ប៉ុន្តែ នៅមួយរយៈពេលចុងក្រោយនេះ ពលរដ្ឋនៅភ្នំពេញកាន់តែមានភាពមមាញឹក ខណៈចរាចរណ៍កកស្ទះខ្លាំង ពលរដ្ឋកាន់តែច្រើនឡើងបានងាកមកប្រើប្រាស់សេវាដឹកជញ្ជូនម្ហូបអាហារដើម្បីយកមកហូបជុំគ្នានៅការិយាល័យ ឬនៅផ្ទះ ជាដើម។
លោក ប៉ែន វិសា នាយកក្រុមហ៊ុនឯកជនមួយនៅភ្នំពេញ បានប្រាប់ ខេមបូណូមីស ថា លោកនិងភរិយាបានប្រើប្រាស់សេវាកម្មដឹកជញ្ជូនម្ហូបអាហារជាយូរមកហើយ ពីព្រោះក្រុមគ្រួសាររបស់លោកជាប់រវល់ការងាររៀងៗខ្លួន គ្មានពេលធ្វើម្ហូបដោយខ្លួនឯងឡើយ។ បើតាម លោក ប៉ែន វិសា ក្នុងមួយសប្តាហ៍ លោកហៅ(Call)ឲ្យអ្នកដឹកជញ្ជូនម្ហូបអាហារជាមធ្យមប្រហែល ១០ដង ដើម្បីកុម៉្មង់ម្ហូបអាហារមកញ៉ាំនៅកន្លែងការងារ និងនៅផ្ទះ។
លោកបញ្ជាក់ដូច្នេះថា៖ «វាងាយស្រួល បើចង់ញ៉ាំម្ហូបអ្វី យើងគ្រាន់តែ បើក App ហើយហៅ (Call) ប្រាប់គេទៅ គេនឹងដឹកឲ្យយើងដល់កន្លែងតែម្តង ព្រោះ ខ្ញុំនិងប្រពន្ធរវល់ទាំងការងារ និងមានកូនតូចផង។ ម្យ៉ាង យើងងាយស្រួលជ្រើសរើសផង បើចង់ញ៉ាំម្ហូបខ្មែរ ជប៉ុន កូរ៉េ… ដែលប្លែកមាត់ គេដឹកឲ្យភ្លាម ព្រោះ បើញ៉ាំម្ហូបនៅផ្ទះ យើងញ៉ាំតែម្ហូបណាដែលយើងចេះធ្វើ»។
លោកនិងភរិយាមិនចង់ចំណាយពេលដើរផ្សារ និងពេលវេលាចម្អិនម្ហូបនៅផ្ទះនោះទេ ព្រោះ លោកចង់យកពេលវេលាទៅរកស៊ីបង្កើនប្រាក់ចំណូលវិញ។ នេះជាការបញ្ជាក់របស់លោក ប៉ែន វិសា ដោយបន្តបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំមិនចង់ធ្វើដំណើរទៅហាងទេ ព្រោះមុខផ្ទះខ្ញុំស្ទះខ្លាំង ជាពិសេស ពេលល្ងាច ជួនកាលជិះឡាន៣ជុំក៏មានដែរ ទម្រាំបានចូលផ្ទះ»។
ប្រជាជនកម្ពុជានាពេលកន្លងមក មានទម្លាប់ញ៉ាំអាហារជុំគ្នានិងជជែកគ្នាលេង ដោយប្រើប្រាស់ពេលវេលាយ៉ាងច្រើន ប៉ុន្តែ សម្រាប់ប្រជាជននៅប្រទេសជឿនលឿនមួយចំនួនវិញ ពួកគេ បានប្រើប្រាស់វេលាយ៉ាងត្រឹមត្រូវ ពោល គឺនៅពេលចេញពីធ្វើការ ពួកគេសង្វាតរកកន្លែងញ៉ាំអាហារយ៉ាងប្រញាប់ប្រញាល់ ដើម្បីសល់ពេលវេលាខ្លះ ធ្វើកិច្ចការដទៃទៀត ដែលអាចផ្តល់ចំណូលបន្ថែមជាប្រយោជន៍សម្រាប់ពួកគេ។
ដោយឡែក និស្សិតវិញ ពួកគេ យកពេលវេលាជាច្រើនក្នុងការអានសៀវភៅ និងសិក្សាស្រាវជ្រាវ ប៉ុន្តែ ពេលវេលាដែលនៅសល់ ដូចជា ពេលយប់ ឬថ្ងៃចុងសប្តាហ៍ ពួកគេឆ្លៀតយកពេលវេលាដ៏មានតម្លៃនេះ ធ្វើការងារដើម្បីរកប្រាក់ផ្គត់ផ្គង់ការសិក្សា។
ដូចគ្នាដែរ កញ្ញា រស់ កែវពេជ្រការ អ្នករស់នៅភ្នំពេញ គឺជាម៉ូយរបស់ក្រុមហ៊ុន Nham24 ដែលមានសេវាដឹកជញ្ជូនម្ហូបអាហារ។ កញ្ញាបានប្រាប់ ខេមបូណូមីស ថា កញ្ញាបានប្រើប្រាស់សេវាដឹកម្ហូបអាហារនេះ ជាញឹកញាប់ បើទោះបីត្រូវចំណាយថវិកាខ្លះលើថ្លៃសេវាដឹកជញ្ជូនក៏ដោយ។
ជានិស្សិតនៅសាកលវិទ្យាល័យ អ្នកភ្នំពេញរូបនេះ អះអាងថា នាងមិនសូវរវល់ខ្លាំងនោះទេ ប៉ុន្តែ នាងមិនចូលចិត្តភាពអ៊ូអរ និងការរង់ចាំយូរ ខណៈដែលនាងចូលហាងម្តងៗ។
កញ្ញានិយាយយ៉ាងដូច្នេះថា៖ «ខ្ញុំមិនចង់ប្រើពេលយូរក្នុងការធ្វើដំណើរ ហើយហាងខ្លះមានមនុស្សច្រើន ដែលតម្រូវឲ្យខ្ញុំត្រូវរង់ចាំយូរ ទម្រាំបានញ៉ាំខាតពេលច្រើនណាស់។ ម្យ៉ាង ខ្ញុំចង់យកពេលវេលានេះ សិក្សារៀនសូត្រវិញ»។
បើតាម កែវពេជ្រការ ការប្រើប្រាស់សេវាកម្មដឹកជញ្ជូននេះ នាងត្រូវចំណាយថ្លៃសេវាដឹកជញ្ជូន១ដុល្លារក្នុងមួយហាង ខណៈថ្ងៃខ្លះកញ្ញាត្រូវហៅ(Call) ពី ២ ទៅ ៣ដង។ កញ្ញា កែវពេជ្រការ បន្តថា បើធៀបនឹងការចំណាយពេលវេលាធ្វើដំណើរ និងចំណាយពេលរង់ចាំ តម្លៃ១ដុល្លារនេះជាតម្លៃមួយសមរម្យ។
និន្នាការថ្មីដែលប្រជាជនងាកមកប្រើសេវាដឹកជញ្ជូនម្ហូបអាហារនេះ គឺជាភាពវិជ្ជមានមួយ ដែលពួកគេអាចយកពេលវេលានេះទៅធ្វើកិច្ចការងារសម្រាប់រកចំណូលបន្ថែម ឬសិក្សាពង្រឹងសមត្ថភាពរបស់ខ្លួន។ នេះបើតាមលោក ចាន់ បូរីម៉ា ស្ថាបនិកក្រុមហ៊ុន Nham24 ដែលបានបង្កើតឡើងនៅដើមឆ្នាំ២០១៦។
លោកបានប្រាប់ ខេមបូណូមីស ថា ក្រុមហ៊ុនរបស់លោកមិនមានភោជនីយដ្ឋានផ្ទាល់ខ្លួននោះទេ ប៉ុន្តែ ក្រុមហ៊ុនរបស់លោកគ្រាន់តែមានបុគ្គលិក និងមាន Website, App និង Facebook Page ដើម្បីឲ្យភ្ញៀវកុម៉្មង់ម្ហូបលើអ៊ីនធើណែត។
បន្ទាប់ពីទទួលបានការកុម៉្មង់ពីភ្ញៀវរួច បុគ្គលិករបស់លោកបានដឹកជញ្ជូនម្ហូបអាហារពីភោជនីយដ្ឋានដែលជាដៃគូសហការ ជាង៣០០ភោជនីយដ្ឋាននៅភ្នំពេញ យកទៅឲ្យភ្ញៀវដល់កន្លែងតែម្តង ដោយបានកម្រៃជើងសារពីភ្ញៀវ១ដុល្លារសម្រាប់ទីតាំងក្នុងខណ្ឌធំៗ៤ រួមមាន៖ ខណ្ឌដូនពេញ ៧មករា ចំការមន និងទួលគោក ខណៈខណ្ឌក្រៅពីនេះ មានកម្រៃជើងសារត្រឹម២ដុល្លារប៉ុណ្ណោះ។
លោក ចាន់ បូរីម៉ា ដែលមានវ័យ៤២ឆ្នាំ និងបានបញ្ចប់បរិញ្ញាបត្រជំនាញទីផ្សារ និងបញ្ចប់អនុបណ្ឌិតជំនាញគ្រប់គ្រងហិរញ្ញវត្ថុនៅប្រទេសអូស្រ្តាលី បានបន្តថា បច្ចុប្បន្ន អតិថិជនរបស់លោកបានកើនឡើងជាបន្តបន្ទាប់ ខណៈមនុស្សជាច្រើនចាប់ផ្តើមមានការងារមមាញឹកខ្លាំង និងបញ្ហាចរាចរណ៍កកស្ទះ បានធ្វើឲ្យអាជីវកម្មនេះ មានភាពជោគជ័យ។
បើតាមលោក ចាន់ បូរីម៉ា មនុស្សលែងចង់ចំណាយពេលធ្វើដំណើរទៅភោជនីយដ្ឋាន និងធុញទ្រាន់ក្នុងការរង់ចាំយូរ ហើយពួកគេងាកមកប្រើសេវារបស់ Nham24 ដែលពួកគេអាចជ្រើសរើសម្ហូបច្រើនមុខនិងច្រើនប្រភេទនៅក្នុង App របស់ក្រុមហ៊ុន Nham24។
លោកបញ្ជាក់យ៉ាងដូច្នេះថា៖ «មនុស្សត្រូវការភាពងាយស្រួល ដែលក្រុមហ៊ុនសេវាកម្ម ត្រូវមានសេវាកម្មរហ័ស និងមានក្រុមការងារដែលមានភាពរួសរាយរាក់ទាក់ ព្រមទាំងស្រឡាញ់ការងារនេះ ទើបអាចប្រកួតប្រជែងក្នុងទីផ្សារបាន»។
ក្រៅពីរាជធានីនៅភ្នំពេញ ស្ថាបនិកក្រុមហ៊ុន Nham24 គ្រោងពង្រីកសាខានៅខេត្តសៀមរាប និងខេត្តព្រះសីហនុ នៅឆ្នាំ២០១៨ និងគ្រោងពង្រីកទីផ្សាររបស់ខ្លួននៅប្រទេសមីយ៉ាន់ម៉ា និងឡាវ នាថ្ងៃអនាគត ផងដែរ៕