គម្រោងខ្សែរថភ្លើងនេះ ត្រូវវបានគេមើឃើញថា នឹងបម្រើដល់ភាពខ្វះខាតនៃសេវាដឹកជញ្ជូនសាធារណៈ ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធទំនើបនៅក្នុងប្រទេសប្រទេសប៉ាគីស្ថាន។
មានចម្ងាយប្រវែង ២៧គីឡូម៉ែត្រ និងមានស្ថានីយជាង ២០កន្លែង ខ្សែរថភ្លើងដែលមានឈ្មោះថា Orange Line ដែលប្រទេសចិនជាអ្នកផ្ដល់កម្ចីសម្រាប់ការសាងសង់នោះ នឹងជួយកាត់បន្ថយពេលវេលាធ្វើដំណើររបស់ប្រជាជនប៉ាគីស្ថាន ពីតំបន់មួយទៅតំបន់មួយ ដោយធ្លាប់តែចំណាយពេលវេលា២ម៉ោងកន្លះ តាមរថយន្ដមកប្រើពេលតែ ៤៥នាទីប៉ុណ្ណោះ តាមរយៈខ្សែរថភ្លើងនេះ។
គម្រោងខ្សែរថភ្លើងនេះ ក៏នឹងផ្ដល់នូវសេវាប្រភេទលំដាប់ខ្ពស់ World Class សម្រាប់សេវាសាធារណៈក្នុងទីក្រុង ឡាហ៊រ នៃប្រទេសប៉ាគីស្ថានផងដែរ។ នេះបើតាមការអះអាងរបស់មន្ត្រីជាន់ខ្ពស់នៃប្រទេសប៉ាគីស្ថាន។
ការបើកដំណើរការខ្សែរថភ្លើង Metroនេះ គឺធ្វើឡើងបន្ទាប់បានពន្យារពេលអស់ជាច្រើនឆ្នាំ ដោយសារតែមានជម្លោះផ្នែកនយោបាយ និងមានការចោទសំណួរឡើងជាច្រើន អំពីចំនួនបំណុលដ៏ច្រើនលើសលុប ដែលប្រទេសប៉ាគីស្ថាន បានខ្ចីនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ពិសេសតាមរយៈគម្រោងហេដ្ឋារចនាសម្ព័ន្ធ ដែលផ្ដល់ហិរញ្ញប្បទានដោយចិន។
ជាក់ស្ដែង គម្រោងរថភ្លើង Metro នេះ បានចំណាយថវិកាប្រមាណ ១ពាន់៨រយលានដុល្លារអាមេរិក។ ក្រុមអ្នករិះគន់ ក៏បានស្ដីបន្ទោសដល់គម្រោងនេះ ថា បានបង្កឲ្យមានគ្រោះថ្នាក់ដល់តំបន់ប្រវត្តិសាស្ត្រជាច្រើនកន្លែងនៅទូទាំងទីក្រុង ឡាហ៊រ។
ទោះបី មានការពន្យារពេល និងមានភាពចម្រូងសម្រាសយ៉ាងណាក្ដី អាជ្ញាធរ ប៉ាគីស្ថាននៅតែសង្ឃឹមថា ខ្សែរថភ្លើងថ្មីនេះ នឹងកាត់បន្ថយការកកស្ទះចរាចរណ៍ នៅក្នុងទីក្រុងដែលកន្លងមកអ្នកធ្វើដំណើរជារឿយៗចំណាយពេលវេលារាប់ម៉ោងតាមរថយន្ដ និងរថយន្ដក្រុង។
មន្ត្រីរដ្ឋាភិបាលរំពឹងថា ប្រជាជនប្រមាណ២៥ម៉ឺននាក់ នឹងអាចធ្វើដំណើររតាមខ្សែរថភ្លើងនេះ ជារៀងរាល់ថ្ងៃ ខណៈដែលប៉ាគីស្ថាន គឺទទួលរងនូវហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសាធារណៈ មិនល្អ ដែលធ្វើឲ្យមានការលំបាកក្នុងការធ្វើដំណើរប្រចាំថ្ងៃ ហើយតម្លៃនៃការធ្វើដំណើរទៀតសោត គឺមានតម្លៃថ្លៃសម្រាប់កម្មករដែលមានប្រាក់ខែទាប។
សូមបញ្ជាក់ថា ទីក្រុងប៉េកាំង បាននិងកំពុងបញ្ចេញសាច់ប្រាក់យ៉ាងច្រើនចូលប្រទេសប៉ាគីស្ថាន ដោយមានការវិនិយោគជាង ៥០ពាន់លានដុល្លារ ជាផ្នែកមួយនៃគម្រោងច្រករបៀងសេដ្ឋកិច្ចចិន-ប៉ាគីស្ថាន ដែលបានធ្វើឲ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ, វិស័យថាមពល និងការតភ្ជាប់ការដឹកជញ្ជូន ទូទាំងប្រទេស៕