ម្ចាស់ហាងលក់មាស ពេជ្រ ទីមង្គល កត់សម្គាល់ឃើញថា ចូលដល់ខែមិថុនា តម្លៃមានមានការធ្លាក់ចុះជាបន្តបន្ទាប់ ដោយគិតត្រឹមថ្ងៃទី១៤ ខែមិថុនានេះ ហាងឆេងមាសទិញចូល មានតម្លៃ២,៦៨០ដុល្លារ និងលក់ចេញក្នុងតម្លៃ២,៧៨០ដុល្លារក្នុង១តម្លឹង។ ការធ្លាក់ចុះតម្លៃមាសនៅកម្ពុជានេះត្រូវបានម្ចាស់ហាងរូបនេះវាយតម្លៃថា គឺអាចបណ្តាលមកពីកត្តាមកខាងក្រៅ ជាពិសេសពាក់ព័ន្ធនឹងអត្រាការប្រាក់របស់ធនាគារកណ្តាលអាម៉េរិក និងបញ្ហាសង្រ្គាមជាដើម។ យ៉ាងណាក៏ដោយម្ចាស់ហាងរូបនេះបានអះអាងថា កត្តាសេដ្ឋកិច្ចមិនសូវល្អ និងការធ្លាក់ចុះប្រាក់ចំណូលរបស់ប្រជាពលរដ្ឋបានធ្វើឱ្យការទិញលក់មាសនៅហាងទីមង្គលហាក់មានការធ្លាក់ចុះផងដែរ។
ជុំវិញស្ថានភាពនៃការប្រែប្រួលតម្លៃមាសនេះ លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុនៃក្រុមហ៊ុន ភីភី លីង ស៊ីឃ្យួរីធី បានគូសបញ្ជាក់ថា តម្លៃមាសនៅ២សប្ដាហ៍កន្លងមកនេះបានធ្លាក់ចុះខ្លាំងបើធៀបនឹងខែឧសភា កន្លងទៅ។
បើតាមអ្នកជំនាញរូបនេះ នៅក្នុងខែឧសភាកន្លងទៅ មាស១តម្លឹងមានតម្លៃ២,៩៥១ដុល្លារ ខណៈបច្ចុប្បន្នមាស១តម្លឹងមានតម្លៃត្រឹមតែ២,៧៧៧ដុល្លារប៉ុណ្ណោះ ពោលគឺធ្លាក់ចុះរហូតដល់១៧៤ដុល្លារក្នុង១តម្លឹង។
បើតាមការអះអាងរបស់អ្នកជំនាញរូបនេះ កត្តាដែលទាញទម្លាក់តម្លៃមាសឱ្យមានការធ្លាក់ចុះ គឺបណ្ដាលមកពីព័ត៌មាននៃទិន្នន័យទីផ្សារការងារនៅសហរដ្ឋអាម៉េរិក និងប្រាក់ចំណូលពីការងារមានការកើនឡើងលើសពីការរំពឹងទុក ជាហេតុធ្វើឱ្យតម្លៃប្រាក់ដុល្លារចាប់ផ្ដើមមានកំណើនឡើងវិញ ហើយក្នុងនោះក៏មានពាក់ព័ន្ធនឹងគោលនយោបាយហិរញ្ញវត្ថុរបស់ធនាគារកណ្ដាលសហរដ្ឋអាម៉េរិក ដែលបានរក្សានូវអត្រាការប្រាក់៥,៥%ផងដែរ។
យ៉ាងណាក៏ដោយ អ្នកជំនាញរូបនេះជឿជាក់ថា ក្នុងរយៈពេលខ្លីតម្លៃហាងឆេងមាសទំនងជាមិនមានការប្រែប្រួលខ្លាំងនោះទេ ប៉ុន្តែព្រឹត្តិការណ៍ធំៗមួយចំនួននៅលើពីភពលោកអាចនឹងធ្វើឱ្យតម្លៃមាសមានការប្រែប្រួល ក្នុងនោះមានពាក់ព័ន្ធនឹងការបោះឆ្នោតនៅតាមបណ្ដាប្រទេសមួយចំនួនដូចជានៅបារាំង និងសហរដ្ឋអាម៉េរិក ព្រោះក្រុមវិនិយោគិននៅលើពិភពលោកកំពុងរង់ចាំមើលលទ្ធផលនៃការបោះឆ្នោតនេះ ដើម្បីរៀបចំការវិនិយោគឡើងវិញ។
ក្នុងស្ថានភាពទីផ្សារមាសមានការប្រែប្រួលយ៉ាងឆាប់រហ័សនេះ លោក ឡុង សំណាង លើកទឹកចិត្តឱ្យអ្នកជួញដូរមាស ត្រូវចេះបង្វិលផលិតផលមាសឱ្យក្លាយជាលុយ ដើម្បីរក្សានូវប្រាក់ចំណេញ បើពុំដូច្នេះទេ ពួកគេអាចប្រឈមនឹងការខាតបង់ថវិកាជាមិនខាន។
អ្នកជំនាញក្នុងវិស័យមាសព្យាករថា តម្លៃមាសនៅឆ្នាំនេះនឹងអាចហក់ឡើងថ្លៃដល់២ពាន់៥រយដុល្លារក្នុង១អោន (១អោនស្មើនឹងជាង៨ជី) ឬជាង៣ពាន់ដុល្លារក្នុង១តម្លឹង ខណៈក្នុងខែឧសភាកន្លងទៅ តម្លៃមាសបានហក់ឡើងដល់ជាង២ពាន់៣រយដុល្លារក្នុង១អោន៕