មន្រ្តីជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា ការវិនិយោគបន្ថែមរបស់រាជរដ្ឋាភិបាលនៅតាមតំបន់ជនបទ បានផ្តល់ឱកាសការងារដល់ពលរដ្ឋដែលបាត់បង់ការងារពីទីក្រុងផង និងជំរុញដល់ការងារផលិតកម្មកសិកម្ម ដែលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបាននិងកំពុងដុតដៃដុតជើងជួយយ៉ាងខ្លាំង។
ការជំរុញការវិនិយោគទៅកាន់ទីជនបទរបស់រាជរដ្ឋាភិបាលនេះ គឺធ្វើឡើងនៅចំពេលដែលកម្លាំងពលកម្មប្រមាណជាង១៣ម៉ឺននាក់ ដែលកំពុងតែអត់ការងារធ្វើ ដោយសាររោងចក្រសហគ្រាសមួយចំនួនជាង៨០រោងចក្រ បានបិទទ្វារ និង៤៥០រោងចក្រ បានព្យួរការងារ ។
នៅក្នុងសន្និសីទសារព័ត៌មានស្តីពីវិធានការរបស់រាជរដ្ឋាភិបាល ឆ្លើយតបនឹងជំងឺកូវីដ-១៩ កាលពីថ្ងៃទី០៨ខែកក្កដា ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឲ្យដឹងថា មានការងារជាច្រើន បានបង្កើតឡើងតាមគម្រោងវិនិយោគរបស់រដ្ឋ ដើម្បីអាចបង្កើតការងារដល់ពលរដ្ឋ ដែលបានបាត់បង់ការងារពីទីក្រុង។
ឯកឧត្តម វង្សី វិស្សុត បានបញ្ជាក់ថា «ខ្ញុំសូមជម្រាបថា មកដល់បច្ចុប្បន្ននេះ យើងអត់កាត់លុយ [ថវិកាចំណាយរបស់រដ្ឋ]ទេ ការបង្ហូរលុយទៅជនបទ ការវិនិយោគសាធារណៈទៅជនបទ ប្រឡាយទឹក ផ្លូវជនបទ គឺយើងមានតែបន្ថែម ។ ឥឡូវនេះ មូលនិធិឃុំសង្កាត់ ថែមឲ្យ៦៨លានដុល្លារទៀត ក្នុងមួយឆ្នាំ មូលនិធិឲ្យទៅស្រុក ថែមឲ្យទៀត ចឹងបានន័យថាលុយទៅជនបទ មានច្រើនដែរ»។
ឯកឧត្តម បានបន្ថែមថា «ទន្ទឹមនឹងនេះ កសិកម្មយើងចាប់ផ្តើមចាយលុយទៅតាមផ្នែកProduct (ផលិតផល)ផងដែរ ចំពោះត្រី ឥឡូវយើង support(គាំទ្រ) ណាស់ គឺឲ្យប្រមាណជាង២.០០០លានរៀល(៥០ម៉ឺនដុល្លារ) ជួយអ្នករកស៊ីចិញ្ចឹមត្រី ហើយឥឡូវកំពុងគិតស្វាយទៀត ធ្វើម៉េចឲ្យអ្នកឯងអាចនាំចេញស្វាយបាន ហើយកំពុងគិតថា ត្រូវឲ្យលុយទៅក្រសួងកសិកម្មប៉ុន្មាន ដើម្បីជួយអ្នកនាំចេញស្វាយ»។
ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ទៀតថា «ឥឡូវនេះ អ្វីដែលយើងខិតខំបង្កើតការងារគឺថា លើវិនិយោគជនបទហ្នឹងហើយ កសិ-ឧស្សាហកម្ម កសិកម្មហ្នឹងហើយ ដែលជាឱកាស ទីមួយបំពេញសេចក្តីត្រូវការនៅក្នុងស្រុក ទីពីរបំរើការនាំចេញ ប៉ុន្តែការនាំចេញ ទាមទារបញ្ហាច្រើន ដូចខ្ញុំនិយាយអញ្ចឹង(បរិមាណ គុណភាព ទីផ្សារ និងតម្លៃ)»។
កន្លងទៅ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម ធ្លាប់បានប្រាប់ខេមបូណូមីសដែរថា ស្ថិតនៅក្នុងវិបត្តិកូវីដនេះ បានផ្តល់ឱកាសមួយដល់វិស័យកសិកម្ម ក្នុងការខិតខំបង្កើនការផលិត ក្នុងនោះរួមមានការចិញ្ចឹមសត្វ ដាំបន្លែ និងការកែច្នៃផលិតផលកសិកម្មជាដើម ដើម្បីបំពេញសេចក្តីត្រូវការទាំងក្នុងស្រុក និងអាចឈានចូលដល់ការនាំចេញទៅក្រៅប្រទេសថែមទៀតផង។
នៅក្នុងបទសម្ភាសន៍របស់សារព័ត៌មានខេមបូណូមីសជាមួយ អ្នកជំនាញខាងផ្នែកកសិកម្មម្នាក់ គឺលោកបណ្ឌិត យ៉ង សាំងកុមារ កាលពីពេលថ្មីៗនេះ លោកបានលើកឡើងថា បច្ចុប្បន្ន លោកនិងក្រុមការងារ កំពុងតែក្តាប់យកឱកាស និងទីផ្សារកសិកម្ម ដោយខិតខំប្រឹងប្រែងបណ្តុះបណ្តាលយុវជនជំនាន់ក្រោយផង ផ្តល់បច្ចេកទេសដល់កសិករផង ដើម្បីអាចផលិត នូវផលិតផលកសិកម្មដែលមានគុណភាព ក្នុងបរិមាណមួយដែលអាចផ្គត់ផ្គង់ក្នុងស្រុក ថែមទាំងបង្កើតការងារនៅតាមទីជនបទ ជៀសវាងការចំណាកស្រុកដោយគ្មានសុវត្ថិភាពផងដែរ៕