បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម ចាប់ថ្ងៃទី១៦ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ ប្រេងសាំងធម្មតាត្រូវលក់ចេញ ៣,៥០០រៀលក្នុង១លីត្រ កើនឡើង១០០រៀល ខណៈប្រេងម៉ាស៊ូតលក់ចេញ៣,២០០រៀលក្នុង១លីត្រ កើនឡើង១៥០រៀលក្នុង១លីត្រ។
យើងសង្កេតឃើញថា តម្លៃប្រេងឥន្ធនៈនៅកម្ពុជា បានបន្តឡើងថ្លៃជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ពោលគឺតាំងពីខែវិច្ឆិកា ឆ្នាំ២០២០ មកម្ល៉េះ។ បើប្រៀបធៀបតម្លៃប្រេងឥន្ធនៈតាំងពីពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២០ ដល់បច្ចុប្បន្ន ប្រេងសាំងធម្មតាបានឡើងថ្លៃ ៥៥០រៀលក្នុង១លីត្រ ខណៈប្រេងម៉ាស៊ូតឡើង ៦៥០រៀលក្នុង១លីត្រ។
បើក្រឡេកទៅមើលតម្លៃប្រេងឆៅនៅលើទីផ្សារពិភពលោក ក៏ដូចជាទីផ្សារ WTI របស់អាមេរិក ក៏បានឡើងថ្លៃផងដែរ។ បើគិតត្រឹមខែមករា ដើមឆ្នាំ២០២១ មកដល់ខែកុម្ភៈ តម្លៃប្រេងឆៅបានឡើងថ្លៃពី៥២ដុល្លារអាមេរិកដល់៦០ដុល្លារអាមេរិកក្នុងមួយបារ៉ែល។
ការឡើងថ្លៃនៃតម្លៃប្រេងឆៅនៅលើទីផ្សារសកលលោកនេះ ត្រូវបានអ្នកជំនាញពន្យល់ថា គឺដោយសារតែមានការកាត់បន្ថយផលិតកម្មប្រេងពីប្រទេសផលិតប្រេងធំៗ គួបផ្សំនឹងក្ដីសង្ឃឹមខ្ពស់នៃការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចសកល ដែលនឹងជំរុញឲ្យមានតម្រូវការប្រើប្រាស់ប្រេងនឹងកាន់តែមានការកើនឡើងខ្ពស់ជាងមុន៕
សូមទស្សនាសេចក្តីរាយការណ៍បន្ថែមខាងក្រោម៖