របាយការណ៍ដដែលបង្ហាញថា នៅទីក្រុងហាណូយ តម្លៃលំនៅឋានជាមធ្យមគឺ ២.៦០០ដុល្លារអាម៉េរិក ក្នុងមួយម៉ែត្រការ៉េ ដូចនេះពលរដ្ឋវៀតណាម ដែលមានប្រាក់ចំណូលជាមធ្យមខ្ទង់ ៦.៣០០ដុល្លារអាម៉េរិក ក្នុងមួយឆ្នាំ នឹងត្រូវការពេលរហូតដល់ទៅ២៣ឆ្នាំ ទម្រាំសន្សំលុយបានទិញផ្ទះប្រភេទអាផាតម៉ិន និងត្រូវការពេលរហូតដល់ទៅ៥០ឆ្នាំទម្រាំសន្សំលុយបានទិញផ្ទះធម្មតាដែលមិនមែនជាអាផាតម៉ិន។
ចំណែកនៅទីក្រុងហូជីមិញ ឯណោះវិញ តម្លៃលំនៅឋានជាមធ្យមគឺ ២.៨០០ដុល្លារអាម៉េរិក ក្នុងមួយម៉ែត្រការ៉េ ដូចនេះពលរដ្ឋវៀតណាម ដែលមានចំណូលជាមធ្យម៧.៥០០ដុល្លារអាម៉េរិក ក្នុងមួយឆ្នាំ នឹងត្រូវការពេលរហូតដល់ទៅ២៤ឆ្នាំទម្រាំសន្សំលុយបានទិញផ្ទះប្រភេទអាផាតម៉ិន និងត្រូវការពេលរហូតដល់ទៅ ៥៣ឆ្នាំទម្រាំបានលុយទិញផ្ទះធម្មតាដែលមិនមែនជាអាផាតម៉ិន។
របាយការណ៍នេះបង្ហាញថា តម្លៃលំនៅឋានបានហក់ឡើងពីចន្លោះពី៤០% ទៅ៥០% នៅទីក្រុងហាណូយ ហើយបានហក់ឡើងចន្លោះពី២០% ទៅ៣០% នៅទីក្រុងហូជីមិញ ក្នុងឆ្នាំ២០២៤ ដោយសារតម្រូវការកើនឡើងខ្ពស់ ខណៈដែលការផ្គត់ផ្គង់មានកម្រិត ហើយ៩០%នៃអាផាតម៉ិនថ្មីៗ ក្នុងឆ្នាំ២០២៤ កន្លងទៅ គឺជាប្រភេទយូនីតអាផាតម៉ិនប្រណីតដែលមានតម្លៃខ្ទង់ ២.៨០០ដុល្លារអាម៉េរិក ក្នុងមួយម៉ែត្រការ៉េ។
ក្រុមអ្នកជំនាញក្នុងវិស័យអចលនទ្រព្យជឿថា តម្លៃលំនៅឋានក្នុងទីក្រុងវៀតណាម ទាំងពីរនេះនឹងមិនធ្លាក់ចុះក្នុងពេលឆាប់ៗនេះទេ ហើយបានផ្ដល់អនុសាសន៍ឱ្យមានការបោះទុនវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍតំបន់ជាយក្រុងដើម្បីកាត់បន្ថយតម្រូវការលំនៅឋានក្នុងទីក្រុង៕
ដោយ: តែម សុខុម