លោក ថាក់ស៊ីន បាននិយាយនៅក្នុងកិច្ចសម្ភាសមួយជាមួយសារព័ត៌មានជប៉ុន Nikkei នៅទីក្រុងតូក្យូថា លោកជឿថាវានឹងមានរដ្ឋាភិបាលចម្រុះមួយ ហើយលោកមានទំនុកចិត្តថា គណបក្ស ភឿថៃ នឹងឈ្នះយ៉ាងហោចណាស់ ២៥០ អាសនៈនៅក្នុងសភាដែលមាន ៥០០ អាសនៈ។
លោក ថាក់ស៊ីន ក៏បានប្រាប់ Nikkei ដែរថា លោកមិនចង់ឱ្យរដ្ឋាភិបាលថ្មីចេញដីការលើកលែងទោសអនុញ្ញាតឱ្យលោកត្រឡប់ទៅប្រទេសវិញទេ ទោះជាគណបក្ស Pheu Thai ចង់ធ្វើបែបនេះយ៉ាងខ្លាំងក៏ដោយ ប៉ុន្តែលោកនឹងត្រឡប់ទៅប្រទេសថៃវិញតាមការព្រមព្រៀងរបស់លោកក្នុងដំណាក់កាលណាមួយ សូម្បីត្រូវប្រឈមមុខនឹងការជាប់ពន្ធនាគារក៏ដោយ។
លោក ថាក់ស៊ីន បានមិនបានបញ្ជាក់ឡើយថា តើគណបក្សភឿថៃនឹងបង្កើតកិច្ចព្រមព្រៀងណាមួយជាមួយគណបក្សនយោបាយផ្សេងទៀត ដើម្បីបង្កើតរដ្ឋាភិបាលចម្រុះថ្មីមួយក្រោយពីការបោះឆ្នោតនេះឬយ៉ាងណានោះទេ ដោយលោកគ្រាន់តែនិយាយថា លោកត្រឹមតែជាស្ថាបនិកម្នាក់នៃគណបក្សនេះប៉ុណ្ណោះ គឺមិនមែនជាសមាជិកនោះទេ ដូច្នេះហើយអ្វីដែលលោកអាចធ្វើនៅពេលនេះ គឺបានត្រឹមតែតាមអង្កេតការបោះឆ្នោតនេះពីចម្ងាយតែប៉ុណ្ណោះ។
លោក ថាក់ស៊ីន ជាមហាសេដ្ឋីថៃមួយរូបនៅក្នុងវិស័យទូរគមនាគមន៍បានលេចធ្លោនៅលើឆាកនយោបាយនៅប្រទេសថៃក្នុងឆ្នាំ១៩៩៨ ដែលពេលនោះលោកបានបង្កើតគណបក្ស ថៃរ៉ាក់ថៃ ឬមាន័យជាភាសាខ្មែរថា «ថៃស្រឡាញ់ថៃ» ហើយបានឈ្នះការបោះឆ្នោតភ្លូកទឹកភ្លូកដីក្នុងឆ្នាំ២០០១។
បន្ទាប់ពីរដ្ឋប្រហារឆ្នាំ២០០៦ លោក ថាក់ស៊ីន ត្រូវបានកាត់ទោសកំបាំងមុខពីបទពុករលួយរួមទាំងការកាន់កាប់ភាគហ៊ុនខុសច្បាប់នៅក្នុងក្រុមហ៊ុនទូរគមនាគមន៍ និងកិច្ចព្រមព្រៀងដីធ្លី ហើយដោយមិនព្រមទៅប្រឈមនឹងការជាប់ពន្ធនាគារមួយចំនួននោះ លោក ថាក់ស៊ីន ក៏បានរស់នៅក្រៅប្រទេសភាគច្រើននៅទីក្រុងឌូបៃប្រទេសអារ៉ាប់រួម។
លោក ថាក់ស៊ីន កំពុងរៀបចំកូនស្រីពៅរបស់លោកគឺអ្នកស្រី ផែតុងតន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) អាយុ ៣៦ ឆ្នាំឱ្យដឹកនាំយុទ្ធនាការបោះឆ្នោតរបស់គណបក្សភឿថៃ ប៉ុន្តែលោកមិនច្បាស់ទេថា តើកូនស្រីរបស់លោករូបនេះនឹងធ្វើជាបេក្ខជននាយករដ្ឋមន្ត្រីសម្រាប់គណបក្សនេះ ឬយ៉ាងណានោះទេ៕