បើតាមសមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានឲ្យដឹងថា ចំពោះអ្នកបញ្ជាទិញទាំងអស់ នៅក្នុងកាលៈទេសៈនេះ សូមកុំបោះបង់កម្ពុជា សមាគមបានជំរុញអ្នកបញ្ជាទិញបំពេញកាត្វកិច្ចរបស់ខ្លួន តាមកិច្ចសន្យា ដែលបានចុះរួចហើយ ដោយទទួលយកការដឹកទំនិញដែលបានផលិតរួច និងទំនិញដែលបច្ចុប្បន្នកំពុងផលិត និងទូទាត់ ប្រាក់តាមលក្ខខណ្ឌធម្មតា។ សមាគមរោងចក្រកាត់ដេរ នៅកម្ពុជា បញ្ជាក់ថា «ការធ្វើបែបនេះ នឹងអាចធ្វើឲ្យរោងចក្រមានលទ្ធភាពបើកប្រាក់ឈ្នួល ដល់កម្មករ និងបន្ដការងារសម្រាប់ពួកគេ។»
ដោយឡែក ចំពោះរោងចក្រវិញ សមាគមបានគូសបញ្ជាក់ថា សុវត្ថិភាពកម្មករ ជាកត្តចម្បង។ និងស្នើឲ្យរោងចក្រយកចិត្តទុកដាក់ និងអនាម័យកម្រិតខ្ពស់ ជាវិធានការការពារនៅកន្លែងការងារ ដើម្បីការពារកម្មករ និងជួយបង្ការការឆ្លងរីករាលដាលនៃវីរុសនេះ។
រីឯ ចំពោះកម្មរ និងសហជីពទាំងអស់វិញ សមាគម សូមឲ្យមានទំនុកចិត្ត លើវិធានការការពារលក្ខណៈវិទ្យាសាស្ត្រ ដែលកំពុងអនុវត្ត នៅកន្លែងធ្វើការងារ។ លើសពីនេះ ត្រូវធ្វើជាផ្នែកមួយនៃ ដំណោះស្រាយ ជាពិសេសបន្ដការនៅឆ្ងាយ និងកាត់បន្ថយជាអតិបរមា ចំពោះពិធីជួបជុំផ្សេងៗ និងត្រូវលាងដៃឲ្យបានញឹកញាប់ និងមិនយកដៃប៉ះមុខនោះឡើយ។
សូមបញ្ជាក់ថា បើតាមប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ធ្លាប់បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះ រោងចក្រកាត់ដេរនៅកម្ពុជា ក្រោយពីបញ្ហាកង្វះវត្ថុធាតុដើមផលិតត្រូវបានដោះស្រាយបានមួយអន្លើហើយនោះ ឥឡូវនេះ ក៏ត្រូវប្រឈមនឹងបញ្ហាមួយទៀត ដោយសារតែអ្នកបញ្ជាទិញពីអឺរ៉ុប និងអាមេរិក បានប្រាប់ឲ្យរោងចក្រកាត់ដេរនៅកម្ពុជាបន្ដការផ្អាកប្រតិបត្តិការផលិតបន្ដទៀត ដោយសារតែបញ្ហា Covid-19 កំពុងរាតត្បាតខ្លាំងនៅបណ្ដាប្រទេសទាំងនោះ។
មិនមែនតែនៅកម្ពុជានោះទេ ដែលជួបញ្ហានេះ បើតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាម VN Express ការផ្អាកការបញ្ជាទិញពីអឺរ៉ុប និងអាមេរិកនេះ ក៏បានធ្វើឲ្យប៉ះពាល់ដល់រោងចក្រវាយនភណ្ឌ សម្លៀកបំពាក់ និងស្បែកជើងនៅវៀតណាម គួរឲ្យកត់សម្គាល់ផងដែរ៕