បើតាមក្រសួងពាណិជ្ជកម្មបញ្ជាក់ថា អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្មកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជានៅទីក្រុងសៀមិន ប្រទេសចិន ស្តីពីកិច្ចសហប្រតិបត្ដិការជំរុញការនាំចេញសំបុកត្រចៀកកាំកម្ពុជាទៅកាន់ប្រទេសចិន កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២។
តាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នានេះដែរ លោកស្រី វ៉ា សូជិន ប្រធានសមាគមអ្នកផលិត និងនាំចេញសំបុកត្រចៀកកាំកម្ពុជា យល់ឃើញថា នេះគឺជាឱកាសដ៏ល្អមួយរបស់កម្ពុជា ក្នុងការបើកផ្លូវសម្រាប់នាំចេញផលិតផលទឹតមាត់ត្រចៀកកាំទៅក្រៅប្រទេស ជាពិសេសគឺប្រទេសចិនតែម្តង ដែលជាប្រទេសមួយពិបាកជាងគេក្នុងការនាំផលិតផលទឹកមាត់ត្រចៀកកាំចូលទៅ។ តែទោះជាយ៉ាងណា លោកស្រី វ៉ា សូជិន អះអាងថា អ្នកផលិតនិងអភិរក្សសំបុកទឹកមាត់ត្រចៀកកាំនៅកម្ពុជានាពេលបច្ចុប្បន្ន ហាក់នៅមានបញ្ហាប្រឈមមួយចំនួនសម្រាប់ធ្វើការនាំចេញ ដោយទាក់ទងនឹងភូតគាមអនាម័យ ដោយសារនៅតាមសិប្បកម្មផលិត មិនមានធនធានមនុស្សគ្រប់គ្រាន់ ដែលធ្វើឲ្យការគ្រប់គ្រងស្តង់ដារអនាម័យមិនទាន់បានល្អប្រសើរនៅឡើយ ដែលមិនទាន់អាចនាំចេញទៅក្រៅប្រទេសបានរលូននោះទេ។
ជាមួយគ្នានេះ លោកស្រី វ៉ា សូជិន ក៏បានគូសបញ្ជាក់ដែរថា ដើម្បីធ្វើការជំរុញនាំចេញកាន់តែមានប្រសិទ្ធភាពនោះ លោកស្រីលើកទឹកចិត្តដល់អ្នកចិញ្ចឹម និងអភិរក្សផ្ទះត្រចៀកកាំដែលមានបំណងក្នុងការជំរុញនាំចេញនោះ គួរតែទៅចុះបញ្ជីនៅក្រសួងកសិកម្ម ដើម្បីមានតួរលេខផ្ទះត្រចៀកកាំច្បាស់លាស់ ទើបងាយស្រួលក្នុងការវាយតម្លៃ ថាអាចមានទន្និផលប៉ុន្មាន សម្រាប់អាចកំណត់ធ្វើការនាំចេញបាន ។
បើតាមឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានគូសបញ្ជាក់ថា សម្រាប់ការនាំចេញទឹកមាត់ត្រចៀកកាំស្រស់ទៅប្រទេសចិន គឺមិនមានបញ្ហាប្រឈមអ្វីនោះទេ ក៏ប៉ុន្តែការបង្កើតរោងចក្រកែច្នៃទឹកមាត់ត្រចៀកកាំនៅកម្ពុជា មានបញ្ហាប្រឈមមួយចំនួន ដោយសារតែវត្ថុធាតុដើមនៅមានកម្រិតនៅឡើយ ដោយមិនទាន់អាចបំពេញតម្រូវការរោងចក្រផលិតបាន។ ទោះយ៉ាងណា ក្រោយពេលមានទីផ្សារនាំចេញសំបុកត្រត្រចៀកកាំហើយនោះ លោកឧកញ៉ាជឿជាក់ថា នឹងមានអ្នកប្រកបរបរចិញ្ចឹមទឹកមាត់ត្រចៀកកាំនេះកើនឡើង ដែលនឹងធ្វើឲ្យវត្ថុធាតុដើមសំបុកត្រទឹកមាត់ត្រចៀកកាំនេះ អាចមានគ្រប់គ្រាន់ក្នុងការផ្គត់ផ្គងសម្រាប់រោងចក្រកែច្នៃនៅកម្ពុជា ដែលអាចឈានដល់ការនាំចេញនូវផលិតផលសម្រេចបានផងដែរ។
សូមជម្រាបថា បើតាម ប្រធានសមាគមអ្នកផលិត និងនាំចេញសំបុកត្រចៀកកាំកម្ពុជា បច្ចុប្បន្ននេះកម្ពុជាមានអ្នកចិញ្ចឹមត្រចៀកកាំប្រមាណ ៣ពាន់ផ្ទះនៅទូទាំងប្រទេស ដោយបាននាំចេញផលិតផលសំបុកត្រចៀកកាំប្រមាណជាង១០០តោនក្នុង១ឆ្នាំៗ ទៅកាន់ប្រទេសជិតខាង និងរំពឹងថានៅឆ្នាំ២០២៣ និងមានរអ្នកចិញ្ចឹមត្រចៀកកាំ រហូតដល់១ម៉ឺនផ្ទះផងដែរ៕