តាមការលើកឡើង របស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ឲ្យដឹងថា ក្រុមហ៊ុនទាំង០៥ ដែលបាននាំចេញចេកទៅកាន់ទីផ្សារប្រទេសចិន ដោយបានគោរពបានតាមលក្ខខណ្ឌច្បាប់ និងបច្ចេកទេសក្នុងដំណាក់កាលដំបូងនេះ មានដូចជា មានក្រុមហ៊ុនសុវណ្ណរាជសី ឡុងស្រេងហ៊ុយជៀន ហ្គែនឡែន ហ្គ្រីនអាយឡែន និងក្រុមហ៊ុនឡងមេត ខណៈដែលបរិមាណនាំចេញចេកស្រស់ទៅកាន់ទីផ្សារចិនលើកទី១នេះ មានចំនួន ១០០តោន។
ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មក៏បានឡើងដែរថា ផលិតកម្មចេកអំបូងលឿងនេះ កំពុងមានទីផ្សារខ្ពស់នៅអន្តរជាតិ ហើយកំពុងត្រៀមរៀបចំធ្វើការនាំចេញជាបន្តបន្ទាប់នាចាប់ពីពេលនេះតទៅ។
របាយការណ៍ពីក្រសួងកសិកម្មបង្ហាញថា ការនាំចេញផលិតផលកសិកម្មផ្លូវការក្នុងរយៈពេល ៥ឆ្នាំ ចុងក្រោយនេះ បានកើនឡើងពី ជាង ៣លាន ៤សែន តោន នៅឆ្នាំ២០១៤ មកដល់ចំនួនជាង ៤លាន ២សែន តោន នៅឆ្នាំ២០១៨ គិតជាអត្រាកំណើន គឺ បានកើនឡើងជិត ២៣% ។ ក្នុងនោះ ការនាំចេញផលិតផលកសិកម្មសំខាន់ៗ មានដូចជា អង្ករ ផលិតផលដំឡូងមី គ្រាប់ស្វាយចន្ទី ពោតក្រហម ផ្លែស្វាយស្រស់ និងចែកអំបូងលឿងជាដើម។
ជាមួយគ្នានេះ លោក ឧកញ៉ា ផែ ហុកឈួន ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ឡុង មេត បានឲ្យដឹងដែរថា ក្រុមហ៊ុនលោក រំពឹងថា នឹងនាំចេញផ្លែកចេកស្រស់ឲ្យបានប្រមាណ ២ម៉ឺន ២ពាន់តោន នៅដំណាច់ឆ្នាំ២០១៩នេះ និង៣ម៉ឺន ៣ពាន់តោន នៅឆ្នាំ២០២០ខាង មុខ ខណៈដែលចម្ការរបស់ក្រុមហ៊ុននេះ បច្ចុប្បន្នមានផ្ទៃដីដាំដុះ និងប្រមូលផលចេក ប្រមាណ ជាង ៤០០ ហិកតា នៃទំហំផ្ទៃដីចម្ការសរុបប្រមាណ ១០០០ហិកតា៕