កិច្ចសហការនេះមានគោលបំណងពង្រីកសេវាកម្មហិរញ្ញវត្ថុ និងផ្តល់ភាពងាយស្រួលកាន់តែច្រើនដល់អតិថិជន តាមរយៈការរួមបញ្ចូលការទូទាត់បុព្វលាភធានារ៉ាប់រងទៅក្នុងប្រព័ន្ធឌីជីថលរបស់ធនាគារ ហត្ថា។
ក្រោមភាពជាដៃគូថ្មីនេះ អតិថិជនរបស់ក្រុមហ៊ុនធានារ៉ាប់រង លី ហួរ អេសប៊ីអាយ អិុនសួរេន ម. ក អាចទូទាត់បុព្វលាភធានារ៉ាប់រងបានយ៉ាងរលូនតាមរយៈមធ្យោបាយផ្សេងៗ រួមមានកម្មវិធីធនាគារចល័ត ហត្ថា ម៉ូបាល និងហត្ថា អុីនធឺណិតប៊ែងឃីង ដ៏ទំនើប។ លើសពីនេះ អតិថិជនក៏អាចធ្វើការទូទាត់នៅគ្រប់សាខាទាំងអស់របស់ធនាគារ ហត្ថា ទូទាំងប្រទេស ផងដែរ។
លោក Wee Mun Seng អនុប្រធានអគ្គនាយក ធនាគារ ហត្ថា បានសម្តែងការសាទរចំពោះភាពជាដៃគូថ្មីនេះ ដោយមានប្រសាសន៍ថា “តាមរយៈការចូលរួមជាមួយក្រុមហ៊ុនធានារ៉ាប់រង លី ហួរ អេសប៊ីអាយ អិុនសួរេន ម. ក យើងកំពុងអះអាងបញ្ជាក់ជាថ្មីពីការយកចិត្តទុកដាក់របស់យើងក្នុងការផ្តល់នូវសេវាកម្មប្រកបដោយភាពច្នៃប្រឌិត និងផ្តោតលើអតិថិជនជាអាទិភាព។ ភាពជាដៃគូនេះគឺជាសក្ខីភាពមួយចំពោះគោលដៅរួមរបស់យើងក្នុងការធ្វើឱ្យសេវាហិរញ្ញវត្ថុ និងធានារ៉ាប់រងកាន់តែងាយស្រួលប្រើប្រាស់ និងមានប្រយោជន៍សម្រាប់អតិថិជន និងបុគ្គលិករបស់យើងដូចគ្នា”។
អ្នកឧកញ៉ា លី សុភាព នាយកប្រតិបត្តិ ក្រុមហ៊ុនធានារ៉ាប់រង លី ហួរ អេសប៊ីអាយ អិុនសួរេន ម. ក បានមានប្រសាសន៍ថា “ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាថ្ងៃនេះ ជានិមិត្តរូបនៃជំហានឆ្ពោះទៅមុខយ៉ាងសំខាន់ក្នុងស្មារតីនៃភាពជាដៃគូ ការរីកចម្រើន និងចក្ខុវិស័យរួមគ្នា។ កិច្ចសហការនេះមិនគ្រាន់តែជាកិច្ចព្រមព្រៀងពាណិជ្ជកម្មប៉ុណ្ណោះទេ វាគឺជាការប្ដេជ្ញាចិត្តក្នុងការផ្តល់នូវតម្លៃកាន់តែច្រើន និងសេវាកម្មកាន់តែប្រសើរដល់អតិថិជនទៅវិញទៅមកនៅទូទាំងប្រទេសកម្ពុជា”។
ដូច្នេះហើយ សម្ព័ន្ធភាពជាយុទ្ធសាស្រ្តរវាងក្រុមហ៊ុនទាំងពីរនេះតំណាងឱ្យជំហានឆ្ពោះទៅមុខយ៉ាងសំខាន់ក្នុងការផ្លាស់ប្តូរឌីជីថលនៃសេវាកម្មហិរញ្ញវត្ថុ និងធានារ៉ាប់រងនៅកម្ពុជា។ វារួមបញ្ចូលគ្នានូវភាពរឹងខ្លាំង និងភាពជឿជាក់នៃថ្នាលឌីជីថល និងបណ្តាញសាខាយ៉ាងទូលំទូលាយរបស់ធនាគារ ហត្ថា ជាមួយនឹងការផ្តល់ជូននូវធានារ៉ាប់រងដែលអាចជឿទុកចិត្តបានរបស់ ក្រុមហ៊ុនធានារ៉ាប់រង លី ហួរ អេសប៊ីអាយ អិុនសួរេន ម. ក ដើម្បីផ្តល់នូវបទពិសោធកាន់តែមានប្រសិទ្ធភាព សន្សំសំចៃ និងងាយស្រួលប្រើសម្រាប់អតិថិជនទាំងអស់។ ជាលទ្ធផលចុងក្រោយ វានឹងរួមចំណែកជាវិជ្ជមានដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា និងសហគមន៍របស់ខ្លួន។
អំពី ធនាគារ ហត្ថា
ធនាគារ ហត្ថា ជាធនាគារពាណិជ្ជដែលមានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាអស់រយៈកាល៣០ឆ្នាំមកហើយ ផ្តល់ជូនសេវាហិរញ្ញវត្ថុយ៉ាងទូលំទូលាយដល់អតិថិជនរបស់ខ្លួន។ គិតត្រឹមដំណាច់ឆ្នាំ២០២៣ ធនាគារ ហត្ថា កំពុងកាន់កាប់តំណែងជាធនាគារពាណិជ្ជធំជាងគេលំដាប់ទី៤ផ្អែកលើការិយាល័យប្រតិបត្តិការរបស់ខ្លួន។ ធនាគារ ហត្ថា ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ធនាគារ ក្រុងស្រ៊ី ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំបំផុតលំដាប់ទី៥ នៅក្នុងព្រះរាជាណាចក្រថៃឡង់ដ៍ ដែលមានអាយុកាលអាជីវកម្មជាង ៧៨ឆ្នាំ។ ធនាគារ ក្រុងស៊្រី ជាសមាជិកយុទ្ធសាស្ត្រនៃសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ MUFG Financial Group ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេនៅក្នុងប្រទេសជប៉ុន និងធំបំផុតមួយនៅក្នុងពិភពលោក។
សូមបញ្ជាក់ថាធនាគារ ហត្ថា បានទទួលការវាយតម្លៃជាស្ថាប័នមានស្ថិរភាពហិរញ្ញវត្ថុរឹងមាំ តាមរយៈការរក្សាបាននូវចំណាត់ថ្នាក់ BBB+ អស់រយៈពេល០៦ឆ្នាំ ជាប់គ្នា ពីក្រុមហ៊ុន TRIS Rating ដែលចំណាត់ថ្នាក់នេះសបញ្ជាក់ឱ្យឃើញថា ធនាគារ ហត្ថា មានដំណើរការមុខជំនួញរបស់ខ្លួនប្រកបដោយស្ថិរភាព និងឈរជើងឈានមុខគេនៅក្នុងទីផ្សារហិរញ្ញវត្ថុកម្ពុជា។ បន្ថែមជាងនេះទៀត ធនាគារ ហត្ថា ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ធនាគារ ក្រុងស្រ៊ី ដែលជាភាគទុនិករបស់ខ្លួន ដែលរួមចំណែកជំរុញឱ្យធនាគារ ហត្ថា មានធនធានគ្រប់គ្រាន់ និងមានភាពរឹងមាំយ៉ាងខ្លាំងផ្នែកហិរញ្ញវត្ថុ ក្នុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួន។
អំពី លី ហួរ អេស ប៊ី អាយ អ៊ិនសួរេន
លី ហួរ អេស ប៊ី អាយ អ៊ិន (LHSBI) គឺជាបុត្រសម្ព័ន្ធមួយនៃក្រុមហ៊ុន លី ហួរ គ្រុប ក្នុងវិស័យហិរញ្ញវត្ថុកម្ពុជា។ លី ហួរ អ៊ិនសួរេន ម.ក ដែលក្រោយមកបានប្តូរនាមករណ៍ជា លី ហួរ អេស ប៊ី អាយ អ៊ិន ដែលកើតចេញពីការរួមបញ្ចូលគ្នានៃ លី ហួរ អ៊ិនសួរេន ម.ក និងក្រុមហ៊ុនជប៉ុន SBI Holdings, Inc. ត្រូវបានបង្កើតឡើងជាក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត ក្រោមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ចុះបញ្ជីលេខ ០០០២៧៤១៥ ចុះថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ ដែលត្រូវបានទទួលស្គាល់ថាជាក្រុមហ៊ុន ផ្តល់ជូននូវដំណោះស្រាយធានារ៉ាប់រងដ៏ទូលំទូលាយ។ ក្រុមហ៊ុនបានកសាងកេរ្តិ៍ឈ្មោះដ៏រឹងមាំសម្រាប់ភាពជឿជាក់ និងការយកចិត្តទុកដាក់ចំពោះការពេញចិត្តរបស់អតិថិជន ទទួលបានទំនុកចិត្ត និងការគោរពពីអតិថិជនរបស់ខ្លួន។
ក្រុមហ៊ុន លី ហួរ អេស ប៊ី អាយ អ៊ិនសួរេន គឺជាការរួមបញ្ចូលគ្នានូវកម្លាំង និងគុណតម្លៃរបស់ក្រុមហ៊ុន លី ហួរ គ្រុប និង ក្រុមហ៊ុន SBI Holdings, Inc. ដើម្បីពង្រឹងវិស័យធានារ៉ាប់រង និងបង្កើននូវបទពិសោធន៍ថ្មីជូនដល់អតិថិជន ព្រមទាំងនាំមកនូវយុទ្ធសាស្រ្តសមាហរណកម្ម ដើម្បីធានាបាននូវការផ្លាស់ប្តូរមួយប្រកបដោយភាពរលូននៃសេវាកម្ម និងបទពិសោធន៍ថ្មីជូនអតិថិជនឱ្យកាន់តែប្រសើរឡើង។ ការប្តេជ្ញាចិត្ត ភាពជឿជាក់ និងក្រមសីលធម៌ដែលផ្តោតលើអតិថិជនដោយស្មើភាពដែលដៃគូរអាជីវកម្ម និងអតិថិជនធ្លាប់ស្គាល់និងទទួលបានពី លី ហួរ អ៊ិនសួរេន ម.ក ឥឡូវនេះត្រូវបានបង្កើនសមត្ថភាពរួមបញ្ចូលគ្នារជា ក្រុមហ៊ុន លី ហួរ អេស ប៊ី អាយ អ៊ិនសួរេន ។
ក្រុមហ៊ុន លី ហួរ អេស ប៊ី អាយ អ៊ិនសួរេន ប្ដេជ្ញាក្នុងការរក្សានូវស្តង់ដារវិជ្ជាជីវៈលំដាប់កំពូល សុចរិតភាព និងផ្តោតលើអតិថិជនប្រកបការយកចិត្តទុកដាក់ សង្កត់ធ្ងន់លើការផ្តល់ដំណោះស្រាយ និងសេវាកម្មធានារ៉ាប់រង។