ក្រុមហ៊ុនទាំងពីរខាងលើនេះបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយថា Foxconn និង PTT បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាមួយរួចរាល់ហើយ ដើម្បីធ្វើកិច្ចសហប្រតិបត្តិការក្នុងការផលិតរថយន្តអគ្គិសនី និងគ្រឿងបន្លាស់របស់វាសម្រាប់ទីផ្សារក្នុងប្រទេសថៃ។
សេចក្តីថ្លែងការណ៍ដដែលបានគូសបញ្ជាក់ទៀតថា ក្រោមភាពជាដៃគូបែបបើកចំហរវាងក្រុមហ៊ុនទាំងពីរ ថែមទាំងបានអនុញ្ញាតឲ្យមានការផ្តល់សេវាថែទាំរថយន្ត ទាំងផ្នែកបច្ចេកទេស និងគ្រឿងបន្លាស់សម្រាប់ទីផ្សាររថយន្តក្នុងស្រុកទៀតផង។ យ៉ាងណាមិញ ក្រុមហ៊ុនទាំងពីរពុំបានបញ្ជាក់លម្អិត ពីទំហំនិងទឹកប្រាក់វិនិយោគ ព្រមទាំងផែនការផលិតកម្មនោះទេ។
គួរជម្រាបថា កិច្ចសហការផលិតរថយន្តអគ្គិសនីក្នុងប្រទេសថៃនេះ សបញ្ជាក់ពីមហិច្ឆតារបស់ក្រុមហ៊ុនតៃវ៉ាន់ ក្នុងការពង្រីកខ្លួនក្នុងទីផ្សាររថយន្តអគ្គិសនីពិភពលោក។ ជាក់ស្តែង នៅប៉ុន្មានឆ្នាំចុងក្រោយនេះ Foxconn បានចុះកិច្ចព្រមព្រៀងជាមួយនឹងដៃគូជាច្រើនប្រទេសជុំវិញពិភពលោក ដូចជាក្រុមហ៊ុនចិន និងក្រុមហ៊ុនរបស់ឥណ្ឌាជាដើម ក្នុងគោលដៅផលិតរថយន្តអគ្គិសនីនេះឡើង។
Foxconn បានដាក់គោលដៅផ្គត់ផ្គង់គ្រឿងបន្លាស់ និងសេវាកម្មសម្រាប់រថយន្តអគ្គិសនីឲ្យបាន១០% នៃរថយន្តអគ្គិសនីនៅទូទាំងពិភពលោក ឲ្យបានមុនឆ្នាំ២០២៥ ឬ២០២៧។ ទន្ទឹមនឹងនេះ ក្នុងនាមជាក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិចដ៏ធំ Foxconn បានប្តេជ្ញាបញ្ចុះតម្លៃដល់ក្រុមហ៊ុនផលិតរថយន្តណា ដែលបញ្ជាទិញគ្រឿងបង្គុំរបស់ខ្លួនយកទៅប្រើប្រាស់ផងដែរ។
សូមបញ្ជាក់ថា ក្នុងចំណោមកិច្ចព្រមព្រៀងធំៗជាច្រើនដែល Foxconn កំពុងមាននៅក្នុងដៃ ជាមួយថៃ ចិន ឥណ្ឌា និងអាមេរិក ក្នុងនោះគេសង្កេតឃើញ កិច្ចព្រមព្រៀងជាមួយអាមេរិកជាកិច្ចព្រមព្រៀងធំជាងគេ ដោយក្រុមហ៊ុនអាចនឹងផលិតយានយន្តអគ្គិសនីប្រមាណ ១សែន៥ម៉ឺនគ្រឿងចាប់ពីឆ្នាំ ២០២៣តទៅ ក្នុងភាពជាដៃគូជាមួយក្រុមហ៊ុនផលិតរថយន្តអគ្គិសនីអាមេរិកឈ្មោះថា Fisker៕