំចូលផលិតផលកសិកមម្ម បន្ថែមទៀត។
សូមបញ្ជាក់ថា បើទោះបីប្រទេសកម្ពុជា គឺជាប្រទេសដែលពឹងផ្អែកលើវិស័យកសិកម្ម តែកន្លងមក ប្រទេសកសិកម្មមួយនេះ ក៏បានចំណាយថវិកាអស់រាប់រយលានដុល្លារ ក្នុងមួយឆ្នាំៗ ដើម្បីនាំចូលបន្លែ ផ្លែឈើ និងផលិតផលសត្វ ពីខាងក្រៅប្រទេស។ បើយោងតាមរបាយការណ៍របស់មជ្ឃមណ្ឌលសិក្សាគោលនយោបាយ កន្លងមក កម្ពុជា បានចំណាយថវិកាប្រមាណ ២០០លានដុល្លារ ក្នុងមួយឆ្នាំដើម្បីទិញបន្លែពីប្រទេសជិតខាង សម្រាប់បំពេញតម្រូវការក្នុងស្រុក៕