
កិច្ចប្រជុំនេះ មានគោលបំណងត្រួតពិនិត្យលើវឌ្ឍនភាពការងាររបស់ទីស្តីការគណៈរដ្ឋមន្រ្តីក្នុងរយៈពេល ៩ ខែកន្លងមក និងដើម្បីបន្តផ្តល់នូវដំណោះស្រាយដ៏សមស្រប ចំពោះសំណូមពរ និងបញ្ហាប្រឈមផ្សេងៗ របស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ក្នុងការបំពេញការងារ ព្រមទាំងដើម្បីតម្រង់ទិសដៅអាទិភាពការងារ សំដៅពង្រឹង និងលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងសមិទ្ធកម្មការងាររបស់ទីស្តីការគណៈរដ្ឋមន្រ្តីឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ក្នុងនាមជាសេនាធិការរបស់នាយករដ្ឋមន្រ្តី និងគណៈរដ្ឋមន្រ្តី។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងក្នុងការបំពេញការងាររបស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់នៃទីស្តីការគណៈរដ្ឋមន្រ្តី ក្នុងរយៈពេល ៩ ខែកន្លងមក ស្របតាមតួនាទី និងភារកិច្ចរបស់ខ្លួន។ ជាក់ស្តែង ប្រព័ន្ធនៃការបំពេញការងារកាន់តែប្រសើរឡើង ពិសេសការពិនិត្យ និងផ្តល់យោបល់លើឯកសារផ្សេងៗ កាន់តែមានគុណភាព និងមានល្បឿនកាន់តែលឿនជាងមុន ទោះបីនៅមានចំណុចមួយចំនួនទៀតដែលត្រូវបន្តកែលំអបន្ថែមក្តី។ ឯកឧត្តមបានគូសបញ្ជាក់ថា ជារួមបាននិងកំពុងស្ថិតក្នុងចលនការនៃដំណើរឆ្ពោះទៅរកគុណភាព និងប្រសិទ្ធភាពខ្ពស់ ស្របតាមស្មារតីកំណែទម្រង់ដើម្បីប្រសិទ្ធភាពការងាររបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការបានបន្តថា កន្លងមក ដើម្បីផ្តល់នូវបរិយាកាសនៃការបំពេញការងារឱ្យកាន់តែល្អប្រសើរ និងមានផលិតភាពកាន់តែខ្ពស់ យើងបានខិតខំដោះស្រាយនូវការផ្គត់ផ្គង់សម្ភារៈ និងការបំពាក់ផ្សេងៗស្រមតាមលទ្ធភាពនៃថវិកា ដូចជាការជួសជុលកែលំអ និងការរៀបចំប្រព័ន្ធអ៊ីនធឺណិតល្បឿនលឿនជាដើម ។ ទន្ទឹមនេះ ក្រៅពីការគិតគូរនិងផ្តល់នូវការលើកទឹកចិត្តមិនមែនហិរញ្ញវត្ថុ, ទីស្តីការគណៈរដ្ឋមន្រ្តី ក៏បានរៀបចំ និងកំពុងដាក់ឱ្យអនុវត្តនូវប្រព័ន្ធនៃការលើកទឹកចិត្ត ដោយផ្អែកលើរបាយការណ៍ព័ត៌មានសមិទ្ធកម្ម (Performance Informed Report) ចំពោះមន្រ្តីរាជការនៃទីស្តីការគណៈរដ្ឋមន្រ្តី ដើម្បីពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័ន តាមរយៈការលើកកម្ពស់គុណភាពការងារ និងរបៀបរបបការងារ ប្រកបដោយវិន័យ សីលធម៌ វិជ្ជាជីវៈ ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការបានសង្កត់ធ្ងន់ថា ដើម្បីបំពេញការងារប្រកបដោយប្រសិទ្ធភាព ពិសេសការបំពេញមុខងារស្នូល និងយុទ្ធសាស្រ្តគន្លឹះ ចាំបាច់ត្រូវមានការលើកទឹកចិត្ត ក្នុងកម្រិតមួយសមស្រប។ ប៉ុន្តែ ការផ្តល់នូវការលើកទឹកចិត្ត ចាំបាច់ត្រូវផ្សារភ្ជាប់ជាមួយនឹងសមិទ្ធកម្មការងារ ព្រោះថាការលើកទឹកចិត្ត ដោយមិនមានសមិទ្ធកម្មការងារ គឺមិនអាចធានាបាននូវប្រសិទ្ធភាព និងនិរន្តរភាពនោះទេ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានលើកឡើងថា យើងបានធ្វើកិច្ចការជាច្រើនទៀត ដោយរួមទាំងការរៀបចំពង្រឹងប្រព័ន្ធការងារ និងការកសាងសមត្ថភាពផងដែរ ពិសេសលើមុខងារស្នូលមួយចំនួន ដោយផ្សារភ្ជាប់នឹងការធ្វើបរិវត្តកម្មឌីជីថល។ ទន្ទឹមនេះ ទីស្តីការគណៈរដ្ឋមន្រ្តីក៏កំពុងរៀបចំអនុក្រឹត្យស្តីពីការរៀបចំនិងប្រព្រឹត្តទៅរបស់ខ្លួនឡើងវិញ ដោយឈរលើគោលការណ៍ពង្រឹង និងរៀបចំផ្ទះរបស់ខ្លួនឱ្យរៀបរយ ស្របតាមបរិការណ៍ថ្មី ដើម្បីពង្រឹងប្រសិទ្ធភាពការងារ សុខដុមនីយកម្ម និងនិរន្តរភាពស្ថាប័ន។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ក៏បានធ្វើការចែករំលែកជូនដល់ថ្នាក់ដឹកនាំនៃទីស្តីការគណៈរដ្ឋមន្រ្តីបានជ្រាបផងដែរ អំពីលទ្ធផលនៃការបំពេញទស្សនកិច្ចការងារទៅកាន់ប្រទេសអូស្រ្តាលី និងប្រទេសបារាំងនាពេលថ្មីៗនេះ ពិសេសពាក់ព័ន្ធនឹងរចនាសម្ព័ន្ធ, តួនាទីភារកិច្ច, ប្រព័ន្ធការងារ, ការរៀបចំកិច្ចដំណើរការគណៈរដ្ឋមន្រ្តីនិងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី និងការពិនិត្យផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ គោលនយោបាយ និងឯកសារផ្សេងៗ របស់ក្រសួងទទួលបន្ទុកកិច្ចការនាយករដ្ឋមន្រ្តី និងគណៈរដ្ឋមន្រ្តីរបស់អូស្ត្រាលី និងអគ្គលេខាធិការដ្ឋានរដ្ឋាភិបាល និងក្រុមប្រឹក្សារដ្ឋរបស់ប្រទេសបារាំង។ ពិតណាស់ យើងមិនអាចចម្លងពីបរទេសទេ ប៉ុន្តែយើងអាចធ្វើការសិក្សាប្រៀបធៀប និងអាចដកស្រង់ពិសោធន៍ និងការអនុវត្តល្អៗ (Best practices) មួយចំនួន ដើម្បីធ្វើជាធាតុចូលក្នុងការរៀបចំវិភាគមុខងារ និងរចនាសម្ព័ន្ធឡើងវិញឱ្យសមស្រប ព្រមទាំងរៀបចំប្រព័ន្ធការងារឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីធ្វើឱ្យទីស្តីការគណៈរដ្ឋមន្រ្តីក្លាយជាស្ថាប័នមានសមត្ថភាព, វិជ្ជាជីវៈ និងក្រមសីលធម៌ ក្នុងការបំពេញការងារប្រកបដោយគុណភាព, ប្រសិទ្ធភាព និងនិរន្តរភាព ក្នុងនាមជាសេនាធិការរបស់នាយករដ្ឋមន្រ្តី និងគណៈរដ្ឋមន្រ្តី។

នៅក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ក៏បានផ្តល់ការណែនាំមួយចំនួនដល់ថ្នាក់ដឹកនាំទីស្តីការគណៈរដ្ឋមន្រ្តី អំពីទិសដៅអាទិភាពការងារ, ការរៀបចំប្រព័ន្ធការងារ, ភាពជាអ្នកដឹកនាំ, ការបណ្តុះបណ្តាលកសាងសមត្ថភាព និងគុណតម្លៃស្នូលរបស់ទីស្តីការគណៈរដ្ឋមន្រ្តី ព្រមទាំងបានលើកទឹកចិត្តឱ្យបន្តបង្កើនសមត្ថភាពការងារជាប់ជាប្រចាំ សំដៅផ្តល់ការគាំទ្រដល់បេសកកម្មដ៏ឧត្តុង្គឧត្តមនិងជាប្រវត្តិសាស្រ្តរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ឱ្យសម្រេចបានជោគជ័យ។








