លោកបណ្ឌិត ផុន ណារិន នាយក វិទ្យាស្ថាន ពាណិជ្ជសាស្រ្ត អេស៊ីលីដា បានលើកឡើងថា បច្ចុប្បន្ន ការប្រើប្រាស់ បច្ចេកវិទ្យាហិរញ្ញវត្ថុ ឬ Fintech សម្រាប់វិស័យធនាគារ គឺហាក់មិនទាន់មានភាពទូលំទូលាយខ្លាំងនៅឡើយទេ ពោលគឺមានធនាគារធំៗប្រមាណ ២ ទៅ៣ ប៉ុណ្ណោះ ដែលបានដាក់ឲ្យប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុនេះ ខណៈដែល អតិថិជន ភាគច្រើនមិនទាន់មានទំនុកចិត្តក្នុងការប្រើប្រាស់ប្រព័ន្ធនៅឡើយ។ ដូច្នេះ តាមការយល់ឃើញរបស់លោក ទៅ១០ឆ្នាំខាងមុខទៀត ប្រព័ន្ធ Fintech នេះ នឹងមិនអាចវាយលុកខ្លាំងលើទីផ្សារនោះឡើយ ខណៈការប្រើប្រាស់សេវាធនាគារបែបប្រពៃណីនៅតែមានច្រើន ហើយមានការប៉ះពាល់ដល់ការងារក្នុងវិស័យធនាគារមែននោះ គឺមានប៉ះពាល់តែប្រមាណ ២០% ប៉ុណ្ណោះ។
ទោះយ៉ាងណា លោកផុន ណារិន បានលើកឡើងថា លោកទទួលស្គាល់ថា ប្រព័ន្ធ Fintech នៅក្នុងវិស័យធនាគារ នឹងជំរុញឲ្យមានការកាត់បន្ថយការរើសបុគ្គលិកថ្មីៗបន្ថែម។ តួយ៉ាង ធនាគារអេស៊ីលីដា កាលពីមិនទាន់មានប្រើប្រាស់ ប្រព័ន្ធ Fintech មានតម្រូវការបុគ្គលិកថ្មីៗប្រមាណ ២០ ទៅ២៥ ភាគរយក្នុងមួយឆ្នាំ។ ប៉ុន្ដែ មកទល់បច្ចុប្បន្ន ការរើសបុគ្គលិកថ្មីរបស់ធនាគារអេស៊ីលីដា បានថមថយចុះគួរឲ្យកត់សម្គាល់។
យ៉ាងណាក៏ដោយចុះ បើតាមលោក ផុន ណារិន នាយក វិទ្យាស្ថាន ពាណិជ្ជសាស្រ្ត អេស៊ីលីដា បានគូសបញ្ជាក់ថា ប្រសិនបើវិស័យធនាគារមានតម្រូវការរើសបុគ្គលិកថ្មីៗប្រមាណតែ ៥% ក្នុងមួយឆ្នាំ យ៉ាងហោចណាស់ តម្រូវការធនធានមនុស្សក្នុងវិស័យនេះ ក៏មានប្រមាណ ៥ពាន់នាក់ដែរ ក្នុងមួយឆ្នាំៗ។
គួរជម្រាបដែរថា បើតាម ប្រសាសន៍របស់ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ធ្លាប់បានលើកឡើងថា វិស័យបច្ចេកវិទ្យា កំពុងធ្វើឲ្យពិភពលោកមានការវិវឌ្ឍយ៉ាងខ្លាំង ពិសេសគឺ បច្ចេកវិទ្យាហិរញ្ញវត្ថុនេះ ព្រោះវិស័យនេះ បច្ចុប្បន្ន កំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័សទាំងក្នុងផ្នែកហិរញ្ញវត្ថុ ក៏ដូចជាសេដ្ឋកិច្ចទាំងមូលផងដែរ។
ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បន្ថែមទៀតថា ទន្ទឹមនឹងការរីកលូតលាស់នៃវិស័យបច្ចេកវិទ្យា ឌីជីថលនេះ ក៏ទាមទារឲ្យវិស័យរដ្ឋ និងឯកជន ត្រូវរៀបចំនូវក្របខ័ណ្ឌគតិយុត្ត រៀបចំយន្តការ អនុវត្តច្បាប់ កសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ និង បណ្តុះបណ្តាលធនធានមនុស្ស ដើម្បីចាប់យកកាលានុវត្តភាព ឲ្យបានជាអតិបរមាពីការប្រែប្រួលនេះ៕