សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី ១៤ ខែវិច្ឆិកា បានប្រកាសលើកលែងការធ្វើចត្តាឡីស័កសម្រាប់ជនជាតិខ្មែរ និងបរទេសទាំងអស់ ដែលធ្វើដំណើរចូលកម្ពុជា ចាប់ពីថ្ងៃទី១៥ ខែវិច្ឆិកា តទៅ ប្រសិនបើពួកគេបានចាក់វ៉ាក់សាំងគ្រប់ចំនួន ២ដូសបានរួចរាល់។
បើតាមសម្តេច តេជោ ហ៊ុន សែន ការសម្រេចលើកលែងការធ្វើចត្តាឡីស័កសម្រាប់អ្នកដំណើរដែលបានចាក់វ៉ាក់សាំងរួចយ៉ាងដូច្នេះ គឺដោយសារកម្ពុជា បានចាក់វ៉ាក់សាំងពេញលេញ អត្រាគ្របដណ្តប់ប្រមាណ ៨៨% ទៅហើយនៃចំនួនប្រជាជន ជាង១៦លាននាក់។
លោកបណ្ឌិត គី សិរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានបញ្ជាក់ប្រាប់សារព័ត៌មានខេមបូណូមីសថា ពិតណាស់ ការសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា លើការលើកលែងការធ្វើចត្តាឡីស័ករាល់អ្នកដំណើរចូលមកកម្ពុជា ពិតជារួមចំណែកយ៉ាងសំខាន់ ក្នុងដំណើរការនៃការស្ដារសេដ្ឋកិច្ចកម្ពុជា ឱ្យងើបឡើងវិញ ប៉ុន្ដែយើងមិនទាន់អាចសន្និដ្ឋានបាននៅឡើយថា នឹងជួយស្ដារសេដ្ឋកិច្ចក្នុងកម្រិតណា។
ជាមួយគ្នានេះ អ្នកជំនាញសេដ្ឋកិច្ចរូបនេះ ក៏បានសង្កត់ធ្ងន់ដែរថា នេះគឺជាគោលនោយោបាយមួយដ៏ប្រសើរបំផុត របស់រាជរដ្ឋាភិបាលដើម្បីបើកច្រកសេដ្ឋកិច្ចឱ្យប្រសើរឡើងវិញ ក៏ដូចជា ក្នុងន័យជួយសម្រួលដល់អ្នកធ្វើដំណើរចូលមកកម្ពុជា និងជំរុញឱ្យមានអ្នកដំណើរកាន់តែច្រើនចូលមកកម្ពុជារួមទាំងភ្ញៀវទេសចរ វិនិយោគិនពីក្រៅប្រទេស។
ជុំវិញ
ស្ថានភាពសេដ្ឋកិច្ចនៅកម្ពុជា នាពេលបច្ចុប្បន្នវិញ ត្រូវបានលោកបណ្ឌិត គី សិរីវឌ្ឍន៍
មើលឃើញថា ហាក់មិនទាន់មានការប្រែប្រួលគួរឱ្យកត់សម្គាល់នោះទេ ក៏ប៉ុន្តែ
លោកនៅតែមើលឃើញពីភាពវិជ្ជមានក្នុងវិស័យសេដ្ឋកិច្ច ដោយលោកបានអះអាងបែបនេះ
វិស័យសេដ្ឋកិច្ចនឹងប្រសើរឡើងវិញឆាប់ៗខាងមុខ ព្រោះសព្វថ្ងៃ
សកម្មភាពអាជីវកម្មមួយចំនួនបានចាប់ផ្ដើមមានដំណើរការឡើងវិញជាបណ្ដើរៗហើយ
ដែលនេះគឺជាសញ្ញាណវិជ្ជមានមួយនៃវិស័យសេដ្ឋកិច្ច។
ដោយឡែក លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក យល់ថា ការមិនកំណត់ឱ្យអ្នកដំណើរធ្វើចត្តាឡីស័ក គឺជាការបង្ហាញនូវភាពវិជ្ជមានមួយដល់សេដ្ឋកិច្ចកម្ពុជា។ ជាមួយគ្នានោះ លោក ធួន ស៊ីណាន ក៏បញ្ជាក់ទៀតថា ការសម្រេចរបស់រដ្ឋាភិបាលនាពេលនេះ មិនត្រឹមតែប្រសើរសម្រាប់វិស័យទេសចរណ៍នោះទេ វិស័យដទៃក៏មានភាពវិជ្ជមានផងដែរ។
ជាមួយគ្នានេះដែរ ក្នុងនាម ជាអ្នករកស៊ីនៅក្នុងវិស័យឯកជន លោក ឌិន សុមេធារិទ្ធ ប្រធានសមាគមសណ្ឋាគារកម្ពុជា បានអះអាងថា លោកមានក្ដីរំភើបបំផុតដែលរាជរដ្ឋាភិបាលកម្ពុជា សម្រេចលុបចោលការធ្វើចត្តាឡីស័ករាល់អ្នកដំណើរដែលបានចាក់វ៉ាក់សាំងពេញលេញ ព្រោះសមាគមសណ្ឋាគារត្រៀមខ្លួនជាយូរមកហើយ ដើម្បីទទួលអ្នកដំណើរចូលមកកម្ពុជា។ ប្រធានសមាគមរូបនេះ មានក្ដីសង្ឃឹមយ៉ាងមុតមាំថា ក្រោយការសម្រេចរបស់រាជរដ្ឋាភិបាល កម្ពុជា នឹងកាន់តែអាចទាក់ទាញនូវភ្ញៀវទេសចរ និងអ្នកវិនិយោគបន្ថែម ឱ្យចូលមកកម្ពុជា។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា សម្រេចលើកលែងការធ្វើចត្តាឡីស័កសម្រាប់អ្នកដំណើរដែលបានចាក់វ៉ាក់សាំងចំនួន២ដូស តែសម្រាប់អ្នកមិនបានចាក់វ៉ាក់សាំងកូវីដ-១៩ រាជរដ្ឋាភិបាល នៅតែកំណត់ឱ្យធ្វើចត្តាឡីស័ក ១៤ថ្ងៃ ដដែល នៅពេលធ្វើដំណើរចូលមកកម្ពុជា៕