Advertisement
ធនាគារពិភពលោក-កម្ពុជា

ធនាគារពិភពលោក គ្រោង​ផ្ដល់​ហិរញ្ញប្បទាន​ខ្ទង់ពាន់លានដុល្លារដល់កម្ពុជា បន្ទាប់ពី​ផ្អាក​មួយ​រយៈពេល


ធនាគារ​ពិភពលោក​នឹង​អនុម័ត​កញ្ចប់​ថវិកា​ហិរញ្ញប្បទាន​សម្រាប់​ប្រទេស​កម្ពុជា ដែល​មាន​ទំហំ​ទឹក​ប្រាក់​ប្រមាណ​ជា ១​ប៊ី​លាន​ (១០០០​លាន) ដុល្លារ​អាមេរិក សម្រាប់​រយ:ពេល ៥​ឆ្នាំ​ខាងមុខ។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​សាព័ត៌មាន​រដ្ឋាភិបាល​ AKP។
ធនាគារពិភពលោក គ្រោង​ផ្ដល់​ហិរញ្ញប្បទាន​ខ្ទង់ពាន់លានដុល្លារដល់កម្ពុជា បន្ទាប់ពី​ផ្អាក​មួយ​រយៈពេល
Advertisement

AKP បាន​រាយ​ការណ៍​ថា គណៈប្រតិភូ​នៃ​ក្រុមប្រឹក្សា​នាយក​ប្រតិបត្តិ​ប្រចាំ​ធនាគារ​ពិភពលោក បាន​ប្រកាស​ពី​គម្រោង​ផ្តល់​ហិរញ្ញប្បទាន​នេះ នៅ​ក្នុង​ជំនួប​ជាមួយ​លោក វង្សី វិស្សុត រដ្ឋលេខាធិការ​ក្រសួង​​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ កាល​ពី​ថ្ងៃទី​០៩ ខែ​ឧសភា ឆ្នាំ​២០១៩។

លោក វង្សី វិស្សុត ត្រូវ​បាន​ដក​ស្រង់​សម្ដី​ដោយ AKP យ៉ាង​ដូច្នេះ​ថា «ទោះបី​កិច្ច​សហប្រតិបត្តិការ​និង​ភាព​ជា​ដៃគូ​រវាង​កម្ពុជា​និង​ធនាគារ​ពិភពលោក​ ត្រូវ​ជួប​ប្រទះ​បញ្ហា​និង​ភាព​រអាក់​រអួល​មួយ​រយៈ​ក្តី តែ​ភាព​ជាដៃគូ​នេះ​បាន​ចាប់​ផ្តើម​ស្តារ​ឡើង​វិញ នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ នឹង​កាន់​តែ​ល្អ​ប្រសើរ​ជា​លំដាប់​រហូត​ដល់​បច្ចុប្បន្ន»។

លោក វង្សី វិស្សុត បាន​បន្ត​ថា ធនាគារ​ពិភព​លោក​ក៏​បាន​ផ្តល់​នូវ​អនុសាសន៍​គោល​នយោបាយ​លើ​វិស័យ​សំខាន់ៗ​មួយ​ចំនួន ដល់​កម្ពុជា ដើម្បី​ជា​មូលដ្ឋាន​សម្រាប់​កម្ពុជា​តម្រង់​ទិស​ការ​អភិវឌ្ឍ​របស់​ខ្លួន​ផងដែរ។

កន្លងមក ទំនាក់ទំនង​រវាង​ធនាគារ​ពិភពលោក​និង​រដ្ឋាភិបាល​កម្ពុជា មិន​សូវ​ជា​ល្អ​ប៉ុន្មាន​ទេ បន្ទាប់​ពី​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​មួយ​បាន​ចាក់​ដី​បំពេញ​​បឹងកក់ ហើយ​មនុស្ស​រាប់​ពាន់​នាក់ ត្រូវ​បាន​បង្ខំ​ឱ្យ​ចេញ​ពី​ផ្ទះ​សម្បែង។

បន្ទាប់​មក នៅឆ្នាំ​២០១១ ធនាគារ​ពិភពលោក​បាន​ប្រកាស​ថា ខ្លួន​បាន​បញ្ឈប់​ការ​ផ្តល់​ប្រាក់​កម្ចី​ដល់​កម្ពុជា បន្ទាប់​ពី​មានរឿង​បឹងកក់​នោះមក។

គណៈប្រតិភូ​នៃ​ក្រុមប្រឹក្សា​នាយក​ប្រតិបត្តិ​ធនាគារ​ពិភពលោក ក៏​បាន​សម្ដែង​នូវ​ការ​កោត​សរសើរ​ចំពោះ​កម្ពុជា ដែល​រក្សា​បាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់​ច្រើន​ឆ្នាំ​ជាប់គ្នា ការ​កាត់​បន្ថយ​ភាពក្រីក្រ, គ្រប់គ្រង​អត្រា​អតិផរណា​ក្នុង​កម្រិត​ទាប និង​គ្រប់គ្រង​បំណុល​សាធារណៈ​បានល្អ។

លោក វង្សី វិស្សុត បាន​បន្ត​ថា ស្ថានភាព​បំណុល​សាធារណៈ​របស់​កម្ពុជា មាន​ចីរភាព​និង​ហានិភ័យ​កម្រិត​ទាប ហើយ​ក៏មាន​​ស្ថាប័ន​​ហិរញ្ញវត្ថុ​អន្តរជាតិ​ធំៗ បាន​ចាត់​ទុក​ថា ជា​ប្រទេស​គំរូ​ក្នុង​ការ​គ្រប់គ្រង​បំណុល​សាធារណៈ​នៅ​ក្នុង​តំបន់។

លោក វង្សី វិស្សុត បាន​បន្ត​ថា «ទោះបី​បច្ចុប្បន្ន​មាន​ដៃគូ​និង​ប្រទេស​កាន់តែ​ច្រើន​ចង់​ឱ្យ​កម្ពុជា​ខ្ចី​ប្រាក់​ក្តី តែ​កម្ពុជា​នឹង​មិន​ខ្ចី​ឡើយ ប្រសិន​បើ​មិន​ចាំបាច់ និង​មិន​ឆ្លើយតប​នឹង​តម្រូវការ និង​អាទិភាព​របស់​កម្ពុជា»៕

Advertisement



អត្ថបទបន្ទាប់


ប៉េង ហួត គ្រុប បង្ហាញមុខ​ប្រកួត​ពាន«អចលនទ្រព្យ​អាស៊ី​-ប៉ាស៊ីហ្វិក» នៅថៃ និងគ្រោងទៅប្រកួត​បន្ត​នៅអង់គ្លេស

ព័ត៌មាន
នេះ​ជា​មោទនភាពសម្រាប់​ក្រុមហ៊ុន​អភិវឌ្ឍន៍​លំនៅដ្ឋាន ដែល​ជាក្រុមហ៊ុន​វិនិយោគនិងគ្រប់​គ្រង​ដោយ​ខ្មែរ​សុទ្ធ គឺ ក្រុមហ៊ុន ប៉េង ហួត គ្រុប ...

ម្ចាស់សហគ្រាសក្នុងស្រុក ចង់ឃើញ ការរឹតបន្តឹងត្រួតពិនិត្យគុណភាពផលិតផលនាំចូល ឲ្យបានម៉ឺងម៉ាត់

ព័ត៌មាន
របាយការណ៍រដ្ឋាភិបាលបង្ហាញថា ការនាំចេញនាំចូល បច្ចុប្បន្នរបស់កម្ពុជា គឺនៅតែបន្តមានឱនភាពពាណិជ្ជកម្មខ្ពស់នៅឡើយ ពោលគឺ ការនាំចូលរបស់កម្ពុជា...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ