លោកឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជា បានគូសបញ្ជាក់ប្រាប់សារព័ត៌មានឌីជីថលខេមបូណូមីសថា ថ្លៃដឹកជញ្ជូនខ្ពស់ នៅតែជាបញ្ហាប្រឈមខ្លាំង ក្នុងវិស័យដឹកជញ្ជូននៅកម្ពុជាបច្ចុប្បន្ន ដោយឧកញ៉ា ស៊ិន ចន្ធី បញ្ជាក់ថា តម្លៃដឹកជញ្ជូនទំនិញក្នុងតំបន់ និងសាកលលោក ហាក់មិនមានការថយចុះនោះទេ ដោយការដឹកជញ្ជូនទៅកាន់ពិភពលោកនៅតែមានតម្លៃខ្ពស់។ ដ្បិតថា តម្លៃដឹកជញ្ជូន មានតម្លៃខ្ពស់ក៏ពិតមែន តែប្រធានសមាគមរូបនេះ បានសង្កត់ធ្ងន់ថា បញ្ហានេះមិនបង្កជាផលរំខានខ្លាំងពេកនោះ ទេសម្រាប់ការដឹកជញ្ជូនទំនិញ។ ទោះយ៉ាងណា ឧកញ៉ា ស៊ិន ចន្ធី ក៏បានបង្ហាញក្ដីរំពឹងដែរថា ក្រោយកម្ពុជាសម្រេចបានការសាងសង់កំពង់ផែទឹកជ្រៅក្នុងក្រុងព្រះសីហនុ តាមដំណាក់កាលនិងតាមការគ្រោងទុក កម្ពុជានឹងអាចទទួលកាប៉ាល់ធំៗឱ្យចូលចត និងធ្វើឱ្យតម្លៃដឹកជញ្ជូនប្រសើរ និងមានសមត្ថភាពប្រកួតប្រជែងខ្ពស់ធៀបនឹងប្រទេសក្នុងតំបន់ផងដែរ។
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានគូសបញ្ជាក់ថា ដើម្បីធ្វើសមាហរណកម្មនៃវិស័យដឹកជញ្ជូនតាមផ្លូវទឹករបស់ប្រទេសកម្ពុជា ទាំងក្នុងតំបន់ និងសកលលោក ឱ្យកាន់តែប្រសើរ ការងារសាងសង់ចំណតផែកុងតឺន័រថ្មី ក្រុងព្រះសីហនុ ជាជំហានៗ មានភាពចាំបាច់បំផុត។ បើតាម ឯកឧត្តម លូ គឹមឈន់ កំពង់ទឹកជ្រៅជំហានទី១ មានប្រវែង ៣៥០ម៉ែត្រ និងជម្រៅទឹក ១៤ម៉ែត្រកន្លះ ដែលគ្រោងនឹងត្រូវបញ្ចប់ និងដាក់ឱ្យដំណើរការក្នុងឆ្នាំ២០២៥។
ជំហានទី២ មានប្រវែង ៤០០ម៉ែត្រ និង ជម្រៅទឹក ១៦ ម៉ែត្រកន្លះ គ្រោងនឹងបញ្ចប់ និងដាក់ឱ្យដំណើរការក្នុងឆ្នាំ២០២៨។ រីឯជំហានទី៣ មានប្រវែង ៤៣០ម៉ែត្រ និងជម្រៅទឹក ១៧ម៉ែត្រកន្លះ ដែលគ្រោងនឹងបញ្ចប់ និងដាក់ឱ្យដំណើរការក្នុងឆ្នាំ២០៣០។
ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យដឹកជញ្ជូន និងភស្ដុភារកម្ម នៅកម្ពុជា និងដោះស្រាយបញ្ហាមួយចំនួន នៅក្នុងវិស័យនេះ រាជរដ្ឋាភិបាលកម្ពុជា ថ្មីៗនេះ ក៏ទើបតែបានអនុម័តគម្រោងវិនិយោគអភិវឌ្ឍន៍មណ្ឌល ភ័ស្តុភារកម្ម និងកំពង់ផែពហុបំណងថ្មីមួយទៀត ស្ថិតនៅក្រុងបូកគោ ខេត្តកំពត ដែលមានទុនវិនិយោគរហូត ១ពាន់៣រយលានដុល្លារ និងអាចបង្កើតការងាររហូតជិត៦រយកន្លែង៕