
លោក ងន សាំង អគ្គនាយកក្រុមហ៊ុន RMA Cambodia បានគូសបញ្ជាក់ថា ចាប់តាំងពីរោងចក្រដំឡើងរថយន្ត Ford នៅក្នុងខេត្តពោធិ៍សាត់ បានចាប់ផ្តើមដំណើរការរហូតដល់ដំណាច់ឆ្នាំ២០២៤កន្លងទៅនេះ គឺដំឡើងរថយន្តបានជាង៦ពាន់គ្រឿង។ ជាមួយគ្នានេះ លោករំពឹងថា ការដំឡើងរថយន្តហ្វតនៅខេត្តពោធិ៍សាត់នឹងអាចឈានដល់ចន្លោះពីជាង៨ពាន់គ្រឿង ដល់ប្រមាណ៩ពាន់គ្រឿង នៅត្រឹមដំណាច់ឆ្នាំ២០២៥ នេះ។ ការរំពឹងបែបនេះ ក៏ដោយសារលោកមើលឃើញពីសម្ទុះនៃការប្រើប្រាស់រថយន្តថ្មីនៅកម្ពុជា មានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ បន្ទាប់ពីពលរដ្ឋមានការយល់ដឹងកាន់តែច្រើនពីគុណសម្បត្តិនៃការប្រើប្រាស់រថយន្តថ្មី គួបផ្សំតម្លៃរថយន្តថ្មីបច្ចុប្បន្នប្រហាក់ប្រហែលនឹងតម្លៃរថយន្តជជុះ។ បើតាមការបញ្ជាក់របស់លោក ងន សាំង បច្ចុប្បន្នរថយន្ត Ford ដែលដំឡើងនៅក្នុងស្រុកបានចូលរួមចំណែកប្រមាណជាង៣០% នៃទីផ្សារប្រើប្រាស់រថយន្តថ្មីសរុបនៅកម្ពុជា។
គួរបញ្ជាក់ថា រោងចក្រផ្គុំ និងដំឡើងរថយន្ត Ford ដែលស្ថិតនៅស្រុកក្រគរ ខេត្តពោធិ៍សាត់ ត្រូវបានដាក់ឱ្យដំណើរការ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២។ រោងចក្រនេះអភិវឌ្ឍន៍លើផ្ទៃដីប្រមាណ៥ហិកតាជាមួយនឹងទុនវិនិយោគដំបូងប្រមាណ២១លានដុល្លារ ហើយថ្មីៗនេះ ក្រុមហ៊ុនបានបន្ថែមទុនវិនិយោគប្រមាណជាង២៦លានដុល្លារ សម្រាប់ពង្រីករោងចក្របន្ថែមនៅលើផ្ទៃដីសរុបរហូតដល់១២ហិកតា ដើម្បីបង្កើនខ្សែច្រវាក់ផលិតកម្មបន្ថែមទៀត។ រោងចក្រនេះមានសមត្ថភាពអាចផ្គុំ និងដំឡើងរថយន្តបានប្រមាណ១ម៉ឺនគ្រឿង ក្នុងមួយឆ្នាំ បើផលិតពេញសមត្ថភាព និងអាចស្រូបទាញកម្លាំងពលកម្មបានប្រមាណ៥០០នាក់ សម្រាប់ដំណើរការខ្សែច្រវាក់ផលិតកម្ម៕