របាយការណ៍ពី ADB បានគូសបញ្ជាក់ថា បើសិនជាយើងអាចគ្រប់គ្រងមេរោគកូវីដ១៩ បានក្នុងរយៈពេលខ្លី នោះផលប៉ះពាល់ដល់សេដ្ឋកិច្ចសកល គឺត្រឹមតែ ២ទ្រីលានដុល្លារអាមេរិកប៉ុណ្ណោះ ឬស្មើនឹង ២,៣% នៃ GDP សេដ្ឋកិច្ចសកល។យ៉ាងណាក៏ដោយ ផលប៉ះពាល់ដល់ បណ្តាប្រទេសក្នុងតំបន់អាស៊ី រួមទាំង ប្រទេសចិន ដែរនោះ គឺស្ថិតនៅចន្លោះពី ២២% ដល់ ៣៦% នៃផលប៉ះពាល់សរុបដោយមេរោគកូវីដ។
លោក យ៉ាស៊ូ យូគី សាវ៉ាដា ប្រធានសេដ្ឋកិច្ចវិទូនៃ ធនាគារអភិវឌ្ឍន៍អាស៊ី បានមានប្រសាសន៍ថា គ្មាននរណាម្នាក់ អាចប៉ាន់ប្រមាណបានទេថា មេរោគកូវីដ១៩ នឹងរីករាលដាលដល់ណានោះ ហើយការគ្រប់គ្រងមេរោគនេះ អាចនឹងប្រើប្រាស់ពេលវេលា យូរជាងគេការព្យាករណ៍ទុកទៅទៀត ដូច្នេះហើយ ភាពវឹកវរនិងវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរ អាចនឹងកើតមានឡើង។
កាលពីដើមខែ មីនា កន្លងទៅ ធនាគារ ADB បានព្យាករណ៍ថា មេរោគនេះ នឹងប៉ះពាល់ដល់សេដ្ឋកិច្ចសកលត្រឹមតែ ៣៤៧ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ តែក្រោយមក ការរីករាលដាល បានផ្ទុះខ្លាំងចេញពី ប្រទេសចិន ទៅដល់ ប៉ែកអឺរ៉ុប និងសហរដ្ឋអាមេរិក។
លើសពីនេះទៅទៀត ADB ក៏បានកាត់បន្ថយការព្យាករណ៍ពី កំណើនសេដ្ឋកិច្ចសម្រាប់តំបន់អាស៊ី ពី ៥,៥% មកនៅត្រឹម ២,២% ប៉ុណ្ណោះ ក្នុងនោះ កំណើនសេដ្ឋកិច្ចប្រទេសចិន ក៏ត្រូវបានព្យាករណ៍សារជាថ្មី ថយចុះពី ៦% មកនៅត្រឹម ២,៣% ហើយបណ្តាប្រទេសក្នុងតំបន់ រួមមានទាំងកម្ពុជា ដែរនោះ នឹងមានកំណើនសេដ្ឋកិច្ចទាប នៅក្នុងឆ្នាំ ២០២០នេះ។ជាចុងក្រោយ ADB ក៏បានបង្ហាញថា ប្រទេសថៃ ដែលជាប្រទេសពឹងផ្អែកលើ វិស័យទេសចរណ៍ និងការជួញដូរទំនិញ គឺជាប្រទេសដែលរងផលប៉ះពាល់ខ្លាំងជាងគេពី មេរោគកូវីដ១៩នេះ៕