តាមរបាយការណ៍របស់នាយកដ្ឋានពាណិជ្ជកម្មក្រៅប្រទេស របស់ថៃ បានឲ្យដឹងថា ការនាំចេញតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីហៅកាត់ថា FTA ត្រូវបានដឹងថា សម្រេចបានធំជាង ការនាំចេញតាមប្រព័ន្ធអនុគ្រោះពន្ធទូទៅ GSP ពោលគឺការនាំចេញតាម FTA មានប្រមាណ ជាង ២២ពាន់ ៥០០លាន ដុល្លារអាមេរិក កើនឡើងប្រមាណជិត៤% ខណៈដែលការនាំចេញតាមប្រព័ន្ធ អនុគ្រោះពន្ធទូទៅ GSP មានតែប្រមាណជាង ១ពាន់៧០០លានដុល្លារអាមេរិកប៉ុណ្ណោះ ប៉ុន្ដែ កំណើនមានរហូតដល់ជាង២២%។
ទោះបីជាការនាំចេញតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងប្រព័ន្ធអនុគ្រោះពន្ធទូទៅ GSP នៅរយៈពេល៤ខែមកនេះ បង្ហាញនូវកំណើនក្ដី ប៉ុន្ដែ សម្រាប់ការនាំចេញសរុបរបស់ថៃ នៅតែមានការធ្លាក់ចុះប្រមាណជិត ២% ផងដែរ នៅ៤ខែ ឆ្នាំ២០១៩នេះ។
តាមការបញ្ជាក់ពីប្រធាននាយកដ្ឋានពាណិជ្ជកម្មក្រៅប្រទេសថៃ នៅក្នុងសារព័ត៌មានបាងកកប៉ុស្ដិ៍បានឲ្យដឹងថា ទំហំនៃការនាំចេញតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ គឺភាគច្រើនបានមកពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងថៃ និងអាស៊ាន ដែលមានទំហំនាំចេញប្រមាណជាង ៨ពាន់លានដុល្លារអាមេរិក នៅ៤ខែឆ្នាំនេះ។
រីឯការនាំចេញរបស់ថៃតាមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិនវិញមានជាង ៦ពាន់លានដុល្លារអាមេរិក និងជាមួយអូស្ត្រាលីមានជាង២ពាន់៦០០ លានដុល្លារអាមេរិក ខណៈដែលជាមួយជប៉ុន មានជាង ២ពាន់៥០០ លាន និងជាមួយឥណ្ឌា មានជាង១ពាន់៥០០ លានដុល្លារអាមេរិក។ នេះគឺទំហំនៃការនាំចេញរបស់ថៃ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយបណ្ដាប្រទេសជាដៃគូសំខាន់ៗ។
ជាមួយគ្នានេះ មានទំនិញសំខាន់ៗចំនួន៥ ប្រភេទ ដែលត្រូវបាននាំចេញតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រួមមានដូចជា ឡានដឹកទំនិញ កៅស៊ូធម្មជាតិ និងផលិតផលកៅស៊ូ ផ្លែទុរេនស្រស់ ស្ករអំពៅ ផ្លែឈើស្រស់ និងដំណាប់ផ្លែឈើជាដើម។
គិតមកទល់បច្ចុប្បន្ន ប្រទេសថៃ មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចំនួន១៣ ដែលកិច្ចព្រមព្រៀងចុងក្រោយនោះ គឺបានធ្វើឡើងរវាងអាស៊ាន និងហុងកុង ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងការវិនិយោគ ដែលវាបានចូលជាធរមានតាំងពីថ្ងៃទី ១១ខែមិថុនាកន្លងទៅថ្មីៗនេះ។
ដោយឡែកចំពោះ ប្រព័ន្ធអនុគ្រោះពន្ធទូទៅ GSPវិញប្រទេសថៃទទួលបានការអនុគ្រោះពន្ធនេះ ពីប្រទេសចំនួន៤ គឺអាមេរិក ស្វីស័រឡែន រុស្ស៊ី និងណ័រវេ ដែលមានទំហំនាំចេញសរុបរបស់ថៃ មានជាង១ពាន់ ៧០០ លានដុល្លារ នៅរយៈពេល៤ខែឆ្នាំនេះ កើនឡើងជាង២២%។ ក្នុងនោះ ការនាំចេញរបស់ថៃ ទៅអាមេរិកគឺមានធំជាងគេ។
ការសម្រេចរបស់អាមេរិកក្នុងការដក ប្រព័ន្ធអនុគ្រោះទូទៅ GSP ពីប្រទេសឥណ្ឌាកាលពីថ្ងៃទី ៥មិថុនាកន្លងទៅនេះ ត្រូវបានអ្នកជំនាញសេដ្ឋកិច្ចថៃអះអាងដែរថា នឹងផ្ដល់ឱកាសដល់អ្នកនាំចេញថៃ ក្នុងការក្ដោបក្ដាប់ទីផ្សារជំនួសសម្រាប់ការនាំចេញទៅអាមេរិកផងដែរ។
សម្រាប់ឆ្នាំនេះដែរ នាយកដ្ឋានពាណិជ្ជកម្មក្រៅប្រទេសថៃ បានកំណត់គោលដៅនឹងប្រើប្រាស់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងប្រព័ន្ធអនុគ្រោះពន្ធ សម្រាប់ការនាំចេញឲ្យសម្រេចបានកំណើន៩% ដែលមានតម្លៃទំហំទឹកប្រាក់ប្រមាណ៨១ពាន់លានដុល្លារអាមេរិក ដែលកើនឡើងពី៧៤ពាន់លានដុល្លារអាមេរិក កាលពីឆ្នាំ២០១៨៕