ថវិកាសរុប ជាង ១០០លានដុល្លារ ដែលគ្រោងសាងសង់ផ្លូវនេះ គឺជាឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។
កំណាត់ផ្លូវជាតិលេខ៧ ត្រូវបានបើកការដ្ឋានបើកការដ្ឋានពង្រីក និងលើកកម្ពស់កម្រិតគុណភាព នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ ចាប់ពីរង្វង់មូលស្គន់-ស្ពានគីហ្សូណា ទីរួមខេត្តកំពង់ចាម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី។ ថ្លែងនាឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានគូសបញ្ជាកថា ផ្លូវជាតិលេខ៧នេះ គឺជាការតភ្ជាប់ដ៏មានសារៈសំខាន់ មិនត្រឹមតែក្នុងខេត្តកំពង់ចាម ប៉ុណ្ណោះទេ តែទៅកាន់ខេត្តជាច្រើនផ្សេងទៀត ជាពិសេសជាការតភ្ជាប់រវាងព្រំដែនកម្ពុជា-ឡាវ។
គម្រោងពង្រីកកំណត់ផ្លូវជាតិលេខ៧នេះ នឹងត្រូវចំណាយថវិកាជាង១០០លានដុល្លារ ដែលជាប្រាក់ពីប្រទេសចិន និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។
នៅក្នុងឱកាសនោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញជាថ្មីនូវគោលជំហររបស់ប្រទេសចិនក្នុងការចូលរួមចំណែកយ៉ាងធំក្នុងការអភិវឌ្ឍកម្ពុជា ដោយសម្តេចបញ្ជាក់ថា សម្តេចពិតជារីករាយចំពោះការក្លាយជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយចិន។ ខណៈដែលឆ្នាំនេះ គឺជាខួបលើកទី៦៥ នៃទំនាក់ទំនងកម្ពុជា-ចិន ដោយនៅក្នុងការភ្ជាប់មិត្តភាពជាមួយចិននេះ កម្ពុជាបានទទួលនូវឥណទានជាច្រើននៅក្នុងការកសាងផ្លូវថ្នល់ និងជំនួយផ្សេងៗ ទៀតជាច្រើន ផងដែរ។
ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានគូសបញ្ជាក់ថា កំណាត់ផ្លូវជាតិលេខ៧នេះ មានសារៈសំខាន់ និងទាក់ក្រឡាគ្នារវាងខេត្តជាច្រើន ដែលបំរើឲ្យការដឹកជញ្ជូន ក្នុងវិស័យកសិកម្ម ឧស្សាហកម្ម និងទេសចរណ៍។ បើតាមឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ផ្លូវជាតិលេខ៧ គឺជាខ្សែផ្លូវយ៉ាងសំខាន់ និងជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្តានុពល តភ្ជាប់ជាមួយបណ្តាញផ្លូវនានាឆ្ពោះទៅកាន់រាជធានី-ខេត្ត។
សូមបញ្ជាក់ថា គម្រោងលើកកម្ពស់កម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧នេះ នឹងត្រូវអនុវត្ដការសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន។ គម្រោងនេះ នឹងប្រើប្រាស់រយៈពេលសាងសង់ចំនួន ៤០ខែ នឹងគ្រោងបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ២០២៦ គ្រោងចំណាយថវិកាសរុបប្រមាណជាង ១១៧ លានដុល្លារអាមេរិក ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ៕