អតីតមន្ត្រីសន្តិសុខអាមេរិកថ្លែងថាទំនាក់ទំនងជិតស្និទ្ធជាមួយតៃវ៉ាន់គឺចាំបាច់

ហេតុអ្វីអតីតទីប្រឹក្សាសន្តិសុខជាតិអាមេរិកអំពាវនាវឱ្យទីក្រុងវ៉ាស៊ិនតោនមានទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយតៃវ៉ាន់?


អតីតទីប្រឹក្សាសន្តិសុខជាតិរបស់សហរដ្ឋអាមេរិកបានអំពាវនាវឱ្យមានទំនាក់ទំនងកាន់តែស៊ីជម្រៅរវាងប្រទេសនេះ និងកោះតៃវ៉ាន់ ពេលលោកបំពេញទស្សនកិច្ចកាលពីថ្ងៃសៅរ៍នៅកោះដែលគ្រប់គ្រងដោយខ្លួនឯងនេះ។ សេចក្ដីថ្លែងនេះបានកើតឡើងស្របពេលដែលលោកមើលឃើញមានការគំរាមកំហែងផ្នែកយោធាកាន់តែស្រួចស្រាល់ឡើងពីប្រទេសចិន។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន AP។
អតីតមន្ត្រីសន្តិសុខអាមេរិកថ្លែងថាទំនាក់ទំនងជិតស្និទ្ធជាមួយតៃវ៉ាន់គឺចាំបាច់

លោក ចន បុលតុន (John Bolton) ដែលអាចក្លាយជាបេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋ នៅឆ្នាំ ២០២៤ បាននិយាយក្នុងព្រឹត្តិការណ៍មួយដែលរៀបចំដោយក្រុមនិយមឯករាជ្យតៃវ៉ាន់ នៅឯទីក្រុងតៃប៉ិថា ក្រុមការងារសន្តិសុខជាតិរបស់សហរដ្ឋអាមេរិកនិងរបស់កោះតៃវ៉ាន់ ត្រូវតែបង្កើតផែនការឆ្លើយតបបន្ទាន់ស្តីពីរបៀបតបតទៅនឹងសកម្មភាពដែលរដ្ឋាភិបាលចិនអាចនឹងធ្វើ។ លោកបានព្រមានថា បើពុំនោះទេ វាអាចនឹងយឺតពេល នៅពេលដែលមានការវាយប្រហារណាមួយកើតឡើង។

លោក ចន បុលតុន បានលើកឡើងក្នុងសម្ដីផ្ទាល់ថា៖ «ហើយយើងត្រូវតែប្រាប់ចិន និងរុស្ស៊ី ពីអ្វីដែលជាផលវិបាក ប្រសិនបើពួកគេហ៊ានចាត់វិធានការប្រឆាំងនឹងកោះតៃវ៉ាន់មែននោះ។ វាមិនមែនត្រឹមតែជាការឆ្លើយតបភ្លាមៗនោះទេ ប៉ុន្តែក្នុងរយៈពេលវែងជាងនេះទៀត ដើម្បីដកប្រទេសចិនចេញពីប្រព័ន្ធសេដ្ឋកិច្ចអន្តរជាតិ ប្រសិនបើប្រទេសចិនពិតជាធ្វើសកម្មភាពយោធាប្រឆាំងនឹងតៃវ៉ាន់ ឬប៉ុនប៉ងហ៊ុំព័ទ្ធកោះនេះ។»

កោះតៃវ៉ាន់ និងចិនដីគោក បានបែកបាក់គ្នានៅឆ្នាំ ១៩៤៩ បន្ទាប់ពីសង្គ្រាមស៊ីវិលដែលបានបញ្ចប់ដោយបក្សកុម្មុយនិស្តចិនគ្រប់គ្រងដីគោក។ កោះតៃវ៉ាន់មិនដែលក្លាយជាផ្នែកមួយនៃសាធារណរដ្ឋប្រជាមានិតចិនទេ ប៉ុន្តែក្រុងប៉េកាំងនិយាយថា ខ្លួនត្រូវតែបង្រួបបង្រួមកោះនេះជាមួយនឹងចិនដីគោក ទោះបីដោយបង្ខំក៏ដោយ បើសិនជាចាំបាច់។

លោក បុលតុន ដែលធ្លាប់ជាទីប្រឹក្សាសន្តិសុខជាតិប្រកាន់តឹងរបស់អតីតប្រធានាធិបតី ដូណាល់ ត្រាំ បានចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេលមួយសប្តាហ៍ទៅកាន់កោះតៃវ៉ាន់កាលពីថ្ងៃពុធ។ ដំណើរទស្សនកិច្ចនេះឆ្លុះបញ្ចាំងពីសារៈសំខាន់នៃលទ្ធិប្រជាធិបតេយ្យរបស់កោះនេះ ក្នុងន័យថាវាជាបញ្ហាមួយក្នុងការឃោសនាបោះឆ្នោតប្រធានាធិបតីអាមេរិកនៅឆ្នាំក្រោយ ស្របពេលដែលមានភាពតានតឹងកាន់តែខ្លាំងរវាងក្រុងវ៉ាស៊ីនតោននិងក្រុងប៉េកាំង។

ទោះយ៉ាងណា លោកបានគូសបញ្ជាក់ថា បញ្ជីលក់សព្វាវុធសហរដ្ឋអាមេរិកទៅឲ្យតៃវ៉ាន់ត្រូវបានគេប៉ាន់ប្រមាណថាមានចំនួន ១៩ ពាន់លានដុល្លារ ដែលមិនទាន់ទូទាត់រួច ហើយថា បញ្ជីនោះត្រូវតែជម្រះឱ្យហើយ។ លោក បុលថុន បានពន្យល់ថា៖ «មូលហេតុមួយគឺជាបញ្ហារបស់សហរដ្ឋអាមេរិក។ មូលដ្ឋានឧស្សាហកម្មការពារជាតិរបស់យើងមិនរឹងមាំដូចពីមុនទេ។ យើងត្រូវតែកែលម្អវា សម្រាប់ជាប្រយោជន៍សកល ប៉ុន្តែជាពិសេសសម្រាប់កោះតៃវ៉ាន់តែម្តង។»

កាលពីថ្ងៃសុក្រ ក្រសួងការពារជាតិតៃវ៉ាន់បាននិយាយថា យោធារបស់ប្រទេសចិនបានបញ្ជាឱ្យយន្តហោះចម្បាំងចំនួន ៣៨ គ្រឿង និងយន្តហោះចម្បាំងផ្សេងទៀត ហោះហើរនៅជិតកោះតៃវ៉ាន់។ នោះគឺជាការបង្ហាញការហោះហើរដ៏ធំបំផុតចាប់តាំងពីសមយុទ្ធយោធាដ៏ធំកាលពីពេលកន្លងទៅ បន្ទាប់ពីមេដឹកនាំកោះតៃវ៉ាន់លោកស្រី សៃ អ៊ីនវេន បានជួបជាមួយប្រធានសភាអាមេរិកលោក ខេវីន ម៉ាកខាធី នៅថ្ងៃទី ៥ ខែមេសា។

លោក ចន បុលតុន មានកម្មវិធីចូលរួមពិធីជប់លៀងមួយនៅថ្ងៃចន្ទដែលរៀបចំដោយសមាគម ហ្វ័រម៉ូសាន (Formosan) សម្រាប់កិច្ចការសាធារណៈ ដែលជាអង្គការគាំទ្រឯករាជ្យ ដែលមានទីស្នាក់ការនៅទីក្រុងវ៉ាសស៊ីតោន។ លោកស្រី សៃ អ៊ីនវេន នឹងចូលរួមកម្មវិធីនោះដែរ៕




អត្ថបទបន្ទាប់


និយ័តករបរធនបាលកិច្ច ផ្ដល់នូវការបណ្ដុះបណ្ដាលស្តីពី “យន្តការ ការគ្រប់គ្រង និងការត្រួតពិនិត្យបរធនបាលកិច្ច” សម្រាប់ថ្នាក់ដឹកនាំ និងបុគ្គលិករបស់ក្រុមហ៊ុន កាណា ត្រាស ឯ.ក

ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) បានអញ្ជើញចូលរួមជាមួយលោក Yee Con Long អភិបាល និងនាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុ…

កូរ៉េខាងជើងប្រទេចលោក ចូ បៃដិន និងវាយប្រហារកិច្ចព្រមព្រៀងរបស់អាមេរិកជាមួយកូរ៉េខាងត្បូង

ប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើងបានឱ្យដឹងថា ប្រទេសនេះនឹងបង្ហាញអំណាចយោធារបស់ខ្លួនដែលមានលក្ខណៈបង្កហេតុ និងខ្លាំងក្លាជាមុនបន្ថែ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ