ទាំងរដ្ឋាភិបាលកម្ពុជា និងអាជ្ញាធរខេត្តព្រះសីហនុកំពុងដុតដៃដុតជើងក្នុងការដោះស្រាយបញ្ហាអគារជាប់គាំងនៅខេត្តព្រះសីហនុ ដែលបាន និងកំពុងក្លាយជារូបភាពមិនល្អសម្រាប់ខេត្តជាប់មាត់សមុទ្រមួយនេះ ក្នុងការទាក់ទាញការវិនិយោគពីក្រៅប្រទេស និងបង្កជាក្តីកង្វល់សម្រាប់ផែនការប្រែក្លាយខេត្តនេះឲ្យក្លាយជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងនាពេលអនាគត។ យ៉ាងណាមិញរាជរដ្ឋាភិបាលកម្ពុជាកាលពីពេលកន្លងទៅថ្មីៗ បានសម្រេចដាក់ចេញវិធានការជាកញ្ចប់ ដែលមានការទាំងការលើកទឹកចិត្តផ្នែកពន្ធ និងមិនមែនពន្ធ ដើម្បីដោះស្រាយបញ្ហាចាក់ស្រេះមួយនេះ។
ជុំវិញការដោះស្រាយបញ្ហាអគារជាប់គាំងនៅខេត្តព្រះសីហនុនេះដែររឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុបានគូសបញ្ជាក់ក្នុងបទសម្ភាសមួយជាមួយអ្នកសារព័ត៌មានកាលពីពេលថ្មីៗថា ទន្ទឹមនឹងដាក់ចេញវិធានការជាកញ្ចប់ រាជរដ្ឋាភិបាលបន្តលើកទឹកចិត្តឲ្យក្រសួងស្ថាប័នពាក់ព័ន្ធ ដោះស្រាយបញ្ហាអគារជាប់គាំងទាំងនោះក្រៅប្រព័ន្ធតុលាការ ដ្បិតវាអាចមានប្រសិទ្ធភាពខ្ពស់ និងអាចដោះស្រាយបញ្ហាបានលឿនជាងការប្រើប្រព័ន្ធតុលាការ។ បើតាមការគូសបញ្ជាក់របស់ថ្នាក់ដឹកនាំរូបនេះ ក្រោយរាជរដ្ឋាភិបាលដាក់ចេញវិធានការដោះស្រាយជាកញ្ចប់រួចមក មានអគារមួយចំនួនបានចាប់ផ្តើមដំណើរការ និងបន្តការអភិវឌ្ឍន៍របស់ខ្លួនឡើងវិញជាបណ្តើរៗហើយ។
ជាមួយគ្នានេះលោក សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាហាក់មានសុទិដ្ឋិនិយមខ្ពស់ចំពោះការដាក់ចេញវិធានការដំណោះស្រាយជាកញ្ចប់របស់រាជរដ្ឋាភិបាលក្នុងការជួយជំរុញឲ្យមានការអភិវឌ្ឍន៍គម្រោងអគារដែលបានជាប់គាំងនៅខេត្តព្រះសីហនុ។ បើទោះបីការដាក់ចេញវិធានការនេះមិនទាន់ធ្វើឲ្យមានលទ្ធផលល្អប្រសើរកើតឡើងក៏ពិតមែន តែអ្នកជំនាញរូបនេះសង្កេតឃើញថា ការដាក់ចេញវិធានការជាកញ្ចប់របស់រាជរដ្ឋាភិបាលទទួលបានការគាំទ្រ និងសាទរយ៉ាងខ្លាំងពីសំណាក់ក្រុហ៊ុនអភិវឌ្ឍន៍ និងប្រជាពលរដ្ឋកម្ពុជា។ យ៉ាងណាក៏ដោយអ្នកជំនាញរូបនេះជឿជាក់ថា ខេត្តព្រះសីហនុនឹងក្លាយជាទីក្រុងដ៏ទំនើប ដែលអាចវ៉ាដាច់ទីក្រុងភ្នំពេញក្នុងរយៈពេលពី៥ឆ្នាំទៅ១០ឆ្នាំខាងមុខ។
បើតាមការអះអាងរបស់ឯកឧត្តម គួច ចំរើន បច្ចុប្បន្នខេត្តព្រះសីហនុមានអគារជាប់គាំងសរុបចំនួន១ពាន់៦រយអគារ ដែលភាគច្រើនបានបោះបង់ការអភិវឌ្ឍ និងខ្លះទៀតអភិវឌ្ឍន៍ហើយមិនដំណើរការ និងខ្លះបោះបង់ដំណើរការអាជីវកម្ម ក្រោយអ្នកអភិវឌ្ឍន៍ជួបបញ្ហាហិរញ្ញវត្ថុ និងការធ្លាក់ទីផ្សារនៃការលក់។ ក្នុងចំណោមអគារជាប់គាំងទាំងនេះត្រូវអាជ្ញាធរខេត្តព្រះសីហនុរកឃើញថា មានអគារមិនដល់៥០%នោះទេ ដែលមានច្បាប់សាងសង់ត្រឹមត្រូវ ក្រៅពីនេះជាសំណង់ខុសច្បាប់៕