
នៅក្នុងលិខិតអំពាវនាវរបស់សមាគមរោងចក្រកាត់ដេរកម្ពុជា បានបញ្ជាក់ថា ការចំណាយរបស់រោងចក្រលើថ្លៃឈ្នួលអគារ និងទីតាំង គឺជាបន្ទុកចំណាយដ៏ធ្ងន់ធ្ងរមួយស្របពេលដែលសមាជិករបស់សមាគមមួយនេះ កំពុងរងគ្រោះដោយសារការលុបចោល នៃការបញ្ជាទិញជាច្រើន និងគ្មានការបញ្ជាទិញថ្មី ក៏ដូចជាការចំណាយផ្សេងៗទៀត។
ហេតុដូចនេះ ការចុះថ្លៃឈ្នួលនេះ នឹងអាចជួយសម្រាលបន្ទុកចំណាយរបស់រោងចក្រ និងចូលរួមចំណែកស្តារសេដ្ឋកិច្ចនៅកម្ពុជាដើម្បីទ្រទ្រង់វិស័យនេះបន្តទៅមុខទៀត។
ឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ ជាឧស្សាហកម្មមួយក្នុងចំណោមឧស្សាហកម្មនានា ដែលបាននិងកំពុងទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារជំងឺកូវីដ-១៩ ដោយផលប៉ះពាល់នេះ ត្រូវបានគេមើលឃើញថា មានសភាពធ្ងន់ធ្ងរទៅៗ។
ជាក់ស្តែងរោងចក្រចំនួន ១៨០ បានព្យួរផលិតកម្មរបស់ខ្លួន ខណៈដែលរោងចក្រចំនួន៦០ផ្សេងទៀត នឹងព្យួរនៅពេលខាងមុខនេះទៀតដែរ។ ការព្យួរប្រតិបត្តិការរបស់រោងចក្រទាំងនេះ ក៏ដោយសារតែមិនមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការទ្រទ្រង់រាល់ការចំណាយដែលមិនមានចំណូលដូច្នេះ តទៅទៀតបាន៕