
ប្រជាពលរដ្ឋរស់នៅក្នុងទីក្រុងរណបហ្គ្រេនភ្នំពេញ ចំនួន ១៤០ នាក់ បានដាក់ពាក្យស្នើសុំអន្តរាគមន៍/ទប់ស្កាត់ការលុបស្រះទឹកទៅកាន់ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និង ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឲ្យជួយអន្តរាគមន៍រក្សាទុក/ទប់ស្កាត់ការលុបបឹង ដែលមានបណ្ដោយប្រវែង ៤២៣ ម៉ែត្រ ទទឹងប្រហែល ២៤៥ ម៉ែត្រ ស្ថិតនៅតាមបណ្ដោយវិថីហ្គ្រេនកែងផ្លូវខាងលិចស្រះទឹក ក្នុងទីតាំងបុរីទីក្រុងរណបអន្តរជាតិ ហ្គ្រេនភ្នំពេញ ស្របតាមប្លង់សរុប ដែលបានអនុញ្ញាតជាផ្លូវការ និងផ្សព្វផ្សាយជាសាធារណៈចាប់ពីឆ្នាំ២០០៦ ដល់ឆ្នាំ២០១៩ ដើម្បីប្រើប្រាស់ជាប្រយោជន៍រួមសម្រាប់សហគមន៍។

យោងតាមលិខិតដដែលនេះ បានបញ្ជាក់ថា «ក្រុមហ៊ុន (ជីប ម៉ុង លែន) នឹងធ្វើការលុបបឹង (ស្រះទឹក) នៅក្នុងទីតាំងបុរីទីក្រុងរណបអន្តរជាតិហ្គ្រេនភ្នំពេញនេះ ដើម្បីសាងសង់លំនៅឋានលក់ក្នុងគម្រោងថ្មីរបស់ខ្លួន។។
តំណាងពលរដ្ឋតវ៉ាចំពោះការលុបបឹងនេះ បានគូសបញ្ជាក់ថា ពួកគេសូមជំទាស់ចំពោះការលុបបឹង (ស្រះទឹក) ដែលជាការកែប្រែប្លង់សរុបរបស់បុរីទីក្រុងរណបអន្តរជាតិហ្គ្រេនភ្នំពេញ ឬការកែប្រែផ្លាស់ប្តូរមុខងារប្រើប្រាស់ដីនៅទីតាំងនេះ។
ខេមបូណូមីស បានទាក់ទងទៅកាន់ក្រុមហ៊ុន ជីប ម៉ុង លែន ជុំវិញនឹងការតវ៉ាករណីលុបបឹងនេះដែរ ប៉ុន្ដែខាងក្រុមហ៊ុនបញ្ជាក់ថា នឹងចេញសេចក្ដីថ្លែងការណ៍ទាក់ទងនឹងរឿងនេះ នៅពេលក្រោយ៕

