ដោយហេតុតែអឺរ៉ុបនៅតែបន្តជាប់គាំងនៅក្នុងវិបត្តិសេដ្ឋកិច្ចនោះ រដ្ឋមន្ត្រីហិរញ្ញវត្ថុបារាំងលោក ប្រ៊ុយណូ ឡឺមែរ កាលពីពេលថ្មីៗបានបន្ទាបការព្យាករសម្រាប់កំណើនសេដ្ឋកិច្ចនៅឆ្នាំនេះពី អត្រា១.៤% មកត្រឹមតែ១% ហើយលោកក៏បានប្រកាសកាត់បន្ថយការចំណាយរបស់រដ្ឋសរុបចំនួនជាង១០ពាន់លានដុល្លារ ដើម្បីបំពេញតាមការប្តេជ្ញាចិត្តក្នុងការកាត់បន្ថយឱនភាពថវិការបស់ប្រទេសនេះ។
លោក ឡឺមែរ បាននិយាយថា ដើម្បីប្រកាសពីវិធានការណ៍នេះ គោលការណ៍នៃទំនួលខុសត្រូវគឺត្រូវធ្វើសកម្មភាពក្នុងពេលដ៏ត្រឹមត្រូវដោយភាពម៉ត់ចត់ ដើម្បីរក្សាការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឱនភាព និងបំណុល។
រដ្ឋមន្ត្រីក្រសួងថវិការបស់បារាំងលោក ថូម៉ាស កាហ្សេណាវី (Thomas Cazenave) បាននិយាយកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះថា វាពិតជាអាចនិយាយបានថា រដ្ឋាភិបាលបារាំងនឹងត្រូវសន្សំប្រាក់ជិត ១៣ពាន់លានដុល្លារនៅឆ្នាំក្រោយ។
ការធ្លាក់ចុះទស្សនវិស័យរបស់បារាំងនេះ គឺជាការបរាជ័យដ៏ធំមួយចំពោះលោក ម៉ាក្រុង។ រហូតមកដល់ពេលនេះ លោក ម៉ាក្រុង បានចាប់ផ្ដើមកែលម្អជំហរសារពើពន្ធរបស់ប្រទេសនេះដោយគ្មានការរឹតបន្តឹង ឬការដំឡើងពន្ធអ្វីឡើយ ផ្ទុយមកវិញ គឺមានតែពឹងផ្អែកលើកំណើនសេដ្ឋកិច្ចខ្លាំងជាងមុនដែលលោកបានអះអាងថានឹងបានមកពីកំណែទម្រង់គាំទ្រអាជីវកម្ម និងទីផ្សារការងារ។
លោក ឡឺមែរ ដែលបានកាន់តំណែងរដ្ឋមន្ត្រីហិរញ្ញវត្ថុចាប់តាំងពីលោក ម៉ាក្រុង បានជាប់ឆ្នោតជាលើកដំបូងក្នុងឆ្នាំ២០១៧នោះបាននិយាយថា លោកបានប្តេជ្ញាចិត្តថានឹងមិនដំឡើងពន្ធថែមទៀតឡើយ ហើយរដ្ឋាភិបាលបានកាត់បន្ថយពន្ធទាំងនោះ និងមិនផ្លាស់ប្ដូរគោលជំហរនេះឡើយព្រោះថាប្រជាជនបារាំងមិនអាចរ៉ាប់រងបង់ពន្ធថែមទៀតនោះទេ។
កាលពីខែធ្នូ ឆ្នាំ២០២៣ ក្រុមហ៊ុនវាយតម្លៃសកល S&P Global Ratings បានរក្សាទស្សនវិស័យអវិជ្ជមានលើចំណាត់ថ្នាក់សេដ្ឋកិច្ចរបស់ប្រទេសបារាំង ហើយបានព្រមានថា ប្រទេសនេះអាចមានការធ្លាក់ចុះសេដ្ឋកិច្ចនៅឆ្នាំនេះ គឺវាអាស្រ័យលើរបៀបដែលការចំណាយរបស់រដ្ឋាភិបាល និងការអនុវត្តសេដ្ឋកិច្ចជះផលប៉ះពាល់ទៅលើហិរញ្ញវត្ថុសាធារណៈតែប៉ុណ្ណោះ៕
អត្ថបទ៖ សុខ ជា