
កំពុងតែមមាញឹករៀបចំបញ្ចេញជ្រូកទៅឲ្យភ្ញៀវយ៉ាង លោក កន ម៉ៅ ថៅកែផ្គត់ផ្គង់ជ្រូកខ្វៃដ៏ធំនៅរាជធានីភ្នំពេញបាន បានឆ្លៀតពេលផ្ដល់បទសម្ភាសន៍ជាមួយសារព័ត៌មានខេមបូណូមីសថា លោកបានត្រៀមជ្រូក៣ម៉ឺនក្បាល ដើម្បីផ្គង់ផ្គង់ក្នុងរដូវចូលឆ្នាំចិនឆ្នាំនេះ។
ថៅកែ ម៉ៅ បានបន្ថែមទៀតថា តម្លៃជ្រូកឆ្នាំនេះ មានតម្លៃកើនខ្ពស់ជាង២ដង ធៀបនឹងឆ្នាំមុន ជាក់ស្ដែង ជ្រូកខ្វៃឆ្នាំមុនជ្រូកតូចទម្ងន់៥គីឡូ មានតម្លៃតែ ៥ម៉ឺនរៀលប៉ុណ្ណោះ ក្នុងមួយគីឡូក្រាម តែឥឡូវឡើងដល់ ១០ម៉ឺនរៀលក្នុងមួយគីឡូក្រាម។ បើទោះបីជាជ្រូកខ្វៃឡើងថ្លៃយ៉ាងណាក្ដី អ្នកទិញនៅតែសម្រុកមកកម្ម៉ង់ទិញជាហូរហែ។
ថៅកែ ម៉ៅ មានប្រសាសន៍យ៉ាងដូច្នេះ «អ្នកទិញកាលពីដំបូងឡើយ គាត់មកសួរ វាដូចតិចៗដែរ ប៉ុន្ដែឥឡូវតាមខ្ញុំប៉ាន់ស្មានមនុស្សដែលទិញហ្នឹងវាចូល៩០%ហើយ។ ថ្លៃម៉េចក៏គេនៅតែធ្វើបានដែរ ប្រជាជនសម័យនេះនោះ! គេជឿនណាស់»។
ទាក់ទងនឹងហេតុផលដែលធ្វើឲ្យជ្រូកឡើងថ្លៃ ថៅកែជ្រូកខ្វៃរូបនេះ អះអាងថា ដោយសារតែប៉ុន្មានខែមុននេះ ការចិញ្ចឹមជ្រូកជួបប្រទះនូវការរាតត្បាតនូវជំងឺធ្វើឲ្យជ្រូកជាច្រើនងាប់ ដែលធ្វើឲ្យមានកង្វះខាតជ្រូកនៅលើទីផ្សារ ហើយមិនមែនតែនៅកម្ពុជាទេ នៅប្រទេសជិតខាងក៏ជួបញ្ហានេះដែរ។

ថៅកែម៉ៅ បញ្ជាក់ថា «ជ្រូកវាឡើងថ្លៃ ដោយសារយើង ២ ទៅ៣ខែមុននេះ អាការចិញ្ចឹមមេ ហើយនឹងបាងាប់អស់ទៅ! អញ្ចឹងបានវត្ថុធាតុដើមងាប់អស់ទៅបានជ្រូកពីណាមក វាមិនខ្វះជ្រូក? ទាល់តែខ្វះជ្រូកអញ្ចឹង ជ្រូកឡើងថ្លៃ១ជា២ ជា៣ឯណោះ នៅឆ្នាំហ្នឹង!»។
លោក កន ម៉ៅ បានលើកឡើងទៀតថា ជ្រូកដែលលោកយកមកខ្វះ គឺមានខ្លះយកមកពីកសិដ្ឋានចិញ្ចឹមក្នុងស្រុក និងខ្លះទៀត នាំចូលពីប្រទេសវៀតណាមមកដែរ។ លោកថា បើទោះបីជា ជ្រូកនៅវៀតណាមមានតម្លៃថ្លៃក៏ដោយ លោកត្រូវតែទិញយកមកដែរ ព្រោះតម្រូវការក្នុងស្រុកកំពុងកើនឡើង។
ទោះយ៉ាងណា ថៅកែជ្រូកខ្វៃរូបនេះ បានបញ្ជាក់ថា សម្រាប់ជ្រូកនាំពីប្រទេសថៃ គឺមិនអាចយកមកខ្វៃបានល្អទេ ព្រោះជ្រូកថៃ មានខ្លាញ់ច្រើនពេក៕

