ករណីបិទរោងចក្រកាត់ដេរ

សមាគមរោងចក្រកាត់ដេរកម្ពុជា បញ្ជាក់ថា ការបិទរោងចក្រអាចមានរយៈពេលដល់ ២ខែ


ក្រោយពីមានការអះអាងពីមន្ត្រីនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈថា ចាប់ពីខែមីនាខាងមុខនេះ នឹងមានរោងចក្រមួយចំនួនត្រូវបិទទ្វារបណ្ដោះអាសន្នឬព្យួរការងារកម្មករនយោជិត ដោយសារតែបញ្ហាកង្វះវត្ថុធាតុដើមផលិតនោះ នាពេលថ្មីៗនេះ ខាងសមាគមរោងចក្រកាត់ដេរ ក៏បានចេញមុខអះអាងដែរ ការផ្អាកប្រតិបត្តិការផលិតកម្មបណ្ដោះអាសន្នរបស់រោងចក្រ អាចមានរយៈពេល ១ខែពេញ ឬដល់២ខែ។
កម្មករ​ចេញ​ពី​រោងចក្រ​មួយ​កន្លែង នៅក្នុងរាជធានីភ្នំពេញ ប្រទេស​កម្ពុជា។ រូបភាព​ឯកសារ
ដោយ

តាមសេចក្ដីប្រកាស​ព័ត៌មាន​របស់សមាគម​រោងចក្រ​កាត់ដេរនៅកម្ពុជា ដែលបាន​ចេញ​ផ្សព្វផ្សាយ​នៅថ្ងៃទី ១១ កុម្ភៈនេះ បានឲ្យដឹងថា បច្ចុប្បន្ន​វត្ថុធាតុដើម​ប្រហែលជាង ៦០% សម្រាប់​បម្រើឲ្យ​ផលិតកម្ម​ក្នុងវិស័យកាត់ដេរ​សម្លៀកបំពាក់​ និងផលិតផល​ស្បែកជើង​ត្រូវបាន​នាំចូល​ពីប្រទេសចិន។

សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា​បាន​ឲ្យដឹងទៀតថា បច្ចុប្បន្ន ដោយសាររតែ​ឧបទ្ទវហេតុ​នៃការរីករាលដាល​នៃវីរុស​កូរ៉ូនា នៅក្នុប្រទេសចិន រោងចក្រ​ផលិត​វត្ថុធាតុដើម និងក្រុមហ៊ុន​ផ្ដល់សេវាជាច្រើន​បានបិទ​ដំណើរការ​បណ្ដោះអាសន្ន ហើយ​ប្រហែលជារហូតដល់​ចុង​ខែនេះ ទើបអាច​ចាប់ផ្ដើម​ដំណើរការ​ឡើងវិញបាន ដែលបញ្ហានេះ នឹងបង្កឲ្យមានផលប៉ះពាល់​ចង្វាក់ផ្គត់ផ្គង់​ដល់រោងចក្រ​នៅកម្ពុជា។

សមាគម​រោងចក្រ​កាត់ដេរ បាន​និយាយ​ក្នុងសេចក្ដីប្រកាសព័ត៌មាន​របស់ខ្លួន​យ៉ាងដូច្នេះថា «សម្រាប់​រោងចក្រ​មួយចំនួន វត្ថុធាតុដើម​នៅក្នុងស្ដុក​សម្រាប់​ផលិតកម្ម​អាចនឹង​អស់​នៅត្រឹមសប្ដាហ៍ក្រោយ ឬ​សប្ដាហ៍​បន្ទាប់ ហើយការបិទរោងចក្រ​បណ្ដោះអាសន្ន​ នៅប្រទេសចិន អាចនឹង​ធ្វើឲ្យ​រោងចក្រ​មួយចំនួន​ខ្វះវត្ថុធាតុដើម​នៅចុងខែនេះ និងក្នុងខែមីនាខាងមុខ។» សមាគម​បានគូសបញ្ជាក់ទៀតថា «ប្រឈមនឹងបញ្ហានេះ រោងចក្រ​គ្មានជម្រើសអ្វីក្រៅពីការ​ផ្អាក​ប្រតិបត្តិការ​ផលិតកម្ម​ជាបណ្ដោះអាសន្ន ដែលអាច​មានរយៈពេល ១ខែពេញ ឬដល់២ខែ»។

ទោះយ៉ាងណា លោក កាំង ម៉ូនីកា អគ្គលេខាធិការរង​នៃសមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា បានអះអាងថា មកទល់ពេលនេះ សមាគម​មិនទាន់ទទួលបាន​ព័ត៌មាន ឬ​សំណើណាមួយ​ពីរោងចក្រ​កាត់ដេរ ដើម្បី​សុំ​ផ្អាកប្រតិបត្តិរបស់ពួកគេ​នៅឡើយទេ។ បើតាម​ការបញ្ជាក់រ​បស់លោក កាំង ម៉ូនីកា ការ​ផ្អាក​ប្រតិបត្តិការ​រោងចក្រមួយចំនួនជាបណ្ដោះអាសន្ននេះ អាចនឹង​ចាប់ផ្ដើមកើតឡើង​នៅក្នុងខែមីនាខាងមុខនេះ។

បើតាម​ការអះអាង​របស់សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា ការផ្អាកបណ្ដោះអាសន្នរយៈពេល​ខ្លីនេះ ដែលនឹងចាប់ផ្ដើម​កើតឡើង​នៅខែក្រោយនេះ គឺមិនពាក់ព័ន្ធ​នឹងដំណើរការ​នៃការ​ដកប្រព័ន្ធអនុគ្រោះពន្ធ​ EBA នោះទេ។ ការម្រេច​ចិត្តណាមួយរបស់​សហភាពអឺរ៉ុប នឹងត្រូវចូលជាធរមាន នៅក្នុងរយៈពេល​មិនតិចជាង ៦ខែ ខាងមុខនោះទេ។ សមាគម​ចាត់ទុកថា ការភ្ជាប់បញ្ហា​ការផ្អាក​ដំណើរការ​បណ្ដោះអាសន្ន​របស់រោងចក្រ​មួយចំនួន​នៅក្នុងខែមីនាដ៏ខ្លីខាងមុខនេះ ទៅនឹង​បញ្ហា EBA មិនមែនជាការត្រឹមត្រូវនោះទេ។​

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី ១១ ខែកុម្ភៈនេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃកម្ពុជា ក៏បាន​ចេញមុខ​អះអាង​ដែរថា ការបិទទ្វារ​រោងចក្រមួយចំនួន នៅខែខាងមុខនេះ គឺមិនពាក់ព័ន្ធនឹង​រឿងដកប្រព័ន្ធអនុគ្រោះពន្ធ EBA នោះទេ តែវា​កើតឡើងដោយសារតែ​បញ្ហាកង្វះ​វត្ថុធាតុដើម​ផលិត ព្រោះរោងចក្រ​នៅប្រទេសចិន មិនទាន់​បើកដំណើរ ក្រោយពីមានការផ្ទុះឡើង​នៃវីរុសកូរ៉ូណា។

សម្តេច​ លើកឡើងយ៉ាងដូច្នេះថា ​« នៅ​ពេល​ខាង​មុខ​នេះ​ប្រសិនបើ​មានការ​បិទ​រោច​ក្រ​ណាមួយ​មិនមែន​មក​ពី​អា EBA នោះ​ទេ នៅ​ពេល​ខាង​មុខ​ចាំ​មើលទៅ បើ​ទោះបី​មាន​ឬ​គ្មាន​អា EBA ហ្នឹង​។ ព្រោះ​ខ្វះខាត​មាន​វត្ថុធាតុដើម​មួយ​ចំនួន ដែល​កំពុង​តែ​យក​មក​ដេរ​នៅ​ស្រុក​ខ្មែរ​រួច​ហើយ​បន្ត​នាំ​ចេញ​ទៅ យើង​អត់​សាច់​ក្រណាត់ តើ​យើង​មានអី​ដេរ ដូច្នេះ​កម្មករ​ច្បាស់​ជា​ជួប​ប្រទះ​នូវ​បញ្ហា​ខ្វះ​ការងារ​ធ្វើ ត្រូវ​គិត​រឿង​ហ្នឹង​ឲ្យ​ហើយ​។ រឿង EBA  បើ​ទោះបី​គេ​ដក​ទាំងស្រុង ឫ​ដក​ផ្នែក​ខ្លះ ក៏​គង់​ទៅ​ដល់​ខែ​៨​ឯណោះ​បាន​វា​ចាប់ផ្តើម អ៊ីចឹង​វា​អត់​មាន​ទេ ។ ហើយ​សុំ​កុំ​ឆ្កួត​ៗ និយាយ​រួម​គឺថា អា​ពុល​ក្តួច ភ័យ​ខ្លាច ទាំង​មិនដឹង​ថា EBA ជា​ស្អី​»។​

សូមបញ្ជាក់ថា ការប្រកាស​ព័ត៌ការសម្រេច​ចុងក្រោយរបស់គណៈកម្មការអឺរ៉ុប ថាតើ ​ត្រូវដក ឬមិនដក ប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា នឹងត្រូវធ្វើឡើង​នៅថ្ងៃស្អែកនេះហើយ ពោលគឺ នៅថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ២០២០។ ជាមួយគ្នានេះ បើតាម​ការគូសបញ្ជាក់ពីអ្នកជំនាញ បាន​ទាយទុកថា ប្រព័ន្ធអនុគ្រោះពន្ធ EBA នេះ នឹងត្រូវ​អឺរ៉ុប​ដក​តែមួយចំណែក​ប៉ុណ្ណោះ មិនដកទាំងស្រុងនោះទេ៕

None



អត្ថបទបន្ទាប់


ឥទ្ធិពលវីរុសកូរ៉ូណា៖ វៀតណាមអាចនឹងបាត់ចំណូល ៨០០ លានដុល្លារ ពីការនាំចេញផលិតផលកសិកម្មទៅចិន

បញ្ហារាលដាលនៃវីរុសកូរ៉ូណា គិតមកទល់ពេលនេះ នៅតែបន្ដកើនឡើងនៅឡើយ បើទោះបីជាប្រទេសជាច្រើន កំពុងដាក់វិធានការក្ដៅដើម្បីទប់ស្កាត់ក៏ដោយ។ យ៉ាង…

ក្រុមហ៊ុនសិង្ហបុរី លក់រាយផលិតផល Apple នៅកម្ពុជា Futureworld ប្រកាសបិទហាងនៅកម្ពុជា

ក្រុមហ៊ុន Futureworld មានមូលដ្ឋាននៅសិង្ហបុរី ដែលជាអ្នកឯកទេសក្នុងប្រតិបត្តិការអាជីវកម្មលក់រាយផលិតផលរបស់ក្រុមហ៊ុន Apple នៅក្នុងតំបន់អាស៊…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ